ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានព្យាករសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៥ សម្រេចបានកំណើន ៧% ដែលបានចូលរួមពីវិស័យសំខាន់របស់កម្ពុជា ដូចជា កសិកម្ម កាត់ដេរ និងវិស័យទេសចរណ៍។ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា កំណើនសេដ្ឋកិច្ចដែលស្ថាប័នអភិវឌ្ឍន៍សម្រេចបាននោះ មិនបែងចែកផលដល់ប្រជាពលរដ្ឋស្មើគ្នាឡើយ។
របាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅថ្ងៃទី២៤ មីនា បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តរីកចម្រើនជាលំដាប់នៅក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយសារការនាំចេញរបស់កម្ពុជា កើនឡើង។ របាយការណ៍ដដែលនោះ បានលើកយកហេតុផលសំខាន់មួយដែលជាមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នោះ គឺភាពកាន់តែរឹងមាំនៃដំណើរការសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មរបស់កម្ពុជា មានដូចជាសហរដ្ឋអាមេរិក ថៃ និងសហភាពអឺរ៉ុប បានជំរុញសេដ្ឋកិច្ចកម្ពុជា មានកំណើនកាន់តែខ្ពស់នាពេលអនាគត។
ម៉្យាងវិញទៀត ភាពធូរស្រាលនៃសម្ពាធនយោបាយ និងការធ្លាក់ថ្លៃប្រេងឥន្ធនៈ គឺជាឱកាសថ្មីបន្ថែមទៀតក្នុងការបង្កលក្ខណៈងាយស្រួលអ្នករកស៊ីក្នុងស្រុក និងទាក់ទាញវិនិយោគិនបរទេស។
សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក ជេន ហាន់សេន (Jan Hansen) មានប្រសាសន៍ថា របាយការណ៍នេះ គឺជាការបង្ហាញអំពីភាពរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា បានដល់កម្រិតណា បើធៀបនឹងប្រទេសនៅក្នុងតំបន់អាស៊ី។ លោកបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនដល់ ៧,៥% និងអត្រាអតិផរណាវិញ បានធ្លាក់ចុះមកនៅប្រមាណ ២% នៅក្នុងឆ្នាំ២០១៥។
បញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងកាលពីថ្ងៃទី២៣ មីនា ថា ក្រោមការដឹកនាំរបស់លោក និងគណបក្សប្រជាជនកម្ពុជា បានបង្កលក្ខណៈងាយស្រួលដល់ការរកស៊ី ប៉ុន្តែក្រុមអាជីវករទាំងនោះ ក៏ត្រូវទទួលខុសត្រូវលើការបង់ពន្ធជូនរដ្ឋផង៖ «រឿងធំជាងគេមានស្ថិរភាពនយោបាយ មានអាជីវកម្មឲ្យបានល្អ ហើយរដ្ឋសង្ឃឹមថា មានការបង់ពន្ធមកវិញ ព្រោះរដ្ឋបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ា»។
ផ្ទុយពីការលើកឡើងរបស់លោក ហ៊ុន សែន នេះ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) មានប្រសាសន៍ស្របពេលចេញរបាយការណ៍ព្យាករសេដ្ឋកិច្ច នៅថ្ងៃទី២៤ មីនា ថា ឧបសគ្គចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមាន ក្នុងនោះ រួមមានបញ្ហាច្បាប់ទម្លាប់ និងបញ្ហាទាក់ទងនឹងតម្លៃអគ្គិសនី។ ម៉្យាងវិញទៀត អត្រាកំណើនសេដ្ឋកិច្ចដែលបានព្យាករមានចំនួន ៧% ក្នុងមួយឆ្នាំ គឺបង្ហាញសកម្មភាពសេដ្ឋកិច្ចកម្ពុជា ជាទូទៅ ប៉ុន្តែអត្រានៃកំណើននេះ មិនឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋកម្ពុជា អាចទទួលផលពីកំណើនសេដ្ឋកិច្ចទាំងស្រុងឡើយ៖ «បញ្ហាដែលទាក់ទងនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជានោះ គឺការបែកចែកផលពីកំណើនសេដ្ឋកិច្ចប្រកបដោយស្មើភាពគ្នា។ ដូច្នេះ ប្រសិនបើកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចកាន់តែធំ មានន័យថា ប្រជាពលរដ្ឋកម្ពុជា អាចទទួលផលពីកំណើនសេដ្ឋកិច្ចកាន់តែធំជាងមុន ប៉ុន្តែក៏មិនមែនមានន័យថា អាចទទួលបានផលពីកំណើននោះគ្រប់គ្នាដែរ»។
អ្នកវិភាគសេដ្ឋកិច្ចមួយចំនួនយល់ឃើញថា ស្របពេលដែលកម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់នោះ ឧបសគ្គចំពោះកំណើនក៏កើតមានឡើងដែរ ក្នុងនោះ រួមមានបញ្ហាឡើងថ្លៃទំនិញ ការបណ្ដេញចេញពីគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល និងភាពអន់ខ្សោយនៃសេវាសាធារណៈ។
តាមការប៉ាន់ស្មានដោយស្ថាប័នស្រាវជ្រាវអភិវឌ្ឍន៍នានានៅកម្ពុជា បានបង្ហាញថា បច្ចុប្បន្ន ក្រុមប្រជាពលរដ្ឋរងគ្រោះបានកើនឡើងរហូតដល់ ៩លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុប ១៥លាននាក់ ក្នុងនោះរួមមានក្រុមអ្នកក្រីក្រ ក្រុមអ្នកគ្មានការងារធ្វើ ក្រុមពលករចំណាកស្រុក និងក្រុមប្រជាពលរដ្ឋគ្មានផ្ទះសម្បែងដែលរងគ្រោះពីការបណ្ដេញចេញជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
