ក្រុមកម្មកររោងចក្រ វីន ម៉េក ស៊ូ ឬ វីន ម៉េក មានទីតាំងនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ជាង ៦០០នាក់ នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា បានប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ៣ ចាប់ពីម៉ោងជាង ៧ព្រឹក ដើម្បីទាមទារឲ្យថៅកែរោងចក្រនេះដោះស្រាយទំនាស់ការងារ។
ក្រុមកម្មករបានឲ្យដឹងថា វិវាទការងារនេះពួកគេបានទាមទារឲ្យថៅកែរោងចក្រអនុវត្តលក្ខខណ្ឌចំនួន ១២ចំណុច មានដូចជា៖ មិនត្រូវបញ្ឈប់កម្មការិនីពីការងារពេលមានផ្ទៃពោះ។ មិនត្រូវបង្ខំកម្មករឲ្យធ្វើការថែមម៉ោង និងមិនត្រូវបញ្ឈប់មនុស្សមានអាយុលើសពី ៣៥ឆ្នាំពីការងារជាដើម។ ប៉ុន្តែការទាមទារនេះ ថៅកែរោងចក្រគេចមិនជួបកម្មករទេ ទោះវិវាទបានអូសបន្លាយ ២សប្ដាហ៍មកហើយក្តី។
កម្មករ៖ «ទាមទារកុំឲ្យក្រុមហ៊ុនបញ្ឈប់កម្មករដោយគ្មានមូលហេតុ។ សុំឲ្យមានផ្ទៃពោះចូលធ្វើការវិញ។ បើថៅកែចិន ដឹងថាកម្មការិនីណាម្នាក់មានផ្ទៃពោះ ២ខែ គេបញ្ឈប់ពីការងារហើយ។ សុំកុំឲ្យកម្មករថែមម៉ោង ៨ រហូតសុំឲ្យកម្មករថែមម៉ោងតាមគោលការណ៍ស្ម័គ្រចិត្ត។ អត់មកធ្វើការថ្ងៃអាទិត្យ កាត់លុយ ហើយបើចង់ឈប់ថ្ងៃអាទិត្យ ទាល់តែសុំច្បាប់វាទៀត។ សុំឲ្យមានសហជីពនៅខាងក្រៅ។ គេគាបសង្កត់ឲ្យធ្វើការថ្ងៃអាទិត្យ បើយើងអត់មកធ្វើគេបញ្ឈប់ចោល។ គេឲ្យថែមម៉ោងដល់ម៉ោង ៨ ពេលយើងសុំចេញម៉ោង ៤ ឬ ៦អ៊ីចឹងគេអត់ឲ្យ និងពេលកម្មករឈឺសុំច្បាប់ចេញ ក៏គេមិនឲ្យចេញដែរ ទាល់តែសន្លប់បានឲ្យចេញ»។
ទាក់ទិនបញ្ហានេះ បុគ្គលិកសម្ព័ន្ធសហជីពកម្ពុជា លោក នី ចន្ទតារាវុធ ដែលបានចុះឃ្លាំមើលសកម្មភាពបិទផ្លូវរបស់កម្មករបានឲ្យដឹងថា រោងចក្រ វីន ម៉េក គ្មានសហជីពនៅក្នុងរោងចក្រពីមុនមកទេ។ លោកឲ្យដឹងថា ការដែលក្រុមកម្មកររោងចក្រ វីន ម៉េក ឈានដល់បិទផ្លូវជាតិលេខ៣ គឺដោយសារថៅកែរំលោភសិទ្ធិកម្មករធ្ងន់ធ្ងរ។
លោកបន្តថា ទំនាស់អូសបន្លាយយូរថ្ងៃ ដោយសារតែមន្ត្រីក្រសួង ឬមន្ទីរពាក់ព័ន្ធ និងថៅកែ គេចមិនជួបកម្មករ៖ «កម្មករដែលមានអាយុពី ៣០ ទៅ ៣៥ឆ្នាំ កុំឲ្យថៅកែរោងចក្ររើសអើងកម្មករ។ សុំបញ្ចប់ការថែមម៉ោងនៅម៉ោង ៦ល្ងាច។ សុំឲ្យកម្មករថែមម៉ោងដោយការស្ម័គ្រចិត្ត។ ស្នើឲ្យថៅកែធានារ៉ាប់រងសុខភាពដល់កម្មករ កម្មការិនី។ ស្នើឲ្យមានសហជីពខាងក្រៅ។ សុំឲ្យមានលុយបាយថ្ងៃត្រង់ ១ពេលជារៀងរាល់ថ្ងៃ។ ស្នើសុំដកប្រធានរដ្ឋបាលឈ្មោះ រ៉ា និងឈ្មោះ ម៉ី ប្រធានផ្នែកទឹកហូប និងស្នើឲ្យថៅកែមិនត្រូវបញ្ឈប់កម្មការិនីមានផ្ទៃពោះពីការងារ»។
ក្រុមកម្មករបានឲ្យដឹងថា រហូតមកដល់ម៉ោង ៤រសៀល ថ្ងៃច័ន្ទ មិនឃើញមានមន្ត្រីមកពីក្រសួង ឬមន្ទីរពាក់ព័ន្ធរដ្ឋាភិបាល និងថៅកែរោងចក្រ ចេញមុខជួបកម្មករដើម្បីរកដំណោះស្រាយបញ្ចប់វិវាទនៅឡើយទេ។ ក្រុមកម្មករបានអះអាងថា បើគ្មានដំណោះស្រាយទេ ពួកគេនឹងនៅតែបន្តបិទផ្លូវជាតិលេខ៣ នៅថ្ងៃខាងមុខទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងរោងចក្រ វីន ម៉េក និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តតាកែវ ដើម្បីបំភ្លឺបានទេនៅរសៀលថ្ងៃទី២០ ខែឧសភា។ ប៉ុន្តែនៅចំពោះមុខក្រុមកម្មករព្រឹកថ្ងៃច័ន្ទ មេការជនជាតិចិន រោងចក្រ វីន ម៉េក បានចេញមកគំរាមកម្មករ ដោយសួរមុខអ្នកដឹកនាំធ្វើបាតុកម្មបិទផ្លូវ ប៉ុន្តែបែរជាបដិសេធមិនជួបចរចាជាមួយកម្មករ ដើម្បីរកដំណោះស្រាយទេ។
យ៉ាងណាក៏ដោយ ក្រុមកម្មកររោងចក្រ វីន ម៉េក បានទទូចដល់ថ្នាក់ដឹកនាំក្រសួងការងារ និងជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកដំណោះស្រាយវិវាទការងារជូនពួកគេឲ្យបានឆាប់ ព្រោះទំនាស់នេះ បានអូសបន្លាយ ២សប្តាហ៍មកហើយ ហើយថៅកែរោងចក្របានគេចមិនរកដំណោះស្រាយ។
កម្មកររោងចក្រស្បែកជើង វីន ម៉េក មានចំនួនសរុបជិត ៧០០នាក់។ ពួកគេបានប្រមូលផ្តុំគ្នាធ្វើកូដកម្មបាតុកម្មពីមុខរោងចក្រ ចាប់តាំងពីថ្ងៃទី៧ ខែឧសភា មកម្ល៉េះ។ ក្រុមកម្មករបានឲ្យដឹងថា ដោយគ្មានដំណោះស្រាយ ទើបនៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ពួកគេក៏បានប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំបិទផ្លូវជាតិលេខ៣ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយវិវាទការងារឲ្យបានឆាប់។ ក្រុមកម្មករឲ្យដឹងថា ពួកគេនឹងបន្តបិទផ្លូវជាតិលេខ៣ នៅថ្ងៃបន្តបន្ទាប់ទៀត បើមន្ត្រីជំនាញ និងថៅកែរោងចក្រមិនរកដំណោះស្រាយតាមការទាមទាររបស់កម្មករនោះទេ។
យ៉ាងណាក៏ដោយ ក្រុមកម្មករបានឲ្យដឹងថា មកដល់ម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី២០ ខែឧសភា នេះ ពួកគេបានបើកផ្លូវជាតិលេខ៣ ឲ្យរថយន្តបើកឆ្លងកាត់ឡើងវិញ។ ប៉ុន្តែបានអះអាងថា ពួកគេនឹងបន្តបិទផ្លូវជាតិលេខ៣ នៅថ្ងៃស្អែក ឬថ្ងៃបន្តបន្ទាប់ទៀត រហូតមានមន្ត្រីពីក្រសួងពាក់ព័ន្ធ និងថៅកែរោងចក្រចេញមុខដំណោះស្រាយបញ្ចប់វិវាទការងារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
