អ្នករាយការណ៍ព័ត៌មាន ២នាក់ ប្រចាំខេត្តកំពត របស់ស្ថានីយទូរទស្សន៍ចំនួនពីរផ្សេងគ្នា ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅចាប់ខ្លួនដោយផ្ទាល់នៅខេត្តកំពត កាលពីថ្ងៃទី១២ ខែកញ្ញា ដែលគេសង្ស័យថាពាក់ព័ន្ធការជំរិតទារប្រាក់។
អ្នកគ្រប់គ្រងផ្នែកព័ត៌មានរបស់ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ លោក ឯម ប៊ុនធឿន បានបញ្ជាក់ថា ពិតជាមានការចាប់ខ្លួនអ្នករាយការណ៍ព័ត៌មានរបស់លោកម្នាក់មែន តែមិនទាន់ដឹងច្បាស់ថាមកពីមូលហេតុអ្វីទេ។
ចំណែកបុគ្គលិកផ្នែកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ហង្សមាស ក៏បានឲ្យដឹងក្រៅផ្លូវការថា ក្រុមការងាររបស់គាត់ ពិតជាត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមែន និងអាចពាក់ព័ន្ធបទជំរិតទារប្រាក់។
ទាក់ទងបញ្ហានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានបដិសេធអត្ថាធិប្បាយនៅថ្ងៃទី១៣ កញ្ញា ដោយលោកអះអាងកំពុងជាប់សួរចម្លើយ។
អ្នកសារព័ត៌មានទាំងពីរនាក់នោះរួមមាន ឈ្មោះ លោក ថុល ហុកលី អ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងលោក ស័រ ស៊ុនលី អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ហង្សមាស និងជាសហការីកាសែតកម្ពុជាថ្មី ប្រចាំខេត្តកំពត ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅកន្លែងពីរផ្សេងគ្នា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ដោយកម្លាំងសមត្ថកិច្ចពីរាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍នានាបានឱ្យដឹងថា ការចាប់ខ្លួនអ្នកកាសែតទាំងពីររូបនេះ គឺលោក ថុល ហុកលី អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ កំពុងអង្គុយទទួលទានអាហារក្នុងភោជនីយដ្ឋានហេងរស្មី ក្នុងទឹកដីភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត នាអំឡុងម៉ោងប្រហែលជាង ៨យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤។ ហើយ លោក ស័រ ស៊ុនលី អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ហង្សមាស និងជាសហការីកាសែតកម្ពុជាថ្មី ក៏ត្រូវសមត្ថកិច្ចហៅចេញក្រៅ រួចឃាត់ខ្លួន នៅពេលកំពុងចូលរួមពិសារភោជនាហារនៅភោជនីយដ្ឋានមានហួត ក្នុងកម្មវិធីប្រកាសតំណែងនាយរងខណ្ឌរដ្ឋបាលព្រៃឈើមួយរូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
