យុវជន គង់ រ៉ៃយ៉ា បើក​បណ្ណាល័យ​ដាក់​ឈ្មោះ​បណ្ឌិត កែម ឡី ដើម្បីលើក​ទឹក​ចិត្ត​ឲ្យ​មាន​​ការ​អាន

ដោយ ថា កិត្យា
2017-07-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យុវជន គង់ រ៉ៃយ៉ា លើក​បង្ហាញ​សៀវភៅ​កម្រង​ទស្សនៈ​សង្គម និង​នយោបាយ​របស់​បណ្ឌិត កែម ឡី ក្នុង​ពេល​លោក​ផ្ដល់​សម្ភាសន៍​អំពី​ការ​បើក​បណ្ណាល័យ​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Cheu Sideth
យុវជន គង់ រ៉ៃយ៉ា លើក​បង្ហាញ​សៀវភៅ​កម្រង​ទស្សនៈ​សង្គម និង​នយោបាយ​របស់​បណ្ឌិត កែម ឡី ក្នុង​ពេល​លោក​ផ្ដល់​សម្ភាសន៍​អំពី​ការ​បើក​បណ្ណាល័យ​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth

យុវជន គង់ រ៉ៃយ៉ា ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ ដោយ​រង​ការ​ចោទ​ទាក់ទិន​នឹង​ការ​បង្ហោះ​សារ​បដិវត្តន៍​ពណ៌​លើ​ហ្វេសប៊ុក (Facebook) នោះ បាន​បើក​បណ្ណាល័យ​មួយ​ដាក់​ឈ្មោះ​ថា បណ្ណាល័យ​បណ្ឌិត កែម ឡី។ យុវជន កែម ឡី និយម​រូប​នេះ​អះអាង​ថា ការ​បើក​បណ្ណាល័យ​នេះ ដើម្បី​រម្លឹក​ពី​វីរភាព​បណ្ឌិត កែម ឡី និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​ការ​អាន​នៅ​កម្ពុជា។

បណ្ណាល័យ កែម ឡី នេះ បាន​បើក​ជា​ផ្លូវ​ការ​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៧ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​១២១ ផ្លូវ​លេខ​៥ ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​ទាក់ទាញ​ប្រិយមិត្ត​អ្នក​អាន​បាន​ច្រើន​ប៉ុន្មាន​ឡើយ។

ម្ចាស់​បណ្ណាល័យ​នេះ គឺ​យុវជន គង់ រ៉ៃយ៉ា ជា​អ្នក កែម ឡី និយម។ លោក​រៀបរាប់​ថា មូលហេតុ​ដែល​បង្កើត​បណ្ណាល័យ កែម ឡី នេះ​ឡើង ដើម្បី​រម្លឹក​នូវ​វីរភាព​លោក​បណ្ឌិត កែម ឡី និង​ដើម្បី​ជំរុញ​ការ​អាន​នៅ​កម្ពុជា៖ «សំខាន់​បំផុត​នោះ គឺ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោកគ្រូ កែម ឡី ដែល​គាត់​លះបង់​ទាំង​គ្រួសារ ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត និង​ប្រាជ្ញា​របស់​គាត់ ដើម្បី​បុព្វហេតុ​ប្រទេស​កម្ពុជា ដូច្នេះ​បង្កើត​បណ្ណាល័យ​នេះ ដើម្បី​ថែ​រក្សា​កេរ្តិ៍ឈ្មោះ​គាត់​រហូត និង​ចង់​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​មក​អាន​សៀវភៅ​នៅ​ទី​នេះ»

បណ្ណាល័យ កែម ឡី នេះ គឺ​ចែក​ចេញ​ជា​បី​បន្ទប់ គឺ​បន្ទប់​ទី​១ សម្រាប់​ដាក់​សៀវភៅ រី​ឯ​បន្ទប់​ទី​២ គឺ​កន្លែង​ដាក់​កុំព្យូទ័រ​សម្រាប់​ស្រាវជ្រាវ​ឯកសារ និង​បន្ទប់​ទី​៣ គឺ​ជា​បន្ទប់​សម្រាប់​ស្ដាប់​សំឡេង​វិភាគ​របស់​លោក​បណ្ឌិត កែម ឡី និង​អ្នក​វិភាគ​ល្បីៗ​មួយ​ចំនួន​ទៀត។ យុវជន គង់ រ៉ៃយ៉ា ថា បណ្ណាល័យ​នេះ​បើក​ចាប់​ពី​ម៉ោង ៧​កន្លះ​ព្រឹក រហូត​ដល់ ៥​ល្ងាច ជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​យក​ប្រាក់​កម្រៃ​ពី​ភ្ញៀវ​ឡើយ ដូច្នេះ​គេ​អាច​ចូល​ទៅ​អាន​បាន​ដោយ​សេរី​ដើម្បី​ក្រេបជញ្ជក់​យក​ចំណេះ​ដឹង៖ «សៀវភៅ​ដែល​យើង​មាន​នេះ គឺ​ផ្ដោត​ទៅ​លើ​សៀវភៅ​ប្រវត្តិសាស្ត្រ​សំខាន់ យើង​មាន​សៀវភៅ​ទស្សនវិជ្ជា សៀវភៅ​ចិត្តវិទ្យា សៀវភៅ​មុខ​ជំនួញ បុគ្គល​ល្បីៗ​ជុំវិញ​ពិភពលោក ការ​អប់រំ​ផ្លូវ​ចិត្ត យើង​មាន​សៀវភៅ​ធម៌ យើង​មាន​សៀវភៅ​អប់រំ​កុមារ និង​យើង​មាន​សៀវភៅ​វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​យើង ហើយ​យើង​ក៏​មាន​ឯកសារ​មួយ​ចំនួន​ដែល​យើង​ទទួល​បាន​ពី​ខាង​អង្គការ​សិទ្ធិមនុស្ស។ ទី​២ គឺ​យើង​មាន​កុំព្យូទ័រ​ចំនួន ៥​គ្រឿង ដែល​ភ្ជាប់​អ៊ីនធឺណិត ដើម្បី​ទុក​អោយ​អ្នក​ចង់​ធ្វើ​ការ​ស្រាវជ្រាវ។ ទី​​៣ គឺ​បន្ទាប់​ស្តាប់ ​​គឺ​យើង​ផ្តោត​ទៅ​​លើ​បទវិភាគ​ផ្សេងៗ​របស់​លោកគ្រូ កែម ឡី។ យើង​​ក៏​មាន​គម្រោង​ដាក់​ស្លាយ​បញ្ចាំង​វីដេអូ ឬ​រូបភាព​អំពី​ការ​រំលោភ​ដីធ្លី រំលោភ​សិទ្ធិមនុស្ស ការ​បាញ់​សម្លាប់ និង​ការ​បង្ក្រាប​បាតុកម្ម​ដែល​សាហាវៗ​ពី​សំណាក់​អាជ្ញាធរ»

ក្នុង​បណ្ណាល័យ​នេះ​ទើប​តែ​មាន​សៀវ​ពីរ​ក្បាល​ប៉ុណ្ណោះ​ដែល​ទាក់ទង​នឹង​លោក​បណ្ឌិត កែម ឡឺ គឺ​សៀវភៅ "អ្នក​រួត​វាំងនន​សង្គម" និង​សៀវភៅ "កម្រង​ទស្សន​សង្គម និង​នយោបាយ​របស់​បណ្ឌិត កែម ឡី" ដែល​ចងក្រង​ដោយ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ ចំណែក​សៀវភៅ "គ្រួធំ" និង​សៀវភៅ​ទាក់ទង​នឹង​លោក​បណ្ឌិត កែម ឡី មួយ​ចំនួន​ទៀត ខាង​ម្ចាស់​បណ្ណាល័យ កំពុង​តែ​ទាក់ទង​សុំ​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ។

បណ្ណាល័យ កែម ឡី ៨៥៥
បណ្ណាល័យ កែម ឡី ស្ថិត​នៅ​ផ្ទះ​លេខ​១២១ ផ្លូវ​លេខ​៥ ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៧។ RFA/Cheu Sideth RFA/Cheu Sideth

ទោះ​យ៉ាង​ណា​ក្ដី ម្ចាស់​បណ្ណាល័យ​រូប​នេះ​សម្ដែង​ការ​សោកស្ដាយ​ដែល​មក​ដល់​ពេល​នេះ បណ្ណាល័យ​របស់​លោក​នៅ​មិន​ទាន់​មាន​អ្នក​ចូល​អាន​ច្រើន​នៅ​ឡើយ ទោះបីជា​ខំ​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្ដី។ មិន​មែន​តែ​បណ្ណាល័យ កែម ឡី ទេ បណ្ណាល័យ​ផ្សេងៗ ក៏​ស្ងាត់​មិន​សូវ​មាន​អ្នក​ចូល​អាន​ដូច​គ្នា។ លោក​បន្ត​ថា បើ​ផ្អែក​លើ​ការ​ពិនិត្យ​ជាក់ស្ដែង​នោះ គឺ​អត្រា​នៃ​ការ​អាន​របស់​ជនជាតិ​ខ្មែរ​មាន​កម្រិត​ទាប​ណាស់ ខណៈ​ដែល​ជនជាតិ​បរទេស​មួយ​ចំនួន​ធំ​នៅ​តែ​ចូល​ចិត្ត​ការ​អាន។ កង្វះខាត​ឯកសារ ពុំ​សូវ​មាន​បណ្ណាល័យ​អាន​ច្រើន និង​ខ្វះ​ព័ត៌មាន​ឯករាជ្យ រួម​ទាំង​ភាព​ក្រីក្រ ​ក្រពះ​ស្រេក​ឃ្លាន អាច​ជា​ឧបសគ្គ​ចម្បង​ដែល​ជំរុញ​ឱ្យ​ជនជាតិ​ខ្មែរ​មិន​សូវ​ចូល​ចិត្ត​ចង់​អាន និង​ចង់​ដឹង៖ «រដ្ឋាភិបាល​គួរ​តែ​បង្កើត​ព្រឹត្តិការណ៍​នៃ​ការ​អាន​ឲ្យ​បាន​ច្រើន និង​បង្កើត​មធ្យោបាយ​ណា​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទៅ​ស្វែង​រក​សៀវភៅ​អាន។ ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​តែ​ពង្រឹង​បណ្ណាល័យ​នៅ​តាម​សាលា​អោយ​បាន​ច្រើន»

រីឯ​នាយិកា​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​បណ្ណាល័យ និង​ឯកសារ​វិទូ​កម្ពុជា អ្នកនាង ម៉ៅ កុលាប ថ្លែង​ថា ការ​អភិវឌ្ឍ​បណ្ណាល័យ​ឲ្យ​មាន​ឯកសារ​តម្កល់​សម្បូរ​បែប និង​មាន​ភាព​ទាក់ទាញ​អាច​រួម​ចំណែក​បណ្ដុះ​ទម្លាប់​អាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ អ្នកនាង ម៉ៅ កុលាប បន្ត​ថា នៅ​បណ្ដា​ប្រទេស​អ្នក​មាន គឺ​គេ​បណ្ដុះ​ទម្លាប់​ការ​អាន​តាំង​ពី​វ័យ​ទារក​មក​ម្ល៉េះ ហើយ​ប្រព័ន្ធ​អប់រំ​របស់​គេ​ទៀតសោត គឺ​ជំរុញ​ការ​អាន​ច្រើន​ខុស​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា៖ «នៅ​ស្រុក​ខ្មែរ​យើង ការ​អាន​ចំពោះ​ទារក គឺ​វា​ស្ទើរ​តែ​អត់​មាន​តែម្ដង រី​ឯ​សាលាមត្តេយ្យ​នៅ​មាន​ចំនួន​តិច ហើយ​សាលា​មត្តេយ្យ​មួយ​ចំនួន​ទៀត គឺ​គាត់​អត់​មាន​កម្មវិធី​សម្រាប់​ជំរុញ​ការ​អាន​ឡើយ។អ៊ីចឹង​ហើយ​ទើប​ធ្វើ​អោយ​ការ​អាន​នៅ​ស្រុក​ខ្មែរ​របស់​យើង​នៅ​មាន​កម្រិត។ ការ​អាន​នេះ មិន​មែន​ដោយសារ​តែ​ជនជាតិ​ខ្មែរ​យើង​ខ្ជិល ហើយ​ជនជាតិ​គេ​ឧស្សាហ៍​នោះ​ទេ តែ​ដោយសារ​គេ​មាន​ប្រព័ន្ធ គេ​មាន​បរិស្ថាន​ក្នុង​ការ​ជំរុញ បណ្ដុះ​គំនិត​អាន រី​ឯ​ស្រុក​ខ្មែរ​យើង​អត់​មាន បើ​ថា​មាន​ក៏​មាន​តិច​ដែរ»

អ្នកនាង ម៉ៅ កុលាប ជំរុញ​ឲ្យ​អាណាព្យាបាល រួម​ទាំង​សាលាមត្តេយ្យ ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន​រហូត​ដល់​សាលាបឋមសិក្សា និង​សាលា​វិទ្យាល័យ ត្រូវ​បង្កើត​បណ្ណាល័យ និង​បង្កើត​កម្មវិធី​អាន​ឲ្យ​បាន​ច្រើន​ចាប់​តាំង​ពី​ទារក ដើម្បី​ឲ្យ​ពួកគេ​មាន​ទម្លាប់​ក្នុង​ការ​អាន​ជាប់​រហូត។ អ្នក​ជំនាញ​រូប​នេះ លើក​ឡើង​ថា ការ​អាន​ច្រើន​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​ការ​គិត និង​ពិចារណា​បែប​ស៊ី​ជម្រៅ និង​អភិវឌ្ឍ​ការ​សរសេរ​ទៀត​ផង​ដែល​នាំ​ឲ្យ​ជោគជ័យ​ទាំង​ការ​សិក្សា និង​ការងារ។

ងាក​មក​និយាយ​អំពី​បណ្ណាល័យ កែម ឡី ដែល​បង្កើត​ឡើង​ដោយ​យុវជន​ គង់ រ៉ៃយ៉ា វិញ គឺ​គេ​អះអាង​ថា បណ្ណាល័យ​នេះ​គឺ​ជួល​ផ្ទះ​មួយ​ល្វែង​ដែល​ថ្លៃ​ឈ្នួល​ក្នុង​មួយ​ខែ ៥៣០​ដុល្លារ ដូច្នេះ​បើ​បូក​សរុប​ទាំង​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ផង គឺ​មិន​តិច​ជាង ១​ពាន់​ដុល្លារ​នោះ​ទេ សម្រាប់​ចំណាយ​ក្នុង ១​ខែ។ ទោះ​យ៉ាង​ណា លោក​ពេញ​ចិត្ត​ធ្វើ​កិច្ចការ​នេះ ដើម្បី​ចូលរួម​ជំរុញ​ការ​អាន​នៅ​កម្ពុជា៖ «ថវិកា​ដ៏​ច្រើន​សម្រាប់​ដំណើរការ​បណ្ណាល័យ​នេះ គឺ​បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស តែ​បើ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​បង​ប្អូន​ខ្មែរ ក៏​មិន​គ្រប់​ដែរ ហើយ​គាត់​ក៏​ប្រាប់​ថា មិន​អាច​ជួយ​បាន​រហូត​ឡើយ។ ដូច្នេះ​ខ្ញុំ​មាន​បំណង​លក់​អាវ​បណ្ឌិត កែម ឡី និង​ក្រមា​ខ្មែរ ព្រម​ទាំង​សម្ភារៈ​ផ្សេងៗ​ដែល​ផលិត​ដោយ​ស្នាដៃ​ខ្មែរ​យើង ដើម្បី​បាន​ចំណូល​ខ្លះ​គ្រាន់​ទប់ទល់​ការ​ចំណាយ»

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ក្នុង​ស្ដារម៉ាត (Star Mart) ជាប់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) កណ្ដាល​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​គ្រប់​ទិសទី ទួញ​សោកស្ដាយ​ស្រណោះ​ជា​ពន់ពេក ដោយ​ពួកគេ​ចាត់​ទុក​លោក​បណ្ឌិត កែម ឡី ជា​វីរជន​បញ្ចេញ​មតិ ឬ​វីរជន​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ជា​បុរស​សម្ដី​មាស។

ក្រោយ​មរណភាព​ទៅ អ្នក​ស្រឡាញ់​គាំទ្រ​លោក​បណ្ឌិត កែម ឡី ជា​ច្រើន បាន​ខិតខំ​រក្សា​គុណ​តម្លៃ ទស្សនវិស័យ និង​វីរភាព​របស់​លោក​អោយ​នៅ​រស់ និង​គង់វង្ស​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត ដូចជា​យុវជន គង់ រ៉ៃយ៉ា បាន​បង្កើត​បណ្ណាល័យ​ដាក់​ឈ្មោះ​បណ្ឌិត កែម ឡី ជា​ឧទាហរណ៍​ស្រាប់។ យុវជន​ខ្លះ​នាំ​គ្នា​ចងក្រង​សៀវភៅ​ទស្សនៈ​របស់​លោក​បណ្ឌិត កែម ឡី ហើយ​យុវជន​ខ្លះ​ទៀត ក៏​បន្ត​ធ្វើ​យុទ្ធនាការ ១០០​រាត្រី ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​លោក​បណ្ឌិត ដែល​កាល​នៅ​រស់​លោក​ធ្លាប់​ចុះ​តាម​ស្រុក ភូមិ តាម​កោះ តាម​សមុទ្រ ព្រំដែន និង​ក្នុង​ព្រៃ ដើម្បី​និយាយ​ស្ថានភាព​ពិត​ជាក់ស្ដែង​ប្រាប់​មហាជន និង​ចងក្រង​ជា​ឯកសារ​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល