ភរិយា​អតីត​ជំទប់​ទី​២​ឃុំ​ជំពូវ័ន្ត​ខេត្ត​កំពត​ដែល​ស្លាប់​ថា​បាត់​ប្រាក់​ខែ​ប្ដី​ខែ​មិថុនា

លោកស្រី ថោង ស្រីន ភរិយា​របស់​អតីត​ជំទប់​ទី​២ ឃុំ​ជំពូវ័ន្ត នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ជុំគិរី ខេត្ត​កំពត រឿង​បាត់​ប្រាក់​ខែ​ប្ដី​របស់​គាត់​សម្រាប់​ខែ​មិថុនា។

លោកស្រី ថោង ស្រីន អះអាង​ថា ប្ដី​គាត់​ឈ្មោះ មិន អៀច ជាប់​ឆ្នោត​ជា​ជំទប់​បម្រើ​ការ​ក្នុង​ឃុំ​ជំពូវ័ន្ត ៣​អាណត្តិ​មក​ហើយ។ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៥ ប្ដី​គាត់​ស្លាប់ ប៉ុន្តែ​ប្រាក់​ខែ​ចំនួន ៣៥​ម៉ឺន​រៀល ស្មៀន​ឃុំ​ហៅ​គាត់​ទៅ​បើក​រាល់​ខែ។ គ្រាន់​តែ​បើក​យឺត ដូចជា​លុយ​សម្រាប់​ខែ​មករា បើក​ដល់​ខែ​មីនា។

លោកស្រី​ថា នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ស្មៀន​ឃុំ​ឈ្មោះ សី សៅម៉ាន កំណត់​ឲ្យ​គាត់​ទៅ​យក​ប្រាក់​ខែ​សព​ប្ដី​សម្រាប់​ខែ​មិថុនា។ នៅ​ពេល​គាត់​ទៅ​ដល់ ស្មៀន​ថា លុយ​ប្ដី​គាត់​មិន​មាន​ទៀត​ទេ ទើប​គាត់​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជុំគិរី ជួយ​អន្តរាគមន៍​រក​ប្រាក់​សម្រាប់​ខែ​មិថុនា៖ «ប្រាក់​ខែ​តា​ខ្ញុំ​ស្លាប់​ហ្នឹង នៅ​ខែ​៦ ហ្នឹង គេ​ឲ្យ ៣៥​ម៉ឺន​ក្នុង ១​ខែ។ ហើយ​ឥឡូវ ខ្ញុំ​ទៅ​យក​ព្រឹកមិញ ស្មៀន​គេ​ថា​តិចៗ​មក​យក​ប្រាក់​ខែៗ មនុស្ស​ងាប់​បាត់​ហើយ គេ​លែង​បើក​ឲ្យ​ហើយ ទៅ​ប្ដឹង​ឯណា​ប្ដឹង​ទៅ»

អះអាង​បន្ថែម​លើ លោកស្រី ថោង ស្រីន គឺ​លោក សិន ផានិត ចូល​ធ្វើ​ការ​ជំនួស លោក មិន អៀច ឲ្យ​ដឹង​ថា គាត់​ទើប​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ប៉ុន្តែ​ប្រាក់​ខែ​គាត់​បើក​បាន គឺ​សម្រាប់​ខែ​កក្កដា ទេ បើ​ខែ​មិថុនា គាត់​មិន​បាន​ទទួល​ឡើយ។

បំភ្លឺ​រឿង​លុយ​ខែ​មិថុនា នោះ ស្មៀន​ឃុំ​ជំពូវ័ន្ត លោក សី សៅម៉ាន ពន្យល់​ថា ប្រាក់​ខែ​មិថុនា របស់ លោក មិន អៀច ដែល​ស្លាប់ ត្រូវ​ប្រគល់​ឲ្យ​អ្នក​ថ្មី គឺ​លោក សិន ផានិត ប៉ុន្តែ​ឯកសារ​ប្ដូរ​ប្រាក់​ខែ​នោះ លោក​មិន​ទាន់​ធ្វើ​រួច ទើប​បើក​ជូន លោក សិន ផានិត តែ​លុយ​ខែ​កក្កដា សិន។

ពាក់ព័ន្ធ​បញ្ហា​នេះ ក្រុមប្រឹក្សា​ស្រុក​ជុំគិរី លោក សិន វណ្ណា ថ្លែង​ថា លោក​ឃ្លាំ​មើល​ប្រាក់​សម្រាប់​ខែ​មិថុនា របស់​តំណែង​ជំទប់​ទី​២ ដែល​ជំនួស លោក មិន អៀច នោះ។ ប្រសិន​បើ​មាន​អំពើ​ពុក​រលួយ ឬ​បាត់បង់​លុយ​នោះ លោក​នឹង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។