បាក់​ខ្ចុស​របួស​កម្មករ​​ប្រមាណ​២៥​នាក់​នៅ​កៀនស្វាយ

កម្មករ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ថប់ វើល (Top World) ប្រមាណ ២៥​នាក់ រង​របួស​ស្រាល ដោយសារ​រោង ឬ​ខ្ចុស​មួយ​បាក់​ធ្លាក់​ចូល​ទឹក​បឹង ក្នុង​ពេល​កម្មករ​រោងចក្រ​ប្រហែល ៣០​នាក់ ដែល​កំពុង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ នៅ​លើ​រោង​នោះ នៅ​ថ្ងៃ​ទី​២០ ឧសភា នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

លោក យ៉ាន់ រ័ត្នកែវពិសី តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ ថប់ វើល ឲ្យ​ដឹង​ថា រោង​នោះ​បាន​បាក់​ធ្លាក់​ចូល​ស្រះ​ជ្រៅ ក្នុង​បរិវេណ​រោងចក្រ បន្ទាប់​ពី​កម្មករ​ប្រមាណ ៣០​នាក់ បាន​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់​នៅ​លើ​រោង​នោះ​បាន​រយៈពេល ១៥​នាទី។

លោក​បន្ត​ថា កម្មករ​ចំនួន ២៥​នាក់ រង​របួស​ស្រាល ហើយ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ១១​នាក់ និង​នៅ​មន្ទីរពេទ្យ​បង្អែក​មានជ័យ ក្នុង​ខណ្ឌ​មានជ័យ ១៤​នាក់។

មិន​មាន​ការ​បញ្ជាក់​អះអាង​ជា​ផ្លូវ​ការ​ពី​មូលហេតុ​នៃ​ការ​បាក់​រោង​នោះ​ភ្លាមៗ​ទេ។ តែ​សាក្សី​ផ្ទាល់​ភ្នែក​បញ្ជាក់​ថា រោង​នោះ​អាច​បាក់​សសរ​ដោយសារ​រថយន្ត​ចាក់​ដី​លុប​ស្រះ​នោះ ពេល​កម្មករ​កំពុង​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់។

ប្រភព​ឲ្យ​ដឹង​ថា រោង​នោះ​ធ្វើ​ពី​ឈើ ប្រក់​ក្បឿង សសរ​ស៊ីម៉ងត៍។ មក​ទល់​ពេល​នេះ​គេ​មិន​ដឹង​ថា មាន​កម្មករ​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ ឬ​យ៉ាង​ណា​នោះ​ទេ។ ក្រុម​សង្គ្រោះ​កំពុង​ព្យាយាម​កាយ​បាត​បឹង ដើម្បី​ស្វែង​រក​មើល​ក្រែង​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ទឹក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។