ម្ចាស់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយសម្រាប់កម្ពុជា គ្រោងនឹងបញ្ចេញទឹកប្រាក់ជាង ៨០០លានដុល្លារអាមេរិក ដែលជាទឹកប្រាក់កម្ចីសម្បទានសម្រាប់ប្រទេសកម្ពុជា ដើម្បីលើកស្ទួយមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅរយៈពេល ៥ឆ្នាំខាងមុខ។ ស្របពេលជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) ក៏បានព្រមានថា ទឹកប្រាក់នោះត្រូវយកមកអនុវត្តន៍ឲ្យឆ្លើយតបទៅការអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ។
ស្របពេលដែលរាជរដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា បានជាប់ឯកត្តកម្មលើកំណើនខ្ពស់ជាងគេនៅលើពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ក៏បានប្រកាសនៅថ្ងៃទី១ ធ្នូ ថា ឈប់ផ្ដល់ជំនួយដល់កម្ពុជា ដោយជំនួសមកជាកម្ចីសម្បទានវិញ។ ទឹកប្រាក់ជាង ៨០០លានដុល្លារអាមេរិក នឹងផ្ដល់ទៅប្រទេសកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដែលជាប្រភេទហិរញ្ញប្បទានសម្បទាន មានន័យថា គឺជាប្រាក់កម្ចីដែលរាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីក្នុងអត្រាការប្រាក់ទាបបំផុត និងមានរយៈពេលអនុគ្រោះ។ ប៉ុន្តែប្រាក់កម្ចីនោះ គឺត្រូវយកអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីជំរុញល្បឿនសេដ្ឋកិច្ចនៅប្រទេសក្រីក្រ ឲ្យក្លាយជាប្រទេសជឿនលឿន យ៉ាងឆាប់រហ័ស។
តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា យុទ្ធសាស្ត្រភាពជាដៃគូថ្មីសម្រាប់ប្រទេសកម្ពុជា នេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានការបង្កើតការងារ សមធម៌ និងប្រសិទ្ធភាព។ នាយកធនាគារអភិវឌ្ឍន៍អាស៊ី លោក អៀរិក ស៊ីដវិច (Eric Sidgwick) មានប្រសាសន៍ថា ចំនួនទឹកប្រាក់កម្ចីជាង ៨០០លានដុល្លារ ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសនៅពេលនេះ គឺជាការប្ដេជ្ញាចិត្តមួយដែលចង់ឃើញប្រទេសកម្ពុជា ទទួលបាននូវកំណើនសេដ្ឋកិច្ច ការធ្វើឲ្យសម្បូរបែបនូវមូលដ្ឋានសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
ហេតុផលសំខាន់មួយដែលម្ចាស់ជំនួយអភិវឌ្ឍជាច្រើនបានប្រកាសផ្ដល់ប្រាក់កម្ចីសម្បទានដល់កម្ពុជា គឺដោយសារគេចាត់ទុកថា កម្ពុជាមិនមែនជាប្រទេសក្រីក្រទៀតឡើយ។ ប៉ុន្តែជំហររាជរដ្ឋាភិបាលកម្ពុជាវិញ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំថវិកាជាតិនៅឆ្នាំ២០១៥ ថា កម្ពុជាបន្តស្វែងរកជំនួយជាជាងស្នើសុំប្រាក់កម្ចី។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានអះអាងថា កម្ពុជាមាននៅលទ្ធភាពខ្ចីបំណុលបរទេសបានបរិមាណច្រើនទៀតរៀងរាល់ឆ្នាំ ប៉ុន្តែជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែត្រូវការជំនួយបរទេស៖ «សំឡេង»។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីរកឃើញថា សេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ តែកម្ពុជានៅមានក្រុមអ្នកងាយរងគ្រោះជាច្រើន ដូចជាក្រុមអ្នកក្រីក្រ ក្រុមអ្នកគ្មានការងារធ្វើ និងក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងដីសម្បទានសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ និងទំនប់វារីអគ្គិសនីជាដើម។ តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋដែលស្ថិតនៅក្រុមអ្នកងាយរងគ្រោះទាំងនោះ មានចំនួនប្រមាណ ៩លាននាក់ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាសរុប ១៥លាននាក់។ ប៉ុន្តែនាយកធនាគារអភិវឌ្ឍន៍អាស៊ី លោក អៀរិក ស៊ីដវិច មានប្រសាសន៍ថា ទឹកប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គឺអាចជួយដោះស្រាយបញ្ហាទាំងអស់នេះបាន គឺអាស្រ័យលើការប្រើប្រាស់ធនធាន៖ «សំឡេង»។
ទោះជាយ៉ាងណាក៏ដោយ គោលបំណងសំខាន់នៃការផ្ដល់ប្រាក់កម្ចីនេះ គឺកសាងបរិយាកាសសម្រាប់វិស័យឯកជន ការបង្កើនលទ្ធភាពទទួលបានឥណទានតាមជនបទ និងការបង្កើតការងារ។ ប្រសិនបើអនុវត្តមិនបានល្អនោះ ទឹកប្រាក់កម្ចីជាង ៨០០លានដុល្លារអាមេរិកនេះ គឺសមាមាត្រនឹងប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ ត្រូវជំពាក់បំណុលគេចំនួនជាង ៥០ដុល្លារបន្ថែមទៀតសម្រាប់រយៈពេល ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
