សិក្ខា​សាលា​ស្ដីពី​បច្ចេកវិទ្យា​កសិកម្ម​ដើម្បី​បង្កើន​កសិផល​កសិកម្ម

ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ក្រសួង​កសិកម្ម បើក​សិក្ខា​សាលា​មួយ​បង្ហាញ​ពី​បច្ចេកវិទ្យា​កសិកម្ម ដើម្បី​បង្កើន​ផលិត​ភាព​សន្តិសុខ​ស្បៀង និង​ផល​ចំណេញ​ក្នុង​បំណង​ពង្រឹង​ភាព​ជា​ដៃគូ ក្នុង​ន័យ​ពង្រីក​ការ​ប្រើប្រាស់​បច្ចេកទេស ដើម្បី​បង្កើន​ផលិត​ភាព​កសិកម្ម​នៅ​កម្ពុជា។

0:00 / 0:00

ជាមួយ​គ្នា​ដែរ មន្ត្រី​ក្រសួង​កសិកម្ម​បង្ហាញ​ថា ប្រទេស​កម្ពុជា ទោះ​បី​មាន​គ្រោះ​ទឹក​ជំនន់​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​ជាង ៣០​ម៉ឺន​ហិកតារ នៅ​ឆ្នាំ​២០១៣ តែ​វា​នៅ​តែ​មិន​ប៉ះពាល់​ដល់​ការ​នាំ​អង្ករ​ចេញ (មាស​ស) ទៅ​លក់​នៅ​បរទេស។ តែ​អ្វី​ដែល​ប្រទេស​កម្ពុជា នៅ​ខ្វះ​ខាត គឺ​ការ​នាំ​ចូល​គ្រាប់​ពូជ ជី ថ្នាំ​កសិកម្ម និង​ការ​មិន​ទាន់​អាច​ផលិត​ចំណី​សត្វ​បាន​ដោយ​ខ្លួន​ឯង បើ​ទោះ​បី​មាន​វត្ថុ​ធាតុ​ដើម​សម្បូរ​ក៏ដោយ។

មន្ត្រី​ទូត​សហរដ្ឋ​អាមេរិក មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អ្នក​ជំនួញ អ្នក​សិក្សា​ស្រាវជ្រាវ​កម្ពុជា-អាមេរិក និង​និស្សិត​កសិកម្ម ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៣ ទាញ​យក​ការ​យក​ចិត្ត​ទុក​ដាក់​លើ​តម្រូវ​ការ​បង្កើន​ផលិត​ភាព​កសិកម្ម និង​ផ្តល់​ដំណោះស្រាយ​ផ្សេងៗ ដោយ​ប្រើ​ធនធាន បរិក្ខារ និង​បច្ចេកទេស​អាមេរិក។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត (William E. Todd) ថ្លែង​ថា ការ​សិក្សា​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា ៨០% ជា​អ្នក​ធ្វើ​កសិកម្ម។ ប៉ុន្តែ ការ​ផលិត​កសិកម្ម​នោះ ពួក​គេ​ជួប​បញ្ហា​ច្រើន ដូច​ជា មិន​ចេះ​សម្រាំង​ពូជ​ស្រូវ កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ ការ​ប្រើប្រាស់​ថ្នាំ​ពុល​កសិកម្ម រួម​ទាំង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ក្រុម​មន្ត្រី និង​អ្នក​ជំនាញ ត្រូវ​ពិភាក្សា​ដោះស្រាយ។ លោក​ថា សហរដ្ឋ​អាមេរិក ចង់​រុញ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​សាមញ្ញ​កែលំអ​ឡើង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា កាន់​តែ​ឈាន​ឡើង​បន្ថែម​ទៀត។

លោក​ថា សហរដ្ឋ​អាមេរិក បាន​ណែនាំ​អ្នក​ជំនាញ បង្ហាញ​ពី​វិធី​បង្កាត់​គ្រាប់​ពូជ និង​កសិ​គីមី ដែល​អាច​បង្កើន​ទិន្នផល និង​មាន​អ្នក​ស្រាវជ្រាវ​បង្ហាញ​ពី​របៀប​ប្រើ​បរិក្ខារ និង​ផល​វិជ្ជមាន​ក្នុង​វិស័យ​កសិកម្ម៖ «ខ្ញុំ​មើល​ឃើញ​ថា សេដ្ឋកិច្ច​របស់​យើង​ដើរ​បាន​ល្អ ក៏ប៉ុន្តែ​នៅ​តែ​មាន​ចំណុច​អាច​កែលំអ​បន្ថែម​ទៀត ដូច​ជា យើង​បាន​ផ្ដោត​ទៅ​លើ​ចំណុច​មួយ​ចំនួន ដូច​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក បាន​មក​ប្រទេស​កម្ពុជា បង្កើត​ការងារ។ល។ អ៊ីចឹង​ចំណុច​មួយ​ដែល​យើង​មិន​ទាន់​បាន​ផ្ដោត​សំខាន់​គ្រប់គ្រាន់​នោះ គឺ​ទាក់ទង​ជាមួយ​នឹង​ការ​បង្កើត​ធ្វើ​ម៉េច​ឲ្យ​មាន​កម្មវិធី​ផ្នែក​វិស័យ​កសិកម្ម ឲ្យ​វា​កាន់​តែ​ល្អ​ជាង​មុន»

ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្ដារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក យឹម ឆៃលី ថ្លែង​បើក​សិក្ខា​សាលា​ស្ដីពី​បច្ចេកវិទ្យា​កសិកម្ម​នៅ​កម្ពុជា ដើម្បី​បង្កើន​ផលិតផល​សន្តិសុខ​ស្បៀង និង​ផល​ប្រយោជន៍​ដែល​រៀប​ចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ថា វិស័យ​កសិកម្ម​នៅ​តែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដែល​ធានា​សន្តិសុខ​ស្បៀង និង​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ។

លោក​បន្ត​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៥ សម្លឹង​មើល​ការ​ផ្លាស់​ប្ដូរ​ពី​ការ​ធ្វើ​ស្រែ​តាម​បែប​ប្រពៃណី ឲ្យ​ឈាន​ទៅ​រក​ការ​ប្រើ​គ្រឿងយន្ត ព្រម​ទាំង​បង្កើន​សមត្ថភាព​ស្រោចស្រព ធានា​បង្កើន​ផលិត​ភាព​មុខ​ដំណាំ​ចម្រុះ រួម​ទាំង​ការ​ចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការ​គ្រប់គ្រង​ដីធ្លី​ឲ្យ​មាន​ចីរភាព៖ «ព្រោះ​អង្ករ​កម្ពុជា ឲ្យ​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ។ ហើយ​កត្តា​ខាង​លើ​នេះ ខ្ញុំ​គិត​ថា អង្គ​សិក្ខា​សាលា​ស្តី​អំពី​បច្ចេកវិទ្យា​កសិកម្ម​នៅ​កម្ពុជា ដែល​រៀប​ចំ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិត​ជា​បាន​រួម​ចំណែក​គិតគូរ និង​ធ្វើ​ការ ធ្វើ​ជា​គោល​នយោបាយ​ស្តី​អំពី​ការ​ជំរុញ​លើ​ផល​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ ក៏​ដូច​ជា​ចក្ខុ​វិស័យ​នៃ​ការ​ប្រែ​ក្លាយ​កសិកម្ម​ចិញ្ចឹម​ឆ្នាំង ទៅ​ជា​កសិកម្ម​សម្រាប់​លក់​ដូរ»

ក្នុង​សិក្ខា​សាលា​នោះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ម៉ម អំណត់ បង្ហាញ​ថា ប្រទេស​កម្ពុជា ទោះ​បី​មាន​ទឹក​ជំនន់​រំខាន​ដល់​ដំណាំ​ស្រូវ​ច្រើន​ម៉ឺន​ហិកតារ នៅ​ខេត្ត​ផលិត​ស្រូវ​សំខាន់ៗ ក៏​មិន​ជះ​ឥទ្ធិពល​ដល់​ទិន្នផល​ស្រូវ​ក្នុង​ការ​នាំ​អង្ករ​ចេញ​ដែរ។ លោក​ថា បញ្ហា​ប្រឈម​នៅ​កម្ពុជា គឺ​ការ​ផ្គត់ផ្គង់​ពូជ ការ​ប្រើប្រាស់​ពូជ​ថ្នាំ​កសិកម្ម ជី​គីមី នៅ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​បង្កាត់​ពូជ ដែល​នាំ​ឲ្យ​មាន​ការ​ទិញ​ពី​ក្រៅ​ប្រទេស​យក​មក​ដាំ​ដុះ។ ប្រឈម​មួយ​ទៀត ការ​ទិញ​ចំណី​សម្រាប់​សត្វ​ពាហនៈ និង​វារីវប្បកម្ម ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា មិន​សូវ​វិវឌ្ឍន៍​ទៅ​មុខ​បាន​លឿន​ឡើយ៖ «ក៏ប៉ុន្តែ ការ​ចិញ្ចឹម​សត្វ​របស់​យើង ខ្ញុំ​សង្កេត​ឃើញ​ថា អត្រា​ស្លាប់ និង​អត្រា​ឈឺ​វិញ នៅ​មាន​ខ្ពស់​នៅ​ឡើយ ហើយ​បើ​និយាយ​ពី​ពូជ​ទៀត​សោត នៅ​មាន​ការ​ខ្វះ​ខាត​ដែល​យើង​អត់​ទាន់​មាន​ពូជ​គុណភាព​ល្អ​សម្រាប់​ប្រើប្រាស់ ការ​ចិញ្ចឹម​ជ្រូក ឬ​ក៏​មាន់​ទា យើង​នូវ​ជួប​នឹង​ថ្លៃ​ដើម​ផលិតកម្ម​នៅ​ខ្ពស់ ដោយសារ​តែ​ចំណី​ដែល​យើង​ប្រើប្រាស់​សម្រាប់​ការ​ចិញ្ចឹម គឺ​យើង​នៅ​នាំ​ចូល​ពី​ក្រៅ»

ក្នុង​សិក្ខា​សាលា​នោះ ក៏​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរិក្ខារ និង​ផលិតផល​របស់​សហរដ្ឋ​អាមេរិក បង្ហាញ​ពី​វិធី​ប្រើប្រាស់​បរិក្ខារ ការ​បង្កាត់​ពូជ​ដំណាំ​ជាដើម។ សិក្ខា​សាលា​ក៏​បាន​បើក​ឱកាស​ឲ្យ​មាន​ការ​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជំរុញ​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។