យុវជន​ម្នាក់​ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​នៅ​ស្ទឹងមានជ័យ​ពិការ​មួយ​ជីវិត

ជាង​ពីរ​សប្ដាហ៍​ហើយ​ដែល​ក្រុម​គ្រួសារ​សព លោកស្រី អេង សុខុម ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល (SL) កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ។ ក្រៅ​ពី​ស្ត្រី​លក់​បាយ​រូប​នេះ នៅ​មាន​ពលរដ្ឋ​រង​របួស ៩​នាក់​ផ្សេង​ទៀត ក៏​នៅ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ដូច​គ្នា​ដែរ។
ដោយ ទេព សុរ៉ាវី
2013.11.27
ជន​រងគ្រោះ​នៅ​ស្ទឹងមានជ័យ ៦១០ ២៤-វិច្ឆិកា-២០១៣៖ លោកស្រី ហ៊ុន ឃន ម្តាយ​យុវជន ហឿន ចាន់ ដែល​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​បាតុករ​រោងចក្រ អែស.អិល (SL) កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ពិការ​អស់​មួយ​ជីវិត កំពុង​អង្គុយ​មើល​ថែ​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី។
RFA/Tep Soravy

ក្នុង​ចំណោម​អ្នក​របួស​ទាំង​នោះ យុវជន ហឿន ចាន់ មាន​របួស​ធ្ងន់​ជាង​គេ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ចង្កេះ​ខាង​ឆ្វេង ហើយ​ប៉ះ​ពាល់​ដល់​ខួរ​ឆ្អឹង​ខ្នង ជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​រូប​នោះ​ត្រូវ​ពិការ​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម​ជា​រៀង​រហូត។

ស្ថិត​ក្នុង​វ័យ ២៦​ឆ្នាំ ហឿន ចាន់ បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សកលវិទ្យាល័យ​ធនធាន​មនុស្ស ស្ទើរ​តែ​មិន​ជឿ​ទាល់​តែ​សោះ​ចំពោះ​អនាគត​ដែល​ក្លាយ​ជា​ជន​ពិការ ដោយ​គ្រាន់​តែ​គេ​ឈរ​មើល​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ។

ក្រុម​គ្រួសារ និង​សាច់ញាតិ​យុវជន ហឿន ចាន់ សម្រេច​យក​យុវជន​រូប​នេះ​ចេញ​ទៅ​ព្យាបាល​នៅ​បរទេស បន្ទាប់​ពី​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ប្រាប់​ថា អស់​សមត្ថភាព​ព្យាបាល និង​មិន​ឲ្យ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​យូរ​ទៀត ខ្លាច​ក្រែង​ឆ្លង​រោគ​ផ្សេងៗ ធ្វើ​ឲ្យ​របួស​រឹត​តែ​ធ្ងន់។

យុវជន ហឿន ចាន់ ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ពិការ​មួយ​កំណាត់​ក្រោម​ត្រឹម​ចង្កេះ​អស់​មួយ​ជីវិត ដោយសារ​តែ​គ្រាប់​កាំភ្លើង​ដែល​បៀម​ជាប់​ក្នុង​ពោះ ប៉ះ​ពាល់​ដល់​ខួរ​ឆ្អឹង។ គ្រូពេទ្យ​បាន​វះ​កាត់​យក​គ្រាប់​ចេញ​ដោយ​សុវត្ថិភាព ប៉ុន្តែ​មិន​អាច​សង្គ្រោះ​ជើង​ទាំង​គូ​របស់​គេ​ឲ្យ​ដើរ​ដូច​មុន​បាន​ទេ។

«សំឡេង»

យុវជន ហឿន ចាន់ ត្រូវ​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​សមត្ថកិច្ច និង​កម្មករ​រោងចក្រ អែស.អិល កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ។ មាន​ស្ត្រី​អ្នក​លក់​បាយ​ម្នាក់​បាន​ស្លាប់ និង​មាន​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស។

យុវជន​រូប​នោះ​នៅ​ចាំ​ថា មាន​មន្ត្រី​សមត្ថកិច្ច​ម្នាក់​ក្នុង​ចំណោម ៤ ឬ ៥​នាក់ ដែល​ទើប​រួច​ផុត​ពី​ការ​បង្ខាំង​ក្នុង​កុដិ​មួយ នៅ​វត្ត​ស្ទឹងមានជ័យ បាន​ចេញ​មក​បាញ់​បង្ហើរ​គ្រាប់​កាំភ្លើង​ពោរពាស​ទៅ​លើ​ពលរដ្ឋ និង​កម្មករ​ដែល​នៅ​ខាង​ក្រៅ។ ជើង​ទាំង​ពីរ​របស់ ហឿន ចាន់ បាន​ព្យាយាម​រត់​គេច​ពី​ការ​បាញ់​រះ​របស់​សមត្ថកិច្ច ហើយ​នោះ​ក៏​ជា​នាទី​ចុង​ក្រោយ​ដែរ​ដែល​ជើង​របស់​គេ​អាច​ទ្រ​សរីរាង្គ​បាន។ ដំបូង យឿន ចាន់ គិត​ថា ត្រូវ​គាប់​ចំពាម​ប៉ុណ្ណោះ ប៉ុន្តែ​ភ្លាមៗ បាន​ដួល​ប្រូស​ទៅ​លើ​ដី ហើយ​ស្ទុះ​ក្រោក​មិន​រួច ជើង​ទាំង​ពីរ​កម្រើក​លែង​បាន ហើយ​ចាប់​ផ្ដើម​ស្ពឹក។

សេចក្តី​ប្រាថ្នា​តែ​មួយ​គត់​ដែល ហឿន ចាន់ ចង់​បាន​នៅ​ពេល​នេះ គឺ​ឱកាស​អាច​ដើរ​ម្តង​ទៀត។

«សំឡេង»

សមត្ថកិច្ច​បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ស្លាប់​អ្នក​លក់​បាយ និង​ធ្វើ​ឲ្យ​មនុស្ស​របួស។ តែ​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ស្វែង​រក​ឃាតក​ពិត ចំពោះ​ករណី​បាញ់​ប្រហារ និង​បាន​ទម្លាក់​កំហុស​ទាំងអស់​ទៅ​លើ​ជន​ទី​៣។

យុវជន ហឿន ចាន់ បញ្ជាក់​ថា សមត្ថកិច្ច​ជា​អ្នក​បង្ក​ឲ្យ​មាន​ហិង្សា និង​បាន​ប្រើ​អាវុធ​បង្ក្រាប​លើ​ពលរដ្ឋ និង​ក្រុម​បាតុករ។

យ៉ាង​ណា រហូត​ដល់​ពេល​នេះ គណៈកម្មការ​ស៊ើប​អង្កេត​នោះ​នៅ​មិន​ទាន់​រក​មនុស្ស​ណា​ឲ្យ​មក​ទទួល​បន្ទុក​នេះ​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចាន់ថារិទ្ធិ បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍ ជុំវិញ​ដំណើរ​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៃ​ការ​រុក​រក​ឃាតក​ទេ។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា ចាត់​ទុក​ការ​បង្កើត​គណៈកម្មការ​ពិសេស ស៊ើប​អង្កេត​រឿង​នេះ​ជា​ការ​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មការ​នេះ​ឡើង គឺ​សមត្ថកិច្ច​ចង់​បង្អូស​កុំ​ឲ្យ​មាន​ការ​តវ៉ា​តក់​ក្រហល់​ពី​ជន​រងគ្រោះ។

«សំឡេង»

រហូត​មក​ដល់​ពេល​នេះ ទាំង​គ្រួសារ​ស្ត្រី​លក់​បាយ ទាំង ហឿន ចាន់ នៅ​មិន​ទាន់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​នៅ​ឡើយ។ តែ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) ដែល​មាន​សមាជិក​ជា​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៣ កំពុង​សិក្សា​ករណី​នេះ មុន​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ។

«សំឡេង»

កូន​ស្រី​សព​ស្ត្រី​លក់​បាយ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ អែស.អិល គឺ​កញ្ញា វង្ស វរលក្ខណ៍ មិន​ជឿ​ថា តុលាការ​អាច​រក​ឃាតក​ឃើញ​ទេ។ តែ​នាង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។

«សំឡេង»

ម្តាយ ហឿន ចាន់ គឺ​លោកស្រី ហ៊ុន ឃន មាន​ប្រសាសន៍​ថា ទណ្ឌកម្ម​ដែល​ឲ្យ​កូន​ប្រុស​ទី​២​របស់​គាត់​ពិការ​អស់​មួយ​ជីវិត គឺ​ជា​ទណ្ឌកម្ម​ដែល​ពិបាក​ជាង​ស្លាប់។

«សំឡេង»

ជា​ត្រកូល​កសិករ​នៅ​ខេត្ត​ព្រៃវែង លោកស្រី ហ៊ុន ឃន គ្មាន​អ្វី​ដាក់​បញ្ចាំ​នៅ​ធនាគារ ក្រៅ​តែ​ពី​ដី​ស្រែ ២​ហិកតារ និង​ប្លង់​ដី​ភូមិ ជា​ថ្នូរ​បាន​ប្រាក់​កម្ចី ២​ពាន់​ដុល្លារ យក​ទៅ​ជាប់​ខ្លួន ដើម្បី​ទុក​ព្យាបាល​កូន​នៅ​ក្រៅ​ប្រទេស។ ក្តី​សង្ឃឹម​ប៉ុន​ស្រមោច​នៅ​ក្នុង​ចិត្ត​លោកស្រី ដែល​ជឿ​ថា​កូន​ប្រុស​របស់​គាត់​អាច​ដើរ​វិញ​បាន។

ជីវិត​រស់​នៅ​របស់ ហឿន ចាន់ ទាំង​ការ​សិក្សា ការងារ​ជា​អ្នក​ទីផ្សារ​ផង​នោះ បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង ក្រោយ​ព្រឹត្តិការណ៍​បង្ក្រាប​លើ​ក្រុម​បាតុករ​របស់​សមត្ថកិច្ច។ ហឿន ចាន់ មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​ស្នេហា​របស់​គេ​ជាមួយ​សង្សារ នឹង​អាច​បន្ត​ទៅ​មុខ​បាន​ទៀត​ឬ​ក៏​អត់ បើ​ខ្លួន​ក្លាយ​ជា​មនុស្ស​ពិការ​ហើយ​នោះ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។