ស្ត្រីម្នាក់ត្រូវភ្លើងឆេះរលួយមួយកំណាត់ខ្លួន បន្ទាប់ពីយកសាំងមកស្រោចលើខ្លួន ហើយដុតបំណងសម្លាប់ខ្លួននៅថ្ងៃអង្គារ ទី៦ ខែឧសភា នៅក្នុងផ្ទះជនរងគ្រោះ ឋិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ចំណែកបុរសជាប្ដី ត្រូវភ្លើងឆេះរលួយដៃទាំងសងខាង ដោយសារព្យាយាមជួយសង្គ្រោះស្ត្រីជាប្រពន្ធ។
ស្ត្រីប៉ុនប៉ងសម្លាប់ខ្លួនមានឈ្មោះ អ៊ាង ធាង អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រីឯបុរសជាប្ដីមានឈ្មោះ សួន ដា អាយុ ៣១ឆ្នាំ។
អធិការប៉ូលិសក្រុងបានលុង លោក ឯម វុន បញ្ជាក់ថា មូលហេតុនាំឲ្យស្ត្រីចាក់សាំងដុតសម្លាប់ខ្លួន ដោយសារខឹងនឹងប្ដីផឹកស្រាមិនជួយការងារផ្ទះ៖ «សាំងបូមពីម៉ូតូជះដាក់ខ្លួនដុតតែម្តង ហ្នឹងហើយគេជួយប្ដីជួយអ្នកជិតខាងជួយយកស្ប្រៃយបាញ់ ជាពិសេសខ្ញុំហៅឡានពេទ្យដឹកទៅពេទ្យហើយ»។
ស្ត្រីជាប្រពន្ធមានរបួសធ្ងន់ធ្ងរ ចំណែកបុរសជាប្ដីមានរបួសស្រាល ត្រូវអ្នកជិតខាង និងក្រុមសមត្ថកិច្ច អន្តរាគមន៍ហៅរថយន្តសង្គ្រោះនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីកើតហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
