អង្គភាពប្រឆាំងអំពើពុករលួយ អំពាវនាវវិស័យឯកជនចូលរួមប្រឆាំងអំពើពុករលួយ តាមរយៈធ្វើឲ្យក្រុមហ៊ុនស្អាតស្អំ ដោយកុំប្រគល់លុយទៅឲ្យបុគ្គលណាម្នាក់ដោយខុសច្បាប់។
វិស័យឯកជនដែលភាគច្រើនជាក្រុមហ៊ុនអន្តរជាតិ បង្ហាញថា ស្ថាប័នពួកគេភាគច្រើនមានច្បាប់កំណត់ត្រឹមត្រូវក្នុងពេលប្រតិបត្តិការងារ ព្រោះប្រទេសកំណើតរបស់ពួកគេតែងតែទម្លាប់គោរពច្បាប់ ប៉ុន្តែមានការលំបាកក្នុងបរិយាកាសនៅកម្ពុជា ដែលទម្លាប់ពុករលួយតាមរយៈប្រើលុយក្រោមតុ ឬគេឲ្យឈ្មោះថា លុយទឹកតែ កុំមីស្យុង និងតាមរូបភាពផ្សេងៗទៀតទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធការងារជាមួយក្រុមហ៊ុន។
អង្គភាពប្រឆាំងអំពើពុករលួយ លើកទឹកចិត្តវិស័យឯកជនធ្វើជាជនបង្គោល ឬជាស្នូលនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយកុំប្រើសំណូកដើម្បីសម្រេចគោលដៅការងាររបស់ខ្លួននោះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងក្នុងកិច្ចពិគ្រោះយោបល់រវាងអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយវិស័យឯកជន ស្ដីពីកម្មវិធីប្រឆាំងអំពើពុករលួយកាលពីរសៀលថ្ងៃទី១៥ ខែសីហា ថា ស្ថាប័នលោកក៏ខិតខំជួយផ្តល់ជាកម្លាំងចិត្តផ្តល់នូវអាវុធខាងផ្លូវច្បាប់ការពារ នៅពេលដែលប្រកែកមិនព្រមឲ្យលុយខុសច្បាប់ទៅជនណាមួយ ហើយលោកក៏រឹតបន្តឹងបញ្ហានេះទៅខាងមន្ត្រីរដ្ឋាភិបាលដែរ៖ «ខាងវិស័យឯកជនលើផ្នែកអំណាចវាទន់ខ្សោយជាង ហើយត្រូវគេទាមទារឲ្យបង់នេះបង់នោះដោយខុសច្បាប់ គាត់ក៏មិនអាចរស់បាន គាត់ក៏មិនអាចដំណើរការបាន វាធ្វើឲ្យមានផលលំបាកច្រើន»។
លោកបន្តថា បញ្ហានេះមិនមែនជាការចាប់ផ្ដើមទេ តែជាការបើកទំព័រថ្មីមួយទៀតដែលហៅថា ជាការរំដោះវិស័យឯកជនឲ្យចេញផុតពីការលំបាកក្នុងការទាមទារលុយពីមន្ត្រីពុករលួយ៖ «ហើយបើសិនគេដកលុយពីហោប៉ៅ ហើយគេមកវិនិយោគ ដូចគេដកលុយពីហោប៉ៅមកធ្វើបាបខ្លួនឯង ហើយសួរថា គាត់បន្តទៀតទេ? បើគាត់មិនបន្តយើងម៉េច? យើងលំបាក បើពុករលួយខ្លាំងសេដ្ឋកិច្ចដើរអត់រួចទេ សេដ្ឋកិច្ចលំបាក»។
ទាក់ទងបញ្ហានេះ ក្រុមហ៊ុនឯកជនខ្លះថា ក្រុមនីមួយៗមានច្បាប់ប្រឆាំងអំពើពុករលួយកំណត់ពីប្រទេសដើម និងប្រទេសដែលត្រូវវិនិយោគ សម្រាប់ប្រទេសកម្ពុជា ក៏មានដូចគ្នា ប៉ុន្តែការពិតជាក់ស្តែង គឺពិបាកអនុវត្តទៅតាមច្បាប់នោះ ជាពិសេសក្នុងបរិយាកាសប្រទេសដែលធ្លាប់មានអំពើពុករលួយទៅហើយ។
តំណាងពីក្រុមហ៊ុនកូកាកូឡា ក្នុងចំណោមក្រុមហ៊ុនឯកជនប្រមាណជាង២០ផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះដែរ បានបង្ហាញពីបទពិសោធន៍របស់ខ្លួន បន្ទាប់ពីបានចុះអនុសារណៈយោគយល់គ្នាជាមួយអង្គភាពប្រឆាំងអំពើពុករលួយថា មុនមានកិច្ចព្រមព្រៀង ក្រុមហ៊ុនមានការលំបាកច្រើនរវាងច្បាប់ និងការអនុវត្តជាក់ស្តែង ដូចជាការចាយលុយក្រោមតុ ដើម្បីឲ្យការងារក្រុមហ៊ុនដើរ។ ប៉ុន្តែទោះយ៉ាងណា ក៏ក្រុមហ៊ុនត្រូវគោរពច្បាប់ ព្រោះសូកក៏ត្រូវជាប់គុក។ ដូច្នេះមានតែងាកទៅឲ្យខាងអង្គភាពប្រឆាំងអំពើពុករលួយជួយដោះស្រាយក្នុងរឿងនេះ៖ «នៅពេលដែលយើងបានចុះ អិម.អូ.យូ (MOU) ហើយការងារមួយចំនួនពិតជាបានប្រសើរជាងមុនមែន ងាកទៅខាងគយក៏ងាយស្រួលងាកទៅខាងពន្ធដារ ក៏រាងងាយស្រួលបញ្ហាវានៅមានខ្លះដែរ ប៉ុន្តែយើងចាប់ផ្ដើមដោះស្រាយបណ្ដើរៗ»។
ការជួបពិភាក្សាគ្នានៅពេលនេះ ធ្វើឡើងមុនពេលមានកិច្ចប្រជុំធំមួយនៅកម្ពុជា ដែលនិយាយអំពីការប្រឆាំងអំពើពុករលួយ ដោយមានតំណាងប្រមាណ ៣០ប្រទេសចូលរួម ក្នុងនោះក៏មានវិស័យឯកជនចូលរួមផងដែរនៅខែកញ្ញា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
