ទិដ្ឋភាពនៅភូមិស្រុកស្រែចម្ការពេលយប់មានសភាពស្ងប់ស្ងាត់ មិនដូចនៅទីក្រុងមានសំឡេងរថយន្ត មនុស្សអ៊ូអរ មានភ្លើងអគ្គិសនីបំភ្លឺឡើយ។ នៅជនបទខ្លះ មានពន្លឺព្រះចន្ទនិងផ្កាយជំនួសភ្លើងអគ្គិសនី សំឡេងមាន់រងាវជំនួសនាឡិការោទ៍ ដែលប្រាប់អ្នកស្រុកអំពីពេលវេលា។
«សំឡេងមាន់រងាវ» មាន់រងាវបីដងឆ្លើយឆ្លងបណ្ដាក់គ្នាពីផ្ទះមួយទៅផ្ទះមួយលាន់អឺងកងពេញភូមិ ដាស់អ្នកស្រុកឲ្យក្រោកពីដំណេក ជាសញ្ញាប្រាប់ថាថ្ងៃជិតរះហើយ។ ក្រោយភ្ញាក់ពីដំណេក ប្រជាកសិករខ្លះរៀបចំចាកចេញទៅស្រែចម្ការ ខ្លះចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន។
ដោយឡែកលោកយាយ ឈឿង គុណ មានផ្ទះនៅចុងភូមិ មិនអាចចេញទៅប្រកបរបរនឹងគេបានទេ ដោយសារគាត់ចាស់ជរា។ លោកយាយសម្រាន្តស្ដូកស្ដឹងលើកន្ទេល ព្រោះមានជំងឺប្រចាំកាយ៖ «មាន់រងាវហើយម៉ោង ២ ម៉ោង ៣ ខ្ញុំភ្ញាក់ងើបឡើងអង្គុយហើយ លែងសម្រាន្តលក់ហើយ អង្គុយទើសភ្លឺ…»។
លោកយាយ ឈឿង គុណ មានអាយុ ៧៩ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កាលមុនគាត់នៅមានកម្លាំងដើរស៊ីឈ្នួលដកស្ទូងឲ្យអ្នកស្រុកគ្រាន់យកប្រាក់បន្តិចបន្តួចចិញ្ចឹមខ្លួន និងចៅ ៤នាក់ទៀតនៅក្នុងបន្ទុក។ តែថ្មីៗនេះកម្លាំងគាត់ខ្សោយមិនអាចដើរធ្វើពលកម្មបានដូចមុនទៀតទេ។
លោកយាយ ឈឿង គុណ៖ «កាលពីខ្ញុំនៅជា ខ្ញុំចេះតែដើររកស៊ីដកស្ទូងគេអ៊ីចឹងទៅ បានលុយបានកាក់បន្តិចបន្តួចចិញ្ចឹមជីវិត។ ដល់ឥឡូវដេកដួលលែងរកអីកើត បានអស់លោកជួយចិញ្ចឹម គេអ្នកស្រុកអ្នកទេសគេជួយ។ កូនក្មួយណាមកគេឲ្យ ៥ពាន់ ១ម៉ឺនរៀលអ៊ីចឹងដែរ»។
លោកយាយរៀបរាប់អំពីជីវិតដែលនាំឲ្យគាត់ធ្លាក់ខ្លួនទុរគតថា ប្ដីរបស់គាត់និងកូនចៅបានស្លាប់ជំនាន់ ប៉ុល ពត។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយផ្ដួលរំលំរបប ប៉ុល ពត អស់ទៅ ត្រូវបានរដ្ឋាភិបាលលោក ហេង សំរិន ដែលកាន់តំណែងជំនាន់នោះ ចែកដីផ្ទះនិងដីស្រែ ហើយគាត់រស់នៅជាមួយកូនប្រុសម្នាក់ដែលរួចជីវិតពីរបប ប៉ុល ពត។
លោកយាយបន្តថា ជាអកុសលដីស្រែនិងផ្ទះត្រូវកូនគាត់លក់អស់ ហើយកូននោះក៏ស្លាប់ទៅទៀត ដោយបន្សល់ទុកចៅៗ ៤នាក់ក្នុងបន្ទុក៖ «កូន ៦នាក់ ស្លាប់អស់ជំនាន់ (ប៉ុល) ពត អស់រលីង។ ដី គោ ផ្ទះសម្បែងអីអស់ជំនាន់ ប៉ុល ពត។ គេ (រដ្ឋាភិបាល ហេង សំរិន) អោយដី ១៥អា បានជាកូនវាបង្ហិនបង្ហោចឯងអស់រលីង»។
អ្នកជិតខាងក៏បានបង្ហើបឲ្យដឹងដែរថា កាលពីឆ្នាំមុនៗ អ្នកភូមិតែងជួលលោកយាយឲ្យដកស្ទូងដើម្បីឲ្យគាត់បានប្រាក់ចិញ្ចឹមជីវិត និងបានចិញ្ចឹមចៅកំព្រាផង។
អ្នកជិតខាងម្នាក់ គឺលោក នៅ ឌឹម ដែលជាមេឃុំក្នុងមូលដ្ឋានដែរនោះ ឲ្យដឹងថា ឆ្នាំនេះអ្នកភូមិលែងហ៊ានជួលលោកយាយឲ្យដកស្ទូងដូចពេលមុនទៀតហើយ ដោយខ្លាចគាត់គ្រោះថ្នាក់ ព្រោះកន្លងមកលោកយាយឧស្សាហ៍ដួលក្នុងស្រែញឹកញាប់ពេលកំពុងស្ទូងដក ដោយសារកម្លាំងគាត់កាន់តែខ្សោយ៖ «គាត់ជាកសិករម្នាក់ ពីដើមជំនាន់ លន់ នល់ គាត់រស់នៅជាមួយប្ដីប្រពន្ធ ដល់ ប៉ុល ពត គឺស្លាប់ប្ដី ស្លាប់ទាំងកូនទាំងអស់…។ រាល់ថ្ងៃគាត់ទទួលបន្ទុកចិញ្ចឹមចៅ ៤នាក់ថែមទៀត...»។
លោកមេឃុំបន្តថា ដោយឃើញជីវភាពរបស់លោកយាយ ឈឿង គុណ វេទនាដូច្នេះ អាជ្ញាធរមូលដ្ឋានបានព្យាយាមស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីជួយសង្គ្រោះ។ ក្នុងនោះអាជ្ញាធរមូលដ្ឋានក៏បានស្វែងរកជំនួយឧបត្ថម្ភដើម្បីជួយចាស់ជរាគ្មានទីពឹងក្នុងមូលដ្ឋានដទៃទៀតដែរ។
លោកថា ទីបំផុត ការស្វែងរកជំនួយនេះក៏បានដូចបំណង គឺលោកយាយ ឈឿង គុណ បានទទួលអំណោយផ្ទះមួយខ្នងដែលគេសង់ជូនក្នុងតម្លៃជិត ៣០លានរៀល ជំនួសខ្ទមកម្សត់របស់គាត់ និងបានទទួលប្រាក់ឧបត្ថម្ភបន្ថែមទៀត មានសំលៀកបំពាក់ រួមទាំងសម្ភារៈផ្សេងទៀតពីអ្នកស្រី ហ៊ុន ម៉ាណា ជាកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកមេឃុំ នៅ ឌឹម អះអាងថា ផ្ទះនេះធ្វើពីថ្ម ដំបូលស័ង្កសី ទទឹង ៦ម៉ែត្រ បណ្ដោយ ៩ម៉ែត្រ។ លោកថា អំណោយដូចគ្នានេះបានធ្វើជូនដល់លោកយាយចាស់ជរា ២នាក់ទៀត ក្នុងឃុំវល្លិស ដែលគាត់គ្មានទីពឹងដូចលោកយាយ ឈឿង គុណ នេះដែរ ហើយលោកមេឃុំដែលមកពីបក្សប្រជាជន មិនភ្លេចឆ្លៀតពេលកោតសរសើរថ្នាក់ដឹកនាំគណបក្សប្រជាជនដែលលោកថា បានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ជីវភាពលោកយាយ ឈឿង គុណ បានប្រសើរឡើងបន្តិចបន្ទាប់ពីទទួលបានអំណោយដែលលោកយាយយល់ថា ជាសំណាងដូចត្រូវឆ្នោតក្នុងជីវិតដែលមិននឹកស្មានដល់។
លោកយាយបន្តថា កាលរស់នៅក្នុងខ្ទមចាស់ ភ្លៀងលិចមុខលិចក្រោយ ជួនកាលភ័យខ្លាចចៅលេងភ្លើងឆេះ ព្រោះគាត់ងងឹតភ្នែក មិនរហ័សរហួនក្នុងការមើលថែទាំចៅដែលអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។
សព្វថ្ងៃលោកយាយរស់នៅក្នុងផ្ទះថ្មថ្មីធំទូលាយ និងមានសុវត្ថិភាពជាងមុន ថែមទាំងមានសត្វតុកកែមួយក្បាលទៀតជាសមាជិកគ្រាន់ឲ្យចៅកំព្រាគាត់បូលលេងតាមវាយំម្ដងម្កាលនៅពេលយប់ «សំឡេងសត្វតុកកែ»។
ពេលវេលាចេះតែទៅមុខ ប្រាក់ឧបត្ថម្ភដែលលោកយាយទទួលបានពីសប្បុរសជនក៏កាន់តែអស់។ លោកយាយមិនមានប្រភពធនធានប្រាក់ចំណូលប្រចាំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃទេ។ នៅពេលនេះលោកយាយក៏មានជំងឺប្រចាំកាយកាន់តែធ្ងន់ទៀត។
អស់សង្ឃឹមក្នុងជីវិតគិតអ្វីមិនកើត ដឹងខ្លួនថាមិនមានកម្លាំងពលំដូចកាលនៅពីក្មេង ដែលអាចធ្វើការចិញ្ចឹមខ្លួនតទៅទៀតបាន លោកយាយសង្រួមចិត្តជឿលើធម៌ព្រះ បណ្ដោយជីវិតទៅតាមកម្មវាសនា។ ក៏ប៉ុន្តែលោកយាយនៅមិនដាច់អាល័យចៅកំព្រានៅតូចមិនទាន់ដឹងក្ដី មិនដឹងថា តើវាសនាពួកគេទៅជាយ៉ាងណាទៅអនាគត។
រឿងរ៉ាវជីវិតទុរគតរបស់លោកយាយ ឈឿង គុណ គឺជាឧទាហរណ៍មួយក្នុងចំណោមជីវិតចាស់ជរាជាច្រើនទៀតដែលរស់នៅគ្មានកូនទីពឹង។
រដ្ឋាភិបាលកម្ពុជា មិនមានគោលការណ៍ឧបត្ថម្ភគាំទ្រមនុស្សចាស់ទេ ក្នុងពេលដែលបក្សសង្គ្រោះជាតិ ប្រកាសថា នឹងផ្ដល់ប្រាក់ខែជូនមនុស្សចាស់ចាប់ពីអាយុ ៦៥ឡើងទៅ ចំនួន ៤ម៉ឺនរៀល បើសិនជាប់ឆ្នោត ក៏ប៉ុន្តែស្ថានភាពនយោបាយដូចបច្ចុប្បន្ននេះ ហាក់ដូចជាមិនឲ្យចាស់ៗសង្ឃឹមណាបន្តិចសោះ។ ដូច្នេះមនុស្សចាស់ត្រូវបន្តរស់តទៅទៀត គឺរស់តាមតាមលំអាននៃទំនៀមទម្លាប់ខ្មែរ គឺឪពុកម្ដាយចិញ្ចឹមកូនពេលនៅក្មេង ហើយដល់ពេលឪពុកម្ដាយចាស់ទៅ កូនចៅត្រូវចិញ្ចឹមឪពុកម្ដាយវិញម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
