ការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី១ ខែមេសា បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៤ ថា មានអត្រា ៧%។ ស្ថាប័នដដែលបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំនេះ គឺអាស្រ័យលើរយៈពេលនៃការជាប់គាំងនយោបាយ ដែលជាឥទ្ធិពលអាក្រក់មួយប៉ះពាល់ដល់ការអភិវឌ្ឍវិស័យឯកជន។
ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការកែប្រែមូលដ្ឋានព្យាករណ៍កំណើនរបស់ខ្លួនឡើងវិញ ដែលបានថា ការរំពឹងទុកកំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនតិចតួចបើធៀបនឹងឆ្នាំមុន បន្ទាប់ពីស្ថាប័ននេះ កត់សម្គាល់ឃើញថា វិបត្តិនយោបាយបច្ចុប្បន្នមិនទាន់បានដោះស្រាយចប់នៅឡើយ។
របាយការណ៍ពិសេសប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្ដីពីសេដ្ឋកិច្ចដែលចេញផ្សាយនៅថ្ងៃទី១ មេសា បានបង្ហាញអំពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១៤ ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថយចុះមកត្រឹម ៧% នៅក្នុងឆ្នាំ២០១៤ បើប្រៀបធៀបនឹងឆ្នាំ២០១៣ ដែលមានកំណើន ៧.២%។
ការថយចុះដោយសារតែមានភាពតានតឹងខាងផ្នែកនយោបាយ ដែលបានកើនឡើងកាលពីខែកក្កដា ឆ្នាំ២០១៣ និងបញ្ហាទាមទារដំឡើងប្រាក់ឈ្នួលពីសំណាក់កម្មករកាត់ដេរ ដែលបានប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគធ្លាក់ចុះ និងបានបង្កឲ្យមានការរំខានដល់ផលិតកម្មសំលៀកបំពាក់។
នាយកការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) មានប្រសាសន៍ថា បើទោះជាមានភាពនឹងនខាងផ្នែកនយោបាយ និងទីផ្សារពលកម្ម ដែលអាចនឹងបន្តកើនឡើងនាពេលខាងមុខទៀត ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងមានកំណើនល្អប្រសើរនៅពេល ២ឆ្នាំខាងមុខទៀត។ កំណើននេះគឺឆ្លុះបញ្ចាំងមកពីកំណើននៃការនាំចេញ កំណើនក្នុងវិស័យសេវាកម្ម និងការពង្រឹងការស្ដារសេដ្ឋកិច្ចឡើងវិញ នៅតាមបណ្ដាប្រទេសឧស្សាហកម្មធំៗនៅលើពិភពលោក។
លោក អៀរិក ស៊ីដវិច៖ «បើយើងនិយាយដោយសង្ខេប ទស្សនវិស័យសេដ្ឋកិច្ច ជាពិសេសលើកំណើនសេដ្ឋកិច្ច និងអត្រាអតិផរណានៅតំបន់ និងពិភពលោក គឺមានស្ថិរភាព។ ម៉្យាងវិញទៀត ហានិភ័យចំពោះការព្យាករកំណើនសេដ្ឋកិច្ចក៏អាចគ្រប់គ្រងបាន។ ប៉ុន្តែកំណើននោះ គឺជាប់ពាក់ព័ន្ធនឹងគោលនយោបាយរូបិយវត្ថុនៅសហរដ្ឋអាមេរិក និងភាពប្រសើរឡើងសេដ្ឋកិច្ចរបស់ប្រទេសចិន»។
បន្ថែមលើនេះ សេដ្ឋវិទូថ្នាក់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក ឌួង ពូលឡង់ មានប្រសាសន៍ថា ការព្យាករសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៤ នេះ ហាក់មានភាពស្រពេចស្រពិលខ្លះ ដោយខុសពីការព្យាករកាលឆ្នាំមុន ដោយសារតែបញ្ហានយោបាយមិនទាន់ដោះស្រាយបាននៅឡើយ។ លោកបញ្ជាក់ថា នៅឆ្នាំ២០១៥ កំណើនសេដ្ឋកិច្ចកម្ពុជា សង្ឃឹមថា នឹងប្រសើរឡើងវិញបើធៀបនឹងឆ្នាំ២០១៤។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានអះអាងថា ភាពជាប់គាំងនយោបាយ និងការធ្វើបាតុកម្មកន្លងមក បានធ្វើឲ្យអ្នកវិនិយោគបរទេស និងអ្នកវិនិយោគក្នុងស្រុកមួយចំនួន រង់ចាំមើល ភាពប្រសើរឡើងនៃស្ថានការណ៍ក្រោយការបោះឆ្នោត ឬអាចនិយាយថា អ្នកវិនិយោគបរទេសមានភាពរារែកក្នុងការបណ្ដាក់ទុនបន្ថែម។ ស្របពេលជាមួយគ្នានេះ លោកបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ការស្នើសុំគម្រោងវិនិយោគបរទេស មានការកើនឡើង ស្របពេលកម្ពុជា មានភាពជាប់គាំងនយោបាយ។
លោក ស៊ុន ចាន់ថុល៖ «ប៉ុន្តែសំណូមពរខ្ញុំ ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានតួនាទីដើរប្រមូលទាក់ទាញអ្នកវិនិយោគនេះ បើគណបក្សសង្គ្រោះ ចូលទៅដោះស្រាយជាតិនៅរដ្ឋសភា ការដែលខ្ញុំទៅទាក់ទាញអ្នកវិនិយោគ ប្រហែលជាស្រួលនិយាយបន្តិច។ បើគេសួរថា យ៉ាងម៉េចហើយនយោបាយ ដោះស្រាយចេញឬនៅ? បើដោះស្រាយមិនទាន់ចេញ គឺថា ធ្វើដំណើរអត់រលូន គឺនៅរលាក់បន្តិច ត្រឹងហ្នឹង។ ប៉ុន្តែនៅតែធ្វើដំណើរទៅមុខបានដដែល»។
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក អៀរិក ស៊ីដវិច មានប្រសាសន៍ថា កត្តាសំខាន់ពីរបានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៤។ កត្តាទីមួយ គឺបញ្ហានយោបាយពិតជាបានប៉ះពាល់ដល់ការវិនិយោគ ជាពិសេស អ្នកវិនិយោគថ្មី។ កត្តាសំខាន់ទីពីរ គឺការតវ៉ារបស់កម្មករដែលប៉ះពាល់ដល់ការនាំចេញវិស័យកាត់ដេរសំលៀកបំពាក់។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញថា ការនាំចេញសំលៀកបំពាក់បានធ្លាក់ចុះមកត្រឹម ៨.៧% នៅឆ្នាំ២០១៤ ថយចុះពីជាង ១០% នៅឆ្នាំ២០១៣។ កំណើនវិស័យសេវាកម្មក៏ថយចុះមកត្រឹម ៧% និងកំណើនវិស័យកសិកម្ម បានថយចុះមកត្រឹម ២% នៅឆ្នាំ២០១៤។ ដោយឡែក លំហូរវិនិយោគផ្ទាល់ពីបរទេស មានទំហំ ១.៣០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៤ មានការធ្លាក់ចុះដែរ បើធៀបនឹងឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
