កម្មករ​រោងចក្រ​នៅ​ខេត្ត​កណ្ដាល​ជាង​៥​ពាន់​នាក់​ធ្វើ​កូដកម្ម

កម្មករ​រោងចក្រ​កាត់ដេរ ឈ្មោះ ឃ្វីន មេនិចជើ (Queen Manager) ជាង ៥​ពាន់​នាក់ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ធ្វើ​កូដកម្ម​នៅ​ក្នុង​រោងចក្រ ដើម្បី​ទាមទារ​លក្ខណៈ ៥​ចំណុច ដែល​ភាគី​រោងចក្រ​ខកខាន​មិន​បាន​ផ្ដល់​តាម​កិច្ច​សន្យា​របស់​ខ្លួន។

តំណាង​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ ឃ្វីន មេនិចជើ និយាយ​ថា ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ម្ចាស់​វិនិយោគ​របស់​រោងចក្រ លួច​ប្ដូរ​ឈ្មោះ​រោងចក្រ​ដោយ​ស្ងាត់ៗ ពី ឃ្វីន មេនិចជើ មក​ជា​ឈ្មោះ សេកសេស អ៊ីនដាស គ្រុប (Success Indus Group) វិញ។

លោក មុំ ស៊ូគា អនុ​ប្រធាន​សហជីព​សេរី​កម្មករ ប្រចាំ​រោងចក្រ ឃ្វីន មេនិចជើ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ឧសភា ថា ភាគី​រោងចក្រ​បាន​ក្បត់​កិច្ចសន្យា​របស់​ខ្លួន ដែល​ទទួល​យល់ព្រម​ថា នឹង​ផ្ដល់​គោលការណ៍ ៥​ចំណុច ទៅតាម​ការ​ទាមទារ​របស់​កម្មករ​ជាង ៥​ពាន់ នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា កន្លង​ទៅ។

លោក​បន្ត​ថា កាល​ពី​ជំនួប​ត្រី​ភាគី​ដែល​មាន​ការ​ចូលរួម​ពី​មន្ទីរ​ការងារ​របស់​ខេត្ត​កណ្ដាល ភាគី​រោងចក្រ និង​តំណាង​កម្មករ ថៅកែ​រោងចក្រ សន្យា​ថា ខ្លួន​អនុវត្ត​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ។ តែ​នៅ​ទីបំផុត​លោក​អះអាង​ថា ខាង​ក្រុមហ៊ុន​មិន​បាន​ផ្ដល់​តាម​កិច្ច​សន្យា​របស់​ខ្លួន​ឡើយ៖ «មួយ​គឺ​លុយ​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា មួយ​ទៀត​គឺ​ជំងឺ​ចិត្ត មួយ​ទៀត​ប្រាក់​ដំណាច់​ឆ្នាំ ប្រាក់​ខែ​ចុងក្រោយ ប្រាក់​មួយ​ទៀត គឺ​ធ្វើ​ការ​ក្នុង​រយៈពេល​ពី​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ គេ​គិត​ឲ្យ​យើង ១៥​ថ្ងៃ។ ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ គេ​គិត​ឲ្យ​យើង ៣០​ថ្ងៃ ហើយ​និង​ពី ៥​ឆ្នាំ​ឡើង​ទៅ​ដល់ ១០​ឆ្នាំ អា​ហ្នឹង​គេ​គិត​ឲ្យ ៦០​ថ្ងៃ»

លោក មុំ ស៊ូគា ឲ្យ​ដឹង​ទៀត​ថា តាម​គម្រោង​ចំនួន​ទឹកលុយ​ដែល​ភាគី​រោងចក្រ ត្រូវ​ផ្ដល់​ឲ្យ​កម្មករ​ជាង ៥​ពាន់​នាក់​នោះ ស្មើ​លុយ​ចំនួន​ជាង ៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក​បញ្ជាក់​ថា ដើម្បី​គេច​ពី​ការ​ចំណាយ​ដ៏​ច្រើន​លើសលប់​នេះ ខាង​រោងចក្រ​បាន​ផ្ដល់​ឲ្យ​តែ​តំណាង​សហជីព​ប្រចាំ​រោងចក្រ​មួយ​ចំនួន ចាប់​ពី ៥​ពាន់ រហូត​ដល់ ៨​ពាន់​ដុល្លារ​ក្នុង​ម្នាក់ ឲ្យ​ដើរ​ចេញ​ជា​ថ្នូរ​ទុក​កម្មករ​ឲ្យ​ធ្វើ​ការ​ជំនួស​វិញ ដើម្បី​បញ្ចប់​ការ​ធ្វើ​កូដកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។