ធនាគារ​អភិវឌ្ឍន៍​អាស៊ី៖ គម្រោង​ពង្រឹង​ការ​អប់រំ​សម្រេច​បាន​ជាង​៩០%

0:00 / 0:00

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​៣ មិថុនា បាន​ប្រកាស និង​វាយ​តម្លៃ​លទ្ធផល​គម្រោង​ពង្រឹង​ការ​អប់រំ​របស់​ខ្លួន ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​២០០៨។ ការ​វាយ​តម្លៃ​នេះ ដើម្បី​ដឹង​ថា គម្រោង​ដែល​ទទួល​បាន​ជំនួយ​ឥត​សំណង​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នេះ បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​កម្រិត​ណា នៅ​ពេល​បញ្ចប់​នៅ​ខែ​តុលា ឆ្នាំ​២០១៤ នោះ។

មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ក្រសួង​ពាក់ព័ន្ធ​នានា បាន​បង្ហាញ​លទ្ធផល​សម្រេច​បាន​ជាង ៩០% នៃ​គម្រោង​ពង្រឹង​ការ​អប់រំ ដែល​ទទួល​ជំនួយ​ឥត​សំណង​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​រដ្ឋាភិបាល​កម្ពុជា។

នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) មាន​ប្រសាសន៍​ថា ការ​វិនិយោគ​នៃ​ជំនួយ​ឥត​សំណង​នេះ នឹង​បង្កើន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព ដែល​អាច​ជួយ​ឲ្យ​ប្រទេស​កម្ពុជា ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ដែល​ចេះ​តែ​វិវឌ្ឍ​ទៅ​មុខ។ ម្យ៉ាង​វិញ​ទៀត គម្រោង​នេះ​នឹង​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​នេះ​កាន់​តែ​ខ្លាំង​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥។

លោក ស៊ីដវិច បាន​បញ្ជាក់​ទៀត​ថា ការ​អប់រំ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​ជា​ផ្នែក​មួយ​ដែល​យក​ចិត្ត​ទុក​ដាក់​បំផុត​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៤។

«សំឡេង»

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ពេជ សោភ័ណ មាន​ប្រសាសន៍​ថា ការងារ​បច្ចេកទេស គឺ​ជា​មូលដ្ឋាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម តាម​រយៈ​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។ ជាក់ស្ដែង ការងារ​បច្ចេកទេស​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ទាប​បំផុត ឬ​ជា​ប្រភេទ​ការងារ​ដែល​គេ​មើល​រំលង។

«សំឡេង»

លោក ពេជ សោភ័ណ មាន​ប្រសាសន៍​បន្ថែម​ថា បច្ចុប្បន្ន​កម្លាំង​ពលកម្ម​កម្ពុជា ប្រមាណ​ជាង ៣​លាន ៥​សែន​នាក់ មិន​បាន​បញ្ចប់​ថ្នាក់​បឋម​សិក្សា​ឡើយ។ បញ្ហា​នេះ ទាមទារ​ការ​ជួយ​គាំទ្រ​ពី​ស្ថាប័ន​អភិវឌ្ឍន៍​នានា ដើម្បី​ជួយ​ពង្រឹង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គម្រោង​ពង្រឹង​ការ​អប់រំ​ចំនួន​ពីរ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ជួយ​លើក​កម្ពស់​គុណភាព​អប់រំ និង​ពង្រីក​ពលកម្ម​ជំនាញ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ។ គម្រោង​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង ៥០​លាន​ដុល្លារ​អាមេរិក ដែល​អនុវត្ត​រយៈពេល ៦​ឆ្នាំ​នេះ នឹង​បញ្ចប់​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៤។ ក្នុង​ចំណោម​តម្លៃ​គម្រោង​សរុប រាជ​រដ្ឋាភិបាល​បាន​ជួយ​គាំទ្រ​ទឹក​ប្រាក់​ប្រមាណ ២០% សមាមាត្រ​នឹង​ជាង ៩​លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​នេះ ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី សម្រាប់​វិស័យ​អប់រំ និង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ចាប់​ពី​ឆ្នាំ​១៩៩៦ រហូត​ដល់​បច្ចុប្បន្ន​មាន​ចំនួន​ជាង ២០០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ជាង ៥០​លាន​ដុល្លារ​ជា​ជំនួយ​ឥត​សំណង​របស់​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។