អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន មានប្រសាសន៍ថា ការអនុវត្តកំណែទម្រង់ស៊ីជម្រៅវិស័យអប់រំនៅឆ្នាំដំបូង តាមរយៈនៃការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃកន្លងមក គឺលទ្ធផលបានលើសពីការរំពឹងទុករបស់ក្រសួង ដោយសារតែរាល់ភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបានអនុវត្តនូវបទបញ្ញត្តិតាមគោលការណ៍ដែលក្រសួងអប់រំណែនាំ។
លោក រស់ សាលីន៖ «ទីមួយ ជោគជ័យដោយសារការប្រឡងនេះ គឺអនុវត្តបានតាមនីតិវិធីណែនាំរបស់ក្រសួងបានដាក់ចុះ ហើយរាល់បទបញ្ញត្តិណាដែលក្រសួងបានដាក់ចុះ ត្រូវបានគោរពគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន បេក្ខជន មន្ត្រីអប់រំ មន្ត្រីពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងការបំពេញកិច្ចការនេះ ទី២ ភាពជោគជ័យទៀតនោះ គឺដំណើរការប្រឡងនេះ គឺមិនបែកធ្លាយវិញ្ញាសា គឺមានភាពស្ងប់ស្ងាត់ បេក្ខជនបានបំពេញកិច្ចការរៀងៗខ្លួន ចំណុចទី៣ នោះពេលដែលបញ្ចប់ដំណើរការសំណេរនេះ មានការសាទរ និងវាយតម្លៃខ្ពស់ពីបេក្ខជន មាតាបិតា និងពីសាធារណជន»។
ក្រោយពីបញ្ចប់ការប្រឡងរួចមួយថ្ងៃ ខាងគណៈមេប្រយោគទូទាំង ២៥ខេត្តរាជធានី បានពាំនាំនូវរាយការណ៍សរុបនៃការប្រឡងដាក់ជូនក្រសួងអប់រំ នៅក្នុងកិច្ចប្រជុំរួមមួយ នៅរសៀលថ្ងៃទី៦ សីហា។
លោក រស់ សាលីន បញ្ជាក់ថា មានភាពប្រក្រតីខ្លះដែរក្នុងពេលប្រឡង ដូចជា មានបេក្ខជនបន្លំប្រឡងជំនួស មានបេក្ខជនមួយចំនួនអាចយកសំណៅវិញ្ញាសា និងទូរស័ព្ទដៃចូលដល់បន្ទប់ប្រឡង និងមានករណីគ្រូអនុរក្ស ៤នាក់នៅមណ្ឌលវិទ្យាល័យបល្ល័ង្ក និងមណ្ឌលប្រឡងអនុវិទ្យាល័យថ្នល់បែក ក្នុងខេត្តកំពង់ធំ បានយកលុយពីសិស្សជាថ្នូរឲ្យលួចមើលឯកសារ។ ប៉ុន្តែករណីទាំងនោះ ខាងក្រសួងអប់រំ និងមន្ត្រីអង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការភ្លាមៗមិនឲ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡង ហើយក្រសួងអប់រំ នឹងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរឹតបន្តឹងការប្រឡងនៅឆ្នាំក្រោយៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
