ផ្សារ​ទំនើប​ជប៉ុន​សង់​អស់​ប្រាក់​ជាង​២០០​លាន​ដុល្លារ​បើក​ដំណើរ​ការ​នៅ​កម្ពុជា

ដោយ អាន ស៊ីថាវ
2014.06.30
ផ្សារ​អ៊ីអន ៦១០ ផ្សារ​ទំនើប​ជប៉ុន អ៊ីអន (Aeon) នា​រាជធានី​ភ្នំពេញ
RFA

ផ្សារ​ទំនើប​ជប៉ុន​ឈ្មោះ​ អ៊ីអន (Aeon) ដែល​សាងសង់​អស់​ប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ មិថុនា។ ភាគ​ច្រើន​ទំនិញ​ដែល​លក់​​នៅ​ក្នុង​ផ្សារ​នេះ នាំ​ចូល​មក​ពី​បរទេស ហើយ​មាន​ប្រមាណ​តែ ២០% ប៉ុណ្ណោះ​ ជា​​ផលិតផល​​ក្នុង​ស្រុក។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ  អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​អះអាង​ថា ការ​វិនិយោគ​​ផ្សារ​ទំនើប​ បាន​ត្រឹម​​ទាក់ទាញ​អ្នក​ទស្សនា​​​​ ប៉ុន្តែ​អតិថិជន​ដែល​មាន​តម្រូវ​ការ​ជាក់​ស្ដែង​មាន​តិច​តួច​ប៉ុណ្ណោះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ជប៉ុន ដែល​ពិភពលោក​ចាត់​ទុក​ថា ​ក្រុម​អ្នក​វិនិយោគ​ជប៉ុន​នេះ​ តែង​គិត​ពី​​គោលការណ៍​និរន្តរភាព និង​ភាព​រីក​ចម្រើន​ ដើម្បី​ចូល​រួម​អភិវឌ្ឍ​​ប្រទេស​មួយ​​​​បាន​យ៉ាង​ឆាប់​រហ័ស​ជាង​អ្នក​វិនិយោគ​ដទៃ​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ទំនើប អ៊ីអន របស់​ជប៉ុន​ថា លោក​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន ដើម្បី​ណែនាំ​ និង​ពន្យល់​ដល់​វិនិយោគិន ដើម្បី​ឲ្យ​អ្នក​វិនិយោគ​របស់​ប្រទេស​នេះ ចូល​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។ ការ​វិនិយោគ​ផ្សារ​ទំនើប​របស់​ជប៉ុន នូវ​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ​នៅ​ពេល​នេះ គឺ​ជា​ការ​បង្ហាញ​អំពី​ភាព​ជោគជ័យ​មួយ​ដែល​រាជ​រដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​កិច្ចការ​នេះ​កន្លង​មក។ ក្រៅ​ពី​មាន​ចំណែក​ទីផ្សារ​លក់​ផលិតផល​កម្ពុជា ផ្សារ​ទំនើប​នេះ ក៏​បាន​ចូល​រួម​ចំណែក​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ ២.៥០០​នាក់។

លោក ហ៊ុន សែន៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ​អាច​និយាយ​បាន​ថា​ ក្នុង​ចំណោម​អ្នក​វិនិយោគ​បរទេស​ទាំង​អស់ ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ជាង​គេ​ក្នុង​ការ​ជួប​អ្នក​វិនិយោគ​ជប៉ុន។ បើ​ប្រៀប​ធៀប ពិនិត្យ គឺ​ក្រុមហ៊ុន​ជប៉ុន ​ដែល​ស៊ី​ម៉ោង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រើន​ជាង​គេ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​វិភាគ​សេដ្ឋកិច្ច​​មួយ​ចំនួន​យល់​ឃើញ​ថា អ្វី​ដែល​ជា​ឧបសគ្គ​របស់​កម្ពុជា​នោះ​ គឺ​លទ្ធភាព​ចំណាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​ផ្សារ​ទំនើប។ ការ​វិនិយោគ​ផ្សារ​ទំនើប​ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​កម្រិត​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ឡើយ ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា រក​ចំណូល​​​មួយ​ថ្ងៃ​ដើម្បី​រស់​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​បើក​ឲ្យ​ដំណើរ​ការ​ផ្សារ​ទំនើប​ជប៉ុន​​នេះ​យ៉ាង​ច្រើន​កុះករ ប៉ុន្តែ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ​ ភាគ​ច្រើន​ត្រឹម​ជា​អ្នក​ទស្សនា គឺ​មិន​មែន​ជា​អ្នក​ទិញ​ទេ៖ «ខ្ញុំ​ជឿ​ថា ចំពោះ​មុខ​នេះ ប្រហែល​ជា​អាច​មាន​ការ​លំបាក ពី​ព្រោះ​ថា ជា​ទូទៅ​ប្រជាពលរដ្ឋ​យើង ជា​ពិសេស​អ្នក​ភ្នំពេញ​ក្ដី​ ក៏​មិន​មាន​លទ្ធភាព​ប៉ុន្មាន​ដែរ ដែល​អាច​ប្រើប្រាស់​សេវា​ទំនើប។ ភាគ​ច្រើន​គឺ​លក់​របស់​ទំនើប ថ្លៃ ប្រហែល​ជា​មិន​សូវ​មាន​អតិថិជន​ច្រើន​ប៉ុន្មាន​ទេ តែ​បើក​ដំបូងៗ ធម្មតា​មនុស្ស​មាន​ចំណាប់​អារម្មណ៍​ចង់​ទៅ​មើល​ស្ថានភាព​អី​យ៉ាង​ម៉េច​ អ៊ីចឹង។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា បើ​ឲ្យ​អាជីវកម្ម​​រស់​រវើក​នឹង​បាន​ផល​អី​ច្រើន​ពី​ប្រជាពលរដ្ឋ​​យើង​ ខ្ញុំ​ជឿ​ថា ចំពោះ​មុខ​នេះ ក្នុង​រយៈ​ពេល​ខ្លី គឺ​ថា​ពិបាក»

​​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​​ជប៉ុន ចាប់​ផ្ដើម​វិនិយោគ​នៅ​ប្រទេស​កម្ពុជា មាន​តិច​តួច​បំផុត​នៅ​ចន្លោះ​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០០៩ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ១៤០​លាន​ដុល្លារ​សមាមាត្រ​នឹង​​ចំនួន​ក្រុមហ៊ុន​ចំនួន​តែ ១៥​​​​ប៉ុណ្ណោះ។ ​ហេតុផល​​ដែល​អ្នក​វិនិយោគ​ជប៉ុន មក​កម្ពុជា​តិច​នោះ ​គឺ​ដោយ​សារ​ច្បាប់​ វិនិយោគ​មិន​ត្រូវ​ទៅ​នឹង​ការ​ចង់​បាន ឬ​ក្រុម​អ្នក​វិនិយោគ​ជប៉ុន បាន​ឆ្លើយ​ថា​ ​មិន​ទាន់​ដល់​ពេល​វេលា។ បច្ចុប្បន្ន​អ្នក​វិនិយោគ​ជប៉ុន​ បាន​កើន​ឡើង​ដល់​ទំហំ​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក​ ភាគ​ច្រើន​នៃ​​អ្នក​វិនិយោគ​ជប៉ុន​ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ​ចិន​ជា​ប្រទេស​ដែល​វិនិយោគ​ធំ​បំផុត​នៅ​កម្ពុជា ដែល​ទឹក​ប្រាក់​ប្រមាណ​ជិត ១០​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​អំឡុង​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៣ ប៉ុន្តែ​ប្រទេស​ជប៉ុន​វិញ​ស្ថិត​នៅ​លេខ​១១។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្រប​តាម​ច្បាប់​វិនិយោគ​កម្ពុជា​​ អ្នក​វិនិយោគទុន​បរទេស​​ទាំង​អស់​ តែង​តែ​ចាប់​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ភាគ​ច្រើន​ជា​អ្នក​មាន​ងារ​​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។បញ្ហា​នេះ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​ ធ្លាប់​បាន​អះអាង​ថា​ ការ​រួម​ទុន​រវាង​អ្នក​វិនិយោគ​បរទេស​និង​ក្នុង​ស្រុក ភាគ​ច្រើន​ប្រតិបត្តិការ​ផ្ដាច់​មុខ ឬ​រួម​គ្នា​ផ្ដាច់​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។