អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៣ ខែមិថុនា ធ្វើសន្និសីទកាសែតមួយ បន្ទាប់ពីមន្ត្រីនាយកដ្ឋានរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌ម្នាក់ ឈ្មោះ នួន សារ៉ាត់ និងបក្សពួកម្នាក់ទៀត ជាមន្ត្រីនគរបាល ឈ្មោះ កែវ សុផល បានយកឈ្មោះអង្គភាពនេះទៅឆបោកប្រាក់ប្រជាពលរដ្ឋចំនួន ២.៥០០ដុល្លារ ជាថ្នូរនឹងការរត់ការដោះលែងសាច់ញាតិរបស់ពលរដ្ឋទាំងនោះ។
ប្រធាននាយកដ្ឋានទទួលពាក្យបណ្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ លោក នួន សុធិមន្ត មានប្រសាសន៍ថា តាមច្បាប់បទល្មើសឆបោកមិនមានជាតួនាទីរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ ប៉ុន្តែដោយសារតែជនសង្ស័យបានប្រើឈ្មោះស្ថាប័ននេះយកទៅគាបលុយគេ ទើបព្រះរាជអាជ្ញាអនុញ្ញាតឲ្យអង្គភាពសាមីស៊ើបអង្កេត។ លោកបន្តថា បន្ទាប់ពីនាំខ្លួនជនសង្ស័យ និងដើមបណ្ដឹងមកសួរចម្លើយ ជនសង្ស័យក៏បានសារភាព ហើយអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនជនសង្ស័យទៅកាន់តុលាការ។
លោកព្រមានថា ចាប់ពីពេលនេះតទៅ បើសិនជាមាននរណាម្នាក់ហ៊ានយកឈ្មោះស្ថាប័ននេះទៅជំរិតទារលុយគេ ទោះបីជាបុគ្គលនោះជាបុគ្គលិកអង្គភាពក្អី ឬអ្នកដទៃក៏ដោយ ជននោះនឹងមិនរួចខ្លួនឡើយ៖ «មិនមានមន្ត្រីណាមួយ ឬថ្នាក់ដឹកនាំណាមួយយកឈ្មោះតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអំពើមិនគប្បីណាមួយទេ យើងនឹងបន្តការងារតទៀត បើគាត់នៅតែយកឈ្មោះអង្គភាពទៅសម្លុតគំរាមកំហែង គឺយើងធ្វើការងារណាដែលជាបទល្មើសប្រឆាំងអំពើពុករលួយ ក្នុងមាត្រា ២៥ នៃច្បាប់យើងក៏ចែងច្បាស់ដែរថា ឲ្យតែមានការអនុញ្ញាតពីតុលាការអង្គភាពនេះអាចធ្វើបានទាំងអស់»។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជាដើមបណ្ដឹងដែលបានយកប្រាក់ទៅឲ្យជនសង្ស័យដើម្បីឲ្យជនសង្ស័យទាំងពីរនាក់ជួយរត់ការឲ្យដោះលែងសាច់ញាតិពីក្នុងគុកព្រៃសនោះ មិនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់នោះទេ ដោយមន្ត្រីអង្គភាពនេះសំអាងថា មកពីពលរដ្ឋទាំងនោះចាញ់ឧបាយកលជនសង្ស័យ។
សេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋប្ដឹងពីករណីបទល្មើសចំនួន ៣ផ្សេងគ្នា។ ករណីទី១ គឺពលរដ្ឋនៅខេត្តកំពត ប្ដឹងពីបទបើកយកលុយ ២.៥០០ដុល្លារ ជាថ្នូរនឹងរត់ការដោះលែងអ្នកទោសចេញពីគុកព្រៃស។ ករណីទី២ ប្រជាពលរដ្ឋនៅបុរីកីឡា ប្ដឹងពីបទជួយរត់ការដោះលែងអ្នកទោសចេញពីគុកព្រៃស ដូចគ្នានឹងករណីទី៣ ជាករណីប្ដឹងពីបទរឹបអូសដីធ្លីរបស់ប្រជាពលរដ្ឋនៅស្រុកឈូក ខេត្តកំពត។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ស្វាគមន៍ចំណាត់ការនេះ។លោកយល់ថា ការយកឈ្មោះស្ថាប័នមួយទៅបម្រើផលប្រយោជន៍បុគ្គល ឬបក្សពួក ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ជាទង្វើផ្ទុយទៅនឹងនីតិវិធីច្បាប់ ហើយត្រូវតែមានទោស។ លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយ ជាអង្គភាពវិជ្ជាជីវៈដែលធ្វើការងារសំអាតអំពើពុករលួយ ដើម្បីការអភិវឌ្ឍប្រកបដោយតម្លាភាព។ ជនណាក៏ដោយមិនអាចយកអង្គភាពនេះទៅបម្រើផលប្រយោជន៍ក្រុម ឬបក្សពួកណាមួយឡើយ។
កាលពីពេលកន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានចាប់ខ្លួនមនុស្សម្នាក់ដែលបានយកឈ្មោះអង្គភាពនេះទៅដើរគោះលុយមន្ត្រីនគរបាលនៅតាមបណ្ដាខេត្តមួយចំនួនម្ដងរួចហើយ ដោយបុរសម្នាក់នោះទារប្រាក់ពីបានពីស្នងការនគរបាលខេត្តបាត់ដំបង និងស្នងការនគរបាលខេត្តកំពត មួយអង្គភាពចំនួនជាង ១ពាន់ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
