ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដាក់បញ្ជាដល់បុគ្គលិកក្រុមហ៊ុន ម៉ៅការផលិតផ្ទាំងរូបភាព និងរចនាម៉ូដឈ្មោះ ទ្រូថាមអាស៊ី (Truetime Asia) ដែលមានជម្លោះជាមួយអ្នកគ្រប់គ្រង ឲ្យចូលធ្វើការវិញនៅថ្ងៃទី១៧ តុលា។
ក្នុងលិខិតចុះថ្ងៃទី ១៦ តុលា បានបញ្ជាឲ្យបុគ្គលិកក្រុមហ៊ុននោះ ផ្អាកធ្វើកូដកម្មជាបន្ទាន់ និងចូលធ្វើការធម្មតា ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ជាក្រោយ។
លោក ញ៉ែម សុភៈ អ្នកគ្រប់គ្រងក្រុមហ៊ុន ទ្រូថាមអាស៊ី បានឲ្យដឹងថា តាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បុគ្គលិកទាំងអស់ត្រូវចូលធ្វើការវិញដូចធម្មតា និងបញ្ឈប់កូដកម្មមុខក្រុមហ៊ុន។ តែលោកមិនដឹងថាពួកគេ នឹងចូលធ្វើការដូចធម្មតាតាមបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅថ្ងៃទី១៧តុលា ឬក៏យ៉ាងណានោះទេ។
ជម្លោះរវាងអ្នកគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុននេះ បានអូសបន្លាយពេលជាង ១សប្ដាហ៍មកហើយដោយគ្មានដំណោះស្រាយ ។
កញ្ញា អ៊ុំ ស្រីមុច បុគ្គលិកម្នាក់ដែលតវ៉ានៅមុខក្រុមហ៊ុន បានឲ្យដឹងថាក្រុមការងាររបស់កញ្ញា ដែលធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុន បញ្ឈប់អ្នកគ្រប់គ្រង ៣ នោះនឹងអនុវត្តតាមបទបញ្ជានេះដោយចូលធ្វើការបណ្ដោះអាសន្នតែបើរយៈពេលមួយសប្ដាហ៍ក្រោយ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល មិនមានដំណោះស្រាយ តាមការទាមទាររបស់ក្រុមបុគ្គលិកនោះទេ ពួកគេនឹងចេញធ្វើកូដកម្មតវ៉ាឡើងវិញជាថ្មីម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
