មនុស្ស​រាប់​សែន​​នាក់​ចូលរួម​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ

ដោយ ថា កិត្យា
2016-07-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទិដ្ឋភាព​នៃ​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។
ទិដ្ឋភាព​នៃ​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

សព​លោក​បណ្ឌិត កែម ឡី បាន​ដង្ហែ​ដល់​ភូមិ​កំណើត​លោក​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​កក្កដា ក្រោយ​ពី​ចំណាយ​ពេល​វេលា​ដង្ហែ​ក្បួន​ជាង ១០​ម៉ោង នៅ​លើ​ដង​ផ្លូវ​ជាង ៨០​គីឡូម៉ែត្រ។ ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី អម​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ២​លាន​នាក់​មក​ពី​គ្រប់​ទិសទី​មក​ពី​តំបន់​ជនបទ និង​ទីក្រុង។

ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី បាន​ចាក​ចេញ​ពី​វត្ត​ចាស់ រាជធានី​ភ្នំពេញ​យ៉ាង​សន្សឹមៗ​ចាប់​តាំង​ពី​ម៉ោង ៧​ព្រឹក ឆ្ពោះ​ទៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​ជា​ស្រុក​កំណើត​របស់​លោក​អម​ដោយ​អ្នក​ដង្ហែ​ថ្មើរ​ជើង អ្នក​ខ្លះ​មាន​លទ្ធភាព​ដង្ហែ​តាម​រថយន្ត និង​ម៉ូតូ ជាដើម។

ទាំង​គណៈកម្មការ​បុណ្យ​សព ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អះអាង​ដូច​គ្នា​ថា អ្នក​ដែល​បាន​ចូលរួម​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​នា​ឱកាស​ចុង​ក្រោយ​នេះ​មាន​ប្រមាណ​ចន្លោះ​ពី​ជាង ១​លាន​កន្លះ​នាក់​ទៅ ២​លាន​នាក់ និង​ប្រវែង​ក្បួន​ប្រមាណ ៣០​គីឡូម៉ែត្រ។

អ្នក​ចូលរួម​ដង្ហែ​សព​មាន​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង កម្មករ អាជីវករ កសិករ ជន​ពិការ សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទៅ ដោយ​អ្នក​ខ្លះ​ពាក់​អាវ​យឺត​ដែល​មាន​រូបថត​លោក កែម ឡី ហើយ​ចារ​អក្សរ​ថា ជូត​ទឹក​ភ្នែក​របស់​អ្នក រួច​បន្ត​ដំណើរ​ទៅ​មុខ និង​វីរបុរស កែម ឡី ជាដើម។ រីឯ​អ្នក​ខ្លះ​ទៀត​កាន់​រូបថត​សព​លោក កែម ឡី ពាក់​បូ​កាន់​ទុក្ខ ព្រម​ទាំង​កាន់​ទង់​ជាតិ និង​ទង់​សាសនា។

អ្នក​ចូលរួម​សុទ្ធតែ​បង្ហាញ​ក្តី​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់​ពេក រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន«សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត បាន​ទៅ​កាន់​សុគតិភព។ គាត់​ជា​វីរបុរស​ស្នេហា​ជាតិ។ សូម​បង​ប្អូន​ទាំងអស់​នាំ​គ្នា​ក្រោក​ឡើង។ សូម​ជូត​ទាំង​ភ្នែក រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»

ក្រៅ​តែ​ពី​បង្ហាញ​ក្តី​គោរព​ស្រឡាញ់ និង​សោកស្ដាយ​នោះ ប្រជាពលរដ្ឋ​ដែល​ឋិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ​ហាក់​ដូចជា​មិន​ខ្លាច​នឿយ​ហត់ ក៏​បាន​ស្រែក​រក​យុត្តិធម៌​ជូន​វីរបុរស​របស់​ពួក​គាត់«ដើម្បី​បញ្ជាក់​ថា​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង ខ្ញុំ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​គ្រប់​គ្នា។ សូម​ឲ្យ​អង្គការ​អន្តរជាតិ​ជួយ​ស្រាវជ្រាវ​រឿង​លោក កែម ឡី ព្រោះ​ស្រុក​ខ្មែរ​មិន​អាច​ស្រាវជ្រាវ​បាន​ទេ»

ពិធី​ដង្ហែ​សព​ចែក​ជា ១១​ផែន ដោយ​ជួរ​នាំ​មុខ​ព្រះសង្ឃ​អភិធម្ម បន្ត​ដោយ​ជួរ​អាចារ្យ និង​ក្រុម​គ្រួសារ​សព ផែន​ទី​៤ ជា​ផែន​ក្រុម​ភ្លេង។ រីឯ​រថយន្ត​គ្រោង​ផ្កា​ភ្ញី និង​រូបថត ឋិត​នៅ​ផែន​ទី​៥ រថយន្ត​ដឹក​ព្រះសង្ឃ នៅ​ផែន​ទី​៦ និង​ជួរ​ទី​៧ ជា​រថយន្ត​ដឹក​សព។ ចំណែក​ចុង​ក្រោយ គឺ​ជា​ផែន​ក្រុម​យុវជន ក្រុម​អ្នក​មុខ​អ្នក​ងារ ក្រុម​សង្គម​ស៊ីវិល មន្ត្រី​រាជការ និង​មហាជន​ទូទៅ​ដែល​បាន​ចូលរួម។

ចំណែក​អ្នក​ខ្លះ​ទៀត​មិន​បាន​ជូន​ដំណើរ​ទៅ​ដល់​ស្រុក​កំណើត​ដោយសារ​រវល់ និង​មិន​មាន​លទ្ធភាព​ក្តី ក៏​ពួក​គាត់​ឈរ​តម្រង់​ជួរ​គ្នា​ជូន​ដំណើរ​យ៉ាង​កកកុញ​នៅ​តាម​ផ្លូវ និង​ចែក​ជូន​នូវ​ម្ហូប​អាហារ និង​ទឹក ព្រម​ទាំង​សាំង​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។ ពួក​គេ​សម្ដែង​ការ​គោរព និង​លើក​ដៃ​ជូន​ដំណើរ ព្រម​ទាំង​បួង​សួង​ឲ្យ​ដួង​វិញ្ញាណ​លោក​បណ្ឌិត កែម ឡី បាន​ទៅ​ដល់​សុគតិភព«ស្ដាយ​ណាស់! ខ្ញុំ​ធ្វើ​ដំណើរ​តាំង​ពី​វត្ត​ចាស់ ហើយ​មក​ដល់​ត្រឹម​ចោមចៅ ហ្នឹង ខ្ញុំ​អត់​លទ្ធភាព អត់​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​កំណើត​របស់​គាត់។ ដូច្នេះ​បាន​ជូន​ដំណើរ​ត្រឹម​ហ្នឹង»

នៅ​តាម​ដង​ផ្លូវ សមត្ថកិច្ច​រាប់​សិប​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​សម្រួល​ចរាចរណ៍ និង​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​នៅ​ជិត​វិមាន​សន្តិភាព​ជា​កន្លែង​របស់​នាយក​រដ្ឋមន្ត្រី​ធ្វើ​ការ គេ​សង្កេត​ឃើញ​ថា​មាន​រថយន្ត​ដែល​មាន​របាំង​ដែក​ដាក់​ត្រៀម​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង។

ទន្ទឹម​ការ​រឹត​បន្តឹង​សន្តិសុខ​នេះ ស្ថានីយ​ប្រេង​ឥន្ធនៈ និង​អាជីវកម្ម​លក់​ហ្គាស៍​ទាំងអស់​នៅ​តាម​ដង​ផ្លូវ​ដែល​ក្បួន​ហែ​សព​ឆ្លង​កាត់ ត្រូវ​បាន​សាលា​ក្រុង​ឲ្យ​ផ្អាក​សកម្មភាព​លក់​ដូរ​មួយ​ថ្ងៃ ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ។

ទោះ​បី​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​អាក់អន់​ចិត្ត​ចំពោះ​ការ​បិទ​ស្ថានីយ​ប្រេង​ឥន្ធនៈ​នេះ ដោយ​យល់​ថា​ប្រហែល​ជា​អាជ្ញាធរ​ចង់​បង្ក​ផល​វិបាក​ដល់​ពួក​គាត់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ សព​របស់​លោក​បណ្ឌិត កែម ឡី បាន​ដង្ហែ​ទៅ​ដល់​ភូមិ​កំណើត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​ជិត ៦​ល្ងាច​ក្រោយ​ពី​ចំណាយ​ពេល​វេលា​ដង្ហែ​ក្បួន​ជាង ១០​ម៉ោង​នៅ​លើ​ដង​ផ្លូវ​ជាង ៨០​គីឡូម៉ែត្រ។ ពលរដ្ឋ​ខេត្ត​តាកែវ គ្រប់​វ័យ បាន​អះអាង​ថា មួយ​ជីវិត​គាត់​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ឃើញ​ការ​ដង្ហែ​សព​អ្នក​ខេត្ត​តាកែវ ដែល​មាន​អ្នក​ចូលរួម​ច្រើន។

សព​បណ្ឌិត កែម ឡី នឹង​ត្រូវ​ពន្យារ​បញ្ចុះ ដោយ​ត្រូវ​តម្កល់​ទុក​នៅ​ស្រុក​កំណើត​លោក​នា​ខេត្ត​តាកែវ បន្ត​ទៀត ដោយ​មិន​ទាន់​សម្រេច​ថា​នឹង​បញ្ចុះ​នៅ​ថ្ងៃ​ណា​នោះ​ទេ។

ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យ នឹង​បន្ត​ពិគ្រោះ​គ្នា​ថា តើ​នឹង​បញ្ចុះ​ថ្ងៃ​ណា​ដោយ​យោង​ទៅ​គុណភាព​សព​អាច​នឹង​រក្សា​ទុក​បាន​យូរ​ប៉ុនណា​ទៀត។

ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ-ស្រុក​របស់​បណ្ឌិត កែម ឡី រួម​នឹង​ពលរដ្ឋ​មក​ពី​ខេត្ត​ដទៃ​ទៀត​មួយ​ចំនួន​ដែល​កំពុង​រង់ចាំ​ទទួល​សព​លោក​នៅ​គេហដ្ឋាន​នា​ខេត្ត​តាកែវ នោះ អ្នក​ខ្លះ​ស្នើ​ចង់​ឲ្យ​មាន​ការ​រក្សា​ទុក​សព​លោក កែម ឡី ជា​រៀង​រហូត គ្រាន់​ឲ្យ​ពួក​គេ​បាន​មក​ឃើញ​មុខ​ដូច​សព​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ដែល​បច្ចុប្បន្ន​សព​លោក​ត្រូវ​បាន​តម្កល់​នៅ​វត្ត​ក្បែរ​ភ្នំ​ព្រះរាជ​ទ្រព្យ (ភ្នំ​ឧត្ដុង្គ) ដូច្នោះ​ដែរ។

សព​លោក កែម ឡី បាន​តម្កល់​នៅ​ក្នុង​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ចំនួន ១៥​ថ្ងៃ​ហើយ ក្រោយ​ពី​ឃាតក​បាញ់​សម្លាប់​លោក​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា មក។

ពលរដ្ឋ​ដែល​បាន​ចូលរួម​ហែ​ក្បួន​នេះ សារសំខាន់​ដែល​ពលរដ្ឋ​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​នោះ គឺ​ពួក​គេ​ខ្លះ​បាន​ស្រែក​ទាមទារ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​ឲ្យ​សាធារណជន​បាន​ឃើញ និង​ខ្លះ​ទៀត​ទាមទារ​ឲ្យ​ធ្វើ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ​ជា​និមិត្តរូប​វីរបុរស​ខ្មែរ​នៅ​សតវត្ស​ទី​២១ នេះ និង​ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ដឹង​បាន​ស្គាល់​ពី​ការ​តស៊ូ​ក្នុង​ឆាក​ជីវិត​របស់​លោក​ជា​អ្នក​ស្រាវជ្រាវ និង​វិភាគ​នយោបាយ និង​បញ្ហា​សង្គម​ឥត​សំចៃ​មាត់​នៅ​សម័យ​នេះ៕

សូម​ទស្សនា​វីដេអូ​នៃ​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមវិញ្ញាណក្ខន្ធលោកបានស្ងប់ចុះ នៅពេលនេះឈាមដែលហូរចេញ​ពីបេះដូងលោកបណ្ឌិតបានធ្វើឲ្យអ្នកស្នេហាជាតិមាតុភូមិនិងប្រជាជនកាន់តែច្រើនឡើងហើយ និងឈាមដែលហូរចេញពីខួរលោក​បណ្ឌិត​បានធ្វើឲ្យខ្មែរចេះគិតចេះស្រលាញ់និងស្វែករកសុខសន្តិភាពពិតហើយដែលសូម្បីតែមន្ត្រីរាជ្យការក៏ស្វាងពីស្រវឹងដែរ ថារបបដែលខ្លួនគាំទ្រ​នេះគឺមិនខុសពីកាលពីអាពតឡើយ អ្នកចេះកាន់តែច្រើនពួកវាកាន់​តែពិបាករស់ ពិបាកក្នុងការលេបទឹកដីខ្មែរ​ ចុះអាជួបសម្លាប់និងមេ​ខ្លោងអ្នកឯង​​មានអារម្មណ៌យ៉ាងណាដែរពេលនេះ គិតយក​បណ្ឌិត​ៗ​ប៉ុន្មាន​នាក់ទៀតមើលទៅ?

Jul 24, 2016 09:58 PM

ហានិភ័យ

ពី តាកែវ

វត្តមានរបស់ប្រជាជនខ្មែររាប់លាននាក់ គឺជាសារព្រមានទៅជនផ្តាច់ការ
ថា ប្រជាជនខ្មែរស្អប់ខ្ពើមជាទីបំផុត និងលែងត្រូការហើយ នូវរបបបាតដៃឃាតករ ប្រឡាក់ឈាម។

Jul 24, 2016 06:45 PM

អ្នក​អាន​អនាមិក

សូមអំពាវនាវដល់បងប្អូនខ្មែរដែលជាអ្នកស្រឡាញ់ជាតិរបស់ខ្លួន
មេត្តាស្តាប់វិទ្យុអាសីសេរីត្រង់របាយការណ៍នៃការកាន់អំណាច
របស់លោកហុនសែនរយៈពេល៣០ឆ្នាំដែលមានរូបហុនសែន
ហាមាត់និយាយហើយលើកដៃចង្អុលយល់ច្បាស់ហើយច្រើនដងផងនោៈអ្នកនិងរកការពិតឃើញ។

Jul 24, 2016 05:18 PM

អ្នក​អាន​អនាមិក

Hope that his death and spirit will inspire and give births to another hundred new young Kem Ley for the future of Khmer society.

Jul 24, 2016 01:08 PM

អ្នក​អាន​អនាមិក

សូមគោរពនឺងនិយាយពាក្យថាលាហើយលាហើយលាហើយលោក
កែម​ឡីទាំងទឹកភ្នែករបស់ខ្ញិំដោយមិនដឹងខ្លួន
ខ្ញុំសូមវិញ្ញាណខ័ន្ធលោកនៅតែមកបន្តុះក្នុងខ្លួនកូនខ្មែរគ្រប់រូបដើម្បី
កំចាត់ពពួកក្បត់ជាតិពួកបិសាបយួនឲ្យវាលាយអស់ពីស្រុកខ្មែរចេញពី
ផែនដីដ៏ល្អរបស់មនុស្សលោកនេះ

Jul 24, 2016 12:04 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល