សមត្ថកិច្ច​ថា​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​១៩%​ចាប់​ពី​ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី

ដោយ អ៊ុំ រង្សី
2016-01-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រថយន្ត​ដឹក​កម្មករ​ដែល​រង​គ្រោះថ្នាក់​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។
រថយន្ត​ដឹក​កម្មករ​ដែល​រង​គ្រោះថ្នាក់​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។
Licadho Photo

របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ លើក​ឡើង​ថា បន្ទាប់ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត អត្រា​គ្រោះថ្នាក់​ចរាចរ បាន​ថយចុះ​ប្រមាណ ១៩ភាគរយ បើ​ប្រៀបធៀប​ទិន្នន័យ​ក្នុង​រយៈពេល ៦​ថ្ងៃមុន និង​ក្រោយ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។ ចំណែក​ឯ​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ទាក់ទង​ចរាចរណ៍​លើកឡើងថា ការថយចុះ​នេះ​នៅតែ​ជា​ចំនួន​តិចតួច​នៅឡើយ និង​ជម្រុញ​ឲ្យ​សមត្ថកិច្ច​ត្រូវ​រឹតបន្តឹង​មូលហេតុ​សំខាន់ៗ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បន្តទៀត​។

អ្នកនាំពាក្យ និង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ អះអាង​ថា ៦​ថ្ងៃមុន​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៧២​លើក តែ​ក្រោយ​ពេល​អនុវត្ត​រយៈពេល ៦​ថ្ងៃ​មក អត្រា​គ្រោះថ្នាក់​ចរាចរ​ធ្លាក់ចុះ មក​នៅត្រឹម​៥៨​លើក ហើយ​ថយចុះ​បាន​ចំនួន​១៤​លើក។

លោក​ថា ក្នុងនោះ​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ ក៏បាន​ថយចុះ​ផងដែរ ដោយ​ថយ​ពី ៣៧​នាក់ មក​នៅត្រឹម ៣០​នាក់។

ការអះអាង​នេះ ត្រូវបាន​បង្ហាញឡើង នៅក្នុង​សន្និសីទ​ព័ត៌មាន នៃ​ការបង្ហាញ​លទ្ធផល​ប្រតិបត្តិការ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៧​ថ្ងៃ និង​លទ្ធផល​កិច្ចប្រជុំ គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែ មករា។

ទាក់ទិន​នឹង​ករណីនេះ ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ទប់ស្កាត់​ផលប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ មានប្រសាសន៍ថា លោក​គាំទ្រ​ចំពោះ​លទ្ធផល​នៃ​ការថយចុះ​នេះ ព្រោះ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ជោគជ័យ គឺ​ផ្តើម​សំខាន់បំផុត​ពី​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ត្រូវតែ​ពលរដ្ឋ​ឲ្យ​គោរព​ច្បាប់ និង​រឹតបន្តឹង​ច្បាប់​ឲ្យ​មាន​តម្លាភាព។

ប៉ុន្តែ​លោក​អះអាងថា ពើ​ទោះជា​មានការ​ថយចុះ​នេះ ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ក្ដីបារម្ភ និង​មិនទាន់​ឆ្លើយតប​ទៅនឹង​ផែនការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នៅឡើយ​។​

អ្នកជំនាញ​ខាង​ចរាចរណ៍​រូបនេះ​បន្តថា កត្តា​ចំបង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​របួស​ជាង ៩០ភាគរយ កើតឡើង​មកពី​កត្តា​មនុស្ស​បើកបរ​មិន​គោរព​ច្បាប់ និង​ខ្វះ​ការប្រុងប្រយ័ត្ន ដូចជា​ការបើក​ក្នុង​ល្បឿន​លឿន និង​បើក​ក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង​ជាដើម ទាំងនេះ ជា​អ្វីដែល​លោក​ចង់ឃើញ​សមត្ថកិច្ច​យកចិត្តទុកដាក់​អនុវត្តន៍​បន្ថែមទៀត៖ «ខាង​សង្គម​ស៊ីវិល​យើង​ចង់​ឃើញ​មាន​ការ​រឹត​បន្តឹង​ជាប់​លាប់​វិញ គឺ​ការ​រឹត​បន្តឹង​លើ​ការ​បើក​ក្នុង​ល្បឿន​លឿន និង​បើក​ក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង​វិញ ទើប​អត្រា​ដែល​អាច​ថយ​ចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា អាច​ឈាន​ទៅ​កាន់​តែ​ប្រសើរ​ឡើង»

ក្រៅពី​អះអាងថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ ១៩ ភាគរយ។ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ឲ្យ​ដឹង​ទៀតថា ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​រយៈពេល ៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០១-០៦ ខែមករា ឆ្នាំ​២០១៦​នេះ មាន​យានយន្ត​ជាង ១៥​ម៉ឺន​គ្រឿង ( ១៥២.០៥៣ គ្រឿង) ត្រូវបាន​ពិនិត្យ។ ជាងនេះទៀត ក្នុង​ចំណោម​យានយន្ត ដែល​បាន​ពិនិត្យ​ជាង ១៥​ម៉ឺន​គ្រឿង​នេះ មាន​យានយន្ត​ប្រមាណ ២៧,៣៣​ភាគរយ ដែល​ស្មើ​ជាង​៤​ម៉ឺន​គ្រឿង (៤១.៥៦១​គ្រឿង​) បាន​ល្មើសច្បាប់។

ចំពោះ​យានយន្ត ដែល​ល្មើសច្បាប់​នេះ មាន​យានយន្ត ជាង​២​ម៉ឺន​គ្រឿង (២២.២៤២​គ្រឿង ) ស្មើនឹង​ជាង​៥៣(៥៣,៥១​ភាគរយ​) ត្រូវបានធ្វើ​ការអប់រំ។ រីឯ​យានយន្ត​ជិត ២​ម៉ឺន​គ្រឿង ត្រូវបាន​ពិន័យ។ ប្រាក់​ទទួលបាន​ពី​ការផាកពិន័យ​យានយន្ត​ល្មើសច្បាប់​នេះ មាន​ចំនួន​ជាង ៤០០​លាន​រៀល

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Wow so effectiveness just only 8 days down by 19% . At the end of this year maybe 289%,so Cambodia will be no more circulation accident on the road.Congratulation for a job well done.

Jan 08, 2016 05:49 PM

អ្នក​អាន​អនាមិក

With Hong Meas News help reported everyday that can reduced accidents.

Jan 08, 2016 12:18 PM

គេហទំព័រ​ទាំងមូល