គ្រួសារ​នៅ​សៀមរាប​អះអាង​ថា​បាត់​ដំណឹង​កូន​ស្រី​ម្នាក់​ធ្វើ​ការ​នៅ​កាស៊ីណូ​ប្រទេស​ថៃ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​កំពុង​សង្ស័យ​ថា សាច់ញាតិ​របស់​គេ​ម្នាក់​ជា​ស្ត្រី​ដែល​ទៅ​ធ្វើ​ការ​កាស៊ីណូ​ឯ​ប្រទេស​ថៃ កំពុង​ទទួល​រង​ការ​ចាប់​ធ្វើ​ទារុណកម្ម​ពី​ជនជាតិ​ថៃ មួយ​ក្រុម។ ការ​សង្ស័យ​នោះ បន្ទាប់​ពី​អ្នក​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ ធ្លាប់​តែ​ទូរស័ព្ទ​ទាក់ទង​គ្នា​មិន​ដែល​ខាន ក៏ប៉ុន្តែ​ថ្មីៗ​បាត់​ដំណឹង​សូន្យ​ឈឹង។

ប្រជាពលរដ្ឋ​ខ្មែរ​១​គ្រួសារ​នៅ​ខេត្ត​សៀមរាប បាន​នាំ​គ្នា​ចាក​ចេញ​ពី​ប្រទេស​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ រយៈពេល ២​ថ្ងៃ​មក​ហើយ ដើម្បី​តាម​រក​សាច់ញាតិ​ម្នាក់​កំពុង​បាត់​ខ្លួន ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់។

ការ​ឆ្លង​ដែន​តាម​រក​សាច់ញាតិ​នេះ បន្ទាប់​ពី​គេ​បាន​ទទួល​ដំណឹង​ថា មាន​អ្នក​ថត​រូបភាព​ស្ត្រី​ខ្មែរ​ម្នាក់​អាក្រាត​កាយ ហើយ​ត្រូវ​ជនជាតិ​ថៃ មួយ​ក្រុម​ចាប់​វាយ​ធ្វើ​បាប​មក​បង្ហាញ​ចែក​គ្នា​មើល នៅ​តំបន់​ព្រំដែន​ខ្មែរ-ថៃ នា​ទីក្រុង​ប៉ោយប៉ែត កាល​ពី​ពេល​ថ្មីៗ។

ស្ត្រី​ឈ្មោះ ថាប់ សុខណា គឺ​ជា​អ្នក​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប។ គាត់​បាន​មាន​ប្រសាសន៍​ថា គ្រួសារ​របស់​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ តាម​រក​ប្អូន​ស្រី​ម្នាក់​ឈ្មោះ ថាប់ ទីតា ហៅ ស្រីដែន អាយុ ៣៣​ឆ្នាំ ដែល​កំពុង​បាត់​ខ្លួន។ ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា កាល​ពី​មុន ប្អូន​ស្រី​របស់​គាត់​ធ្វើ​ការ​នៅ​កាស៊ីណូ ហូលីដេ ឯ​ក្រុង​ប៉ោយប៉ែត ក៏ប៉ុន្តែ​ជាង ២​ឆ្នាំ​មក​ហើយ មិត្តភក្ដិ​បាន​បបួល​នាង​ទៅ​ធ្វើ​ការ​នៅ​កាស៊ីណូ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ។

អ្នកស្រី សុខណា បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គឺ​ប្អូន​ស្រី​របស់​គាត់​តែង​ទូរស័ព្ទ​ទាក់ទង​មក​ក្រុម​គ្រួសារ​មិន​ដែល​ខាន ក៏ប៉ុន្តែ​រយៈពេល​ជាង ១​សប្ដាហ៍​មក​នេះ គឺ​បាត់​ដំណឹង​ឈឹង ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង៖ «រៀង​រាល់​ដង គឺ​យើង​តែង​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​អី​មក​ម្ដាយ​ខ្ញុំ តែ​មួយ​រយៈ​នេះ តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា មក គឺ​ចាប់​ផ្ដើម​ទូរស័ព្ទ​ទៅ​គាត់​ចូល ប៉ុន្តែ​អត់​មាន​អ្នក​ទទួល​ទេ។ បន្ទាប់​ពី​នោះ​មក ទូរ​ស័ព្ទ​ហ្នឹង គឺ​ហៅ​ឈប់​ចូល​រហូត​មក​ដល់​ឥឡូវ បាត់​គាត់​បណ្ដោយ អត់​ដឹង​ថា​គាត់​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា?»

ក្រុម​គ្រួសារ​នេះ ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ កន្លង​ទៅ មាន​ជនជាតិ​ខ្មែរ​ខ្លះ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​វិល​ត្រឡប់​មក​បោះ​ត្រា​ទិដ្ឋាការ​នៅ​ព្រំដែន បាន​បង្ហាញ​រូបថត​ស្រី​ខ្មែរ​ម្នាក់ ត្រូវ​ជនជាតិ​ថៃ ដោះ​សម្លៀកបំពាក់​ចេញ​អស់ ហើយ​វាយ​ធ្វើ​ទារុណកម្ម។ គ្រួសារ​ដដែល​បាន​អះអាង​ថា មាន​សាច់ញាតិ​របស់​គាត់​ម្នាក់​បាន​ឃើញ​រូបថត​នោះ​ដែរ ព្រម​ទាំង​ស្គាល់​ច្បាស់​ថា រូប​នោះ គឺ​ប្អូន​ស្រី​របស់​គាត់​ដែល​កំពុង​បាត់​ខ្លួន។

អ្នកស្រី ថាប់ គឹមលី ត្រូវ​ជា​ម្ដាយ​មីង​របស់​កម្មការិនី​ដែល​កំពុង​បាត់​ខ្លួន​នោះ ឱ្យ​ដឹង​ថា អ្នកស្រី​កំពុង​ស្នាក់​នៅ​ឯ​ក្រុង​បាងកក ប្រទេស​ថៃ រយៈពេល ២​ថ្ងៃ​មក​ហើយ ដើម្បី​តាម​រក​ក្មួយ​ស្រី។ អ្នកស្រី ថាប់ គឹមលី បាន​ឱ្យ​ដឹង​ថា គាត់​បាន​ទៅ​ដល់​កន្លែង​ដែល​ក្មួយ​ស្រី​ធ្លាប់​ធ្វើ​ការ​ឈ្មោះ មូបាន រួយ​រុងរឿង នៃ​ក្រុម​៣ ផ្លូវ​លេខ​៦៦ ក្នុង​ទីក្រុង​បាងកក នោះ​ហើយ ក៏ប៉ុន្តែ​មិន​បាន​រក​ឃើញ​ក្មួយ​ស្រី​ទេ៖ «ដែល​ខ្ញុំ​ទៅ​វា​រាង​ថ្ងៃ​ហើយ​ថ្ងៃ​នេះ ចង់​មើល​ឱ្យ​ឃើញ​សភាព​ថា​ខ្មែរ​ដែល​គេ​ទៅ​ធ្វើ​ការ​កន្លែង​ហ្នឹង គឺ​អត់​ឃើញ​មាន​តម្រុយ​អី​សោះ។ បើ​ខ្ញុំ​រាស្ត្រ​សាមញ្ញ​មិន​ដឹង​ទៅ​ស៊ើប​យ៉ាង​ម៉េច វា​ពិបាក»

អ្នកស្រី ថាប់ គឹមលី បាន​បញ្ជាក់​ថា គាត់​បាន​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ដើម្បី​សុំ​ឱ្យ​ជួយ​បញ្ហា​នេះ ក៏ប៉ុន្តែ​ស្ថានទូត​ខ្មែរ​បាន​ព្រងើយ​កន្តើយ ព្រម​ទាំង​ស្ដី​បន្ទោស​វិញ​ថា ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ដោយ​ខុស​ច្បាប់​ទៀត​ផង។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (Licadho) លោក សែម ចៅសុខ ដែល​ធ្លាប់​តែ​ជួយ​តាម​រក​កម្មករ​ខ្មែរ​បាត់​ខ្លួន បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​មាន​ដៃគូ​នៅ​ឯ​ប្រទេស​ថៃ ហើយ​ករណី​បាត់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ​នោះ បើ​មាន​អាស័យ​ដ្ឋាន​នៃ​កន្លែង​ធ្វើ​ការ​នោះ​ត្រឹមត្រូវ គឺ​ក្រុម​ការងារ​របស់​លោក​នឹង​ជួយ​ស្វែង​រក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។