ACU ព្រមាន​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ប៉ៃលិន​ថា​ធ្វើ​របាយការណ៍​ចាយ​លុយ​រដ្ឋ​មិន​ត្រឹមត្រូវ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU = Anti-Corruption Unit) ព្រមាន​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ពី​បទ​ធ្វើ​របាយការណ៍​ចាយ​វាយ​ថវិកា​ជាតិ​មិន​ត្រឹមត្រូវ។

លិខិត​ព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ បញ្ជាក់​ថា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន លោក ភី ឡងឌី ធ្វេស​ប្រហែស​មើល​ងាយ​ការងារ​ចំណាយ​ថវិកា​រដ្ឋ ធ្វើ​របាយការណ៍​ភូត​កុហក​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ជាក់ស្តែង។

លិខិត​នោះ​ព្រមាន​ថា លោក ភី ឡងឌី ត្រូវ​បញ្ឈប់​រាល់​ការ​ប្រព្រឹត្ត​សកម្មភាព ឬ​កំហុស​ឆ្គង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត។ លិខិត​ដដែល​បាន​ណែនាំ​ប្រធាន​មន្ទីរ​រូប​នេះ ថា​ត្រូវ​គោរព​កាតព្វកិច្ច​ការងារ​ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ និង​ត្រូវ​សន្យា​ថា​មិន​ចាយ​លុយ​ជាតិ​ខុស​គោលដៅ ព្រម​ទាំង​បំពេញ​ការងារ​ដោយ​មាន​ក្រម​សីលធម៌​ខ្ពស់​ជាមួយ​សហការី​ជាដើម។

ប្រធាន​មន្ទីរ​រូប​នេះ នឹង​ត្រូវ​ធ្វើ​របាយការណ៍​ចំណូល​ចំណាយ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រៀង​រាល់ ៣​ខែ​ម្តង ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គំរាម​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ បើ​សិន​ជា​ប្រធាន​មន្ទីរ​រូប​នេះ​មិន​គោរព​តាម​ការ​ព្រមាន​នោះ។ ប្រភព​ក្រៅ​ផ្លូវ​ការ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លិខិត​ព្រមាន​នេះ​កើត​ឡើង បន្ទាប់​ពី​មន្ត្រី​ក្រោម​ឱវាទ​នៅ​ក្នុង​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ប្ដឹង​ប្រធាន​មន្ទីរ​ពី​បទ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។