សិស្ស​ជិត​២០០​នាក់​នៅ​បាត់ដំបង​មិន​បាន​រៀន​ដោយសារ​គ្មាន​សាលា

សិស្ស​សាលា​ជិត ២០០​នាក់ ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង កំពុង​ខក​ខាន​ពុំ​បាន​រៀន​សូត្រ ដោយសារ​តែ​សាលា​បឋម​សិក្សា​របស់​ពួកគេ​ត្រូវ​ខ្យល់​ព្យុះ​បណ្ដាល​ឲ្យ​ដួល​រលំ​ខូច​ខាត​ទាំង​ស្រុង។ ហេតុការណ៍​បាន​កើត​មាន​ឡើង​តាំង​ពីមុន​រដូវ​ចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​ខាង​មន្ទីរ​អប់រំ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពុំ​ទាន់​មាន​លទ្ធភាព​កសាង​ឡើង​វិញ។

0:00 / 0:00

សិស្ស​បឋមសិក្សា​ចាប់​ពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី ៦ ដែល​ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ស្រុក​សំពៅលូន បាន​នាំ​គ្នា​រៀន​នៅ​តាម​រោងគោ និង​ម្លប់​ដើម​ឈើ ហើយ​ខ្លះ​ទៀត​នៅ​ពុំ​ទាន់​បាន​ចូល​រៀន​នៅ​ឡើយ​ ដោយសារ​តែ​សាលា​រៀន​របស់​ពួក​គេ​មួយ​ខ្នង​មាន​បី​បន្ទប់ ត្រូវ​ខ្យល់​ព្យុះ​បោក​បក់​​ឲ្យ​ដួល​រលំ​បំផ្លាញ​ទាំង​ស្រុង​កាល​ពី​មុន​រដូវ​ចូលឆ្នាំ​ខ្មែរ។

អាណាព្យាបាល​និង​មាតាបិតា​សិស្ស​ឲ្យ​ដឹង​ថា ពួកគាត់​កំពុង​បារម្ភ ដោយសារ​កូនៗ​របស់​ពួកគាត់​ខក​ខាន​ពុំ​បាន​រៀន​សូត្រ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ដោយសារ​តែ​សាលា​បឋមសិក្សា​បឹង​ត្រកួន ស្ថិត​នៅ​ភូមិ​គំនរបេង ជា​ភូមិ​ដាច់​នៅ​ចុងកាត់មាត់ញក ក្នុង​ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ពុំ​ទាន់​បាន​សាងសង់​ឡើង​វិញ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ សៅ សារ៉ាត់ បញ្ជាក់​ថា បច្ចុប្បន្ន​ខាង​សាលា និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ទៅ​​សុំ​រោង​គោ​របស់​អ្នក​ភូមិ ​និង​​ម្លប់​នៅ​ក្រោម​ដើម​ឈើ​ធំៗ ដើម្បី​ឲ្យ​សិស្ស​ចូល​រៀន​បណ្ដោះអាសន្ន រង់​ចាំ​អគារ​សាលា​រៀន​កសាង​ឡើងវិញ៖ «ថ្ងៃ​នេះ​គាត់​រៀបចំ...។ ...បាន​រៀន​ក្រោម​កៀន​សាលា​ដែល​បាក់​ហ្នឹង សុំ​រោង​គោ​គេ​រៀន​តាម​ហ្នឹង​បាន​តែ​ពីរ​កន្លែង​ទេ ហើយ​សិស្ស​វា​ច្រើន​រៀន​អត់​គ្រប់។ ឥឡូវ​មិន​ទាន់​បាន​រៀន​ផង ទើប​រៀបចំ។ សាលា​បាក់​នៅ​ហ្នឹង​ឯង គ្រាន់​តែ​រើ​ស័ង្កសី​ដែល​ប្រក់​ហ្នឹង​ទុក ឈើ​បាក់​ខ្ទេចខ្ទី​អស់​ហើយ។ ខ្ញុំ​បារម្ភ​ខ្លាច​តែ​កូន​ហ្នឹង​វា​ហួស ធំៗ​ទៅ បារម្ភ​ខ្លាច​វា​មិន​បាន​ចេះ​អក្សរ។ ខ្ញុំ​មើល​ទៅ​សាលា​អ៊ីចឹង​វា​អត់​មាន​កន្លែង​ណា​ត្រូវ​ផ្ញើ​កូន​ទៅ​រៀន​ទៀត ណា​មួយ​ជីវភាព​យើង​វា​យ៉ាប់យ៉ឺន​ផង»

សាលា​បឋមសិក្សា​បឹង​ត្រកួន​ ត្រូវ​បាន​ខ្យល់​​បោកបក់​ឲ្យ​ដួល​រលំ​រៀប​ដល់​ដី កាល​ពី​អំឡុង​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ។ សាលា​រៀន​នេះ​មាន​បី​បន្ទប់ បាន​កសាង​ឡើង​សហគមន៍​នៅ​ក្នុង​ភូមិ។ សាលារៀន​នេះ​ សង់​ពី​កូន​ឈើ​តូចៗ មាន​ដំបូល​ប្រក់​ស័ង្កសី។ កន្លង​មក​មាន​សិស្ស​ប្រុស​ស្រី​នៅ​ក្នុង​ភូមិ​រៀន​ចំនួន ១៩០​នាក់ និង​មាន​គ្រូបង្រៀន ៥​នាក់។

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​សំពៅលូន លោក គាត សុភាព បញ្ជាក់​ថា ក្រោយ​ពី​សាលា​បឋម​សិក្សា​បឹង​ត្រកួន ត្រូវ​ខ្យល់​ព្យុះ​បំផ្លាញ​រួច​មក នាយក​សាលា​បាន​រាយការណ៍​ជូន​ការិយាល័យ​អប់រំ​ស្រុក ការិយាល័យ​អប់រំ​ស្រុក​បាន​រាយការណ៍​បន្ត​ជូន​មន្ទីរ​អប់រំ​ខេត្ត ដើម្បី​ឲ្យ​ថ្នាក់​លើ​មាន​វិធានការ​ជួយ​ដោះស្រាយ។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ខាង​មន្ទីរ​នៅ​ពុំ​ទាន់​បាន​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​ទេ។ បច្ចុប្បន្ន​ការិយាល័យ​អប់រំ​ស្រុក​បាន​ផ្ដួច​ផ្ដើម​គំនិត​ឲ្យ​នាយក​សាលា​រក​កន្លែង​ឲ្យ​សិស្ស​រៀន​ជា​បណ្ដោះអាសន្ន។

លោក គាត សុភាព៖ «ខ្ញុំ​បាន​រាយការណ៍​ទៅ​ខាង​មន្ទីរ​អប់រំ​ហើយ មិន​ទាន់​មាន​ចម្លើយ​ថា យ៉ាង​ម៉េច​មក​វិញ​ទេ ប៉ុន្តែ​ខ្ញុំ​ណែនាំ​ឲ្យ​លោក​នាយក​ហ្នឹង​ពិគ្រោះ​ជាមួយ​មេភូមិ និង​សហគមន៍​មើល គួរ​រៀបចំ​កន្លែង​ណា​បណ្ដោះអាសន្ន​សិន ដើម្បី​ដំណើរ​ការ​រៀន​ឲ្យ​វា​បាន​ឆមាស​ទី​២ កុំ​ឲ្យ​សិស្ស​អត់​ឆមាស​ទី​២ នេះ»

នាយក​សាលា​បឋម​សិក្សា​បឹងត្រកួន លោក នង នេន ថ្លែង​ថា សាលា​បឋម​សិក្សា​បឹង​ត្រកួន រង​ការ​ខូច​ខាង​ទាំង​ស្រុង ហើយ​បច្ចុប្បន្ន​ខាង​សាលា​កំពុង​នាំ​គ្នា​រ៉ៃ​អង្គាស​លុយ​ពី​អ្នក​ភូមិ​ ដើម្បី​យក​ទៅ​ទិញ​ឈើ​កសាង​សាលា​រៀន​នោះ​ឡើង​វិញ ដើម្បី​ឲ្យ​សិស្ស​ចូល​រៀន ប៉ុន្តែ​លោក​ថា ថវិកា​ដែល​រៃអង្គាស​បាន​នោះ​មាន​ចំនួន​តិច​តួច​ពេក​មិន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​បាន​ឡើយ។

លោក នង នេន៖ «បាទ! ខូច​ខាត​ហើយ​រក​តែ​យក​អា​គ្រឿង​ហ្នឹង​មក​ធ្វើ​វិញ​ក៏​អត់​កើត​ដែរ​ពុក​ផុយ​ទាំង​អស់។ ប្រជាជន​កំពុង​តែ​យ៉ាប់​ដែរ។ ឥឡូវ​ខ្ញុំ​ធ្វើ​កន្លែង​រៀន​បណ្ដោះអាសន្ន​តាម​រោង​គោ​អី។ សហគមន៍​បាន​ដើរ​រ៉ៃ​ពី​ប្រជាជន​បាន​សសរ ១១​ដើម និង​គ្រឿង​ឈើ ២៤​កន្ទុយ ហើយ​លុយ ១០​ម៉ឺន​រៀល​ជាង ហើយ​ឥឡូវ​រក​ធ្វើ​ក៏​ធ្វើ​មិន​កើត។ ខ្ញុំ​ទាក់ទង​ទៅ​តាម​អង្គការ​ហ្នឹង​ ថ្ងៃ​នេះ​គាត់​ថា មក​ជួប​តែ​មិន​ដឹង​ថា​ជួយ​បាន​ប៉ុន្មាន»

លោក​បន្ត​ថា ខាង​សាលា​បច្ចុប្បន្ន​កំពុង​សុំ​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​ក្នុង​ស្រុក​មួយ​ ប៉ុន្តែ​លទ្ធផល​យ៉ាង​នោះ​គេ​នៅ​ពុំ​ទាន់​បាន​ដឹង​ទេ។

មេ​ឃុំ​សិរីមានជ័យ លោក ទៀង អំ បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​កំពុង​គិតគូរ​ពី​បញ្ហា​នេះ។លោក​បន្ត​ថា ភូមិ​គំនរ​បេង ជា​ភូមិ​មួយ​នៅ​ដាច់​ឆ្ងាយ​ពី​គេ ហើយ​កូន​អ្នក​ភូមិ​ដែល​រៀន​នៅ​សាលា​បឋមសិក្សា​បឹង​ត្រកួន ពុំ​អាច​មាន​លទ្ធភាព​ទៅ​រៀន​នៅ​សាលា​ផ្សេង​បាន​នោះ​ទេ៖ «យើង​គិតគូរ​ហើយ ប៉ុន្តែ​ថវិកា​ដែល​យើង​ស្នើ​សុំ​អង្គការ​នោះ គេ​គាំទ្រ​រក​ទិញ​ឈើ​ដើម្បី​សាងសង់​​ឡើង​វិញ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ​វា​ខ្ញុំ​អត់​ទាន់​ដឹង​ព័ត៌មាន។ ក្រោយ​ពី​ការ​ដួល​រលំ​មក​យើង​អត់​ទាន់​មាន​ការ​រៀបចំ​នៅ​ឡើយ​ទេ ម្យ៉ាង​ដោយ​ភូមិ​នោះ​វា​មាន​ដាច់​ស្រយាល​ពី​មូលដ្ឋាន​ផង ហើយ​ឥឡូវ​ឃុំ​អត់​មាន​ពេល​រៀបចំ​ប្រតិទិន​រៀបចំ​ការ​បោះឆ្នោត»

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​សំពៅលូន លោក គាត សុភាព បញ្ជាក់​ថា មាន​សាលា​រៀន​ជា​ច្រើន​ខ្នង​នៅ​ក្នុង​ស្រុក​សំពៅលូន ត្រូវ​ខ្យល់​ព្យុះ​បោកបក់​ ខ្លះ​ប៉ើង​ដំបូល ខ្លះ​ដួល​រលំ។ សាលា​ដែល​រង​ការ​ខូច​ខាត ដូច​ជា​ប៉ើង​ដំបូល​ ត្រូវ​បាន​ខាង​សាលា និង​សហគមន៍ ​រដ្ឋ​អំណាច​មូលដ្ឋាន​នាំគ្នា​ជួសជុល​ឡើង​វិញ​ ប៉ុន្តែ​សាលា​បឋម​សិក្សា​បឹង​ត្រកួន​ រង​ការ​ខូច​ខាត​ទាំង​ស្រុក​ ពួកគាត់​ពុំ​អាច​មាន​លទ្ធភាព​​កសាង​ឡើង​វិញ​បាន​នោះ​ទេ។

លោក គាត សុភាព៖ «នាយក​វិទ្យាល័យ​អូរចំណឹក ល្បើក​ក្បឿង​អស់ ១០០​សន្លឹក ប៉ុន្តែ​មាន​កន្លែង​ខ្លះ​ទៀត​ដូច​នៅ​ចំបក់​អី គេ​ជួសជុល ដោយ​សហគមន៍​គេ​ជាមួយ​លោក​នាយក​ស្រុះ​ស្រួល​មូល​មតិ​គ្នា​ទៅ​មើល​ទៅ យើង​ចាំ​ថ្នាក់​លើ​ដោះស្រាយ​ខ្លាច​វា​យឺត​ពេល។ នៅ​អូរចំណិត កណ្ដោល ចំបក់ និង​បឹងត្រកួន ហើយ​សាលា​អូរគ្រោះ នៅ​ប្រាសាទ​អណ្ដែត ក៏​មាន​ល្បើក​ដំបូល​ដែរ»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​នៅ​ពុំ​ទាន់​អាច​ទាក់ទង​បាន។ ទន្ទឹម​គ្នា​នឹង​ក្ដី​ព្រួយ​បារម្ភ​ពី​ការ​ខកខាន​ពុំ​មាន​សាលា​ឲ្យ​កូន​រៀន ក្រុម​អាណាព្យាបាល និង​មាតាបិតា​សិស្ស បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចុះ​ពិនិត្យ​មើល​ជាក់​ស្ដែង ដើម្បី​សាងសង់​សាលា​រៀន​នោះ​ឡើង​វិញ៖ «បារម្ភ​ណាស់! គាត់​មើល​ទៅ​អត់​ទុក​ចិត្ត ហើយ​កូន​ក៏​អស់​សង្ឃឹម​រៀន​នៅ​តាម​រោង​គោ នៅ​តាម​ម្លប់​ឈើ អ៊ីចឹង​វា​គ្មាន​ចិត្ត​មក​រៀន​ទេ។ ឥឡូវ​កំពុង​ទាញ​កូន​ទៅ​រៀន​ក្រៅ ហើយ​ខ្ញុំ​ចេះ​តែ​ឃាត់​គាត់​ថា មិន​បាច់​យក​ទៅ​ទេ។ រៀន​នេះ គាត់​កំពុង​ខ្វះ​ខាត​អាណិត​គាត់​ដែរ ហើយ​គាត់​កំពុង​តស៊ូ»

នាយក​សាលា​បឋម​សិក្សា​បឹង​ត្រកួន លោក នង នេន ថ្លែង​ថា ​នៅ​ក្រោយ​សាលា​បឋម​សិក្សា​បឹងត្រកួន ត្រូវ​ខ្យល់​បោក​បក់​បណ្ដាល​ឲ្យ​ខូច​ខាង​ទាំង​ស្រុង​នោះ​ ខាង​សាលា​បាន​ធ្វើ​លិខិត​មួយ​ដាក់​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​សាង​សង់​សាលារៀន​នៅ​ទី​នោះ​មួយ​ខ្នង ៦​បន្ទប់ ប៉ុន្តែ​លិខិត​ត្រូវ​ជាប់​គាំង​នៅ​សាលា​ខេត្ត​បាត់ដំបង ហើយ​មន្ទីរ​អប់រំ និង​សាលា​ខេត្ត​បាត់ដំបង នៅ​ពុំ​ទាន់​បាន​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។