កម្មករប្រមាណ ៥០០នាក់ នៃរោងចក្រ អេឃីនថិច (Akeentex Pte Ltd) ដែលស្ថិតនៅសួនវឌ្ឍនៈ និងសួនកាណាឌីយ៉ា រាជធានីភ្នំពេញ ស្នើលោកនាយករដ្ឋមន្ត្រីអន្តរាគមន៍ផ្ដល់ដំណោះស្រាយចំពោះសំណើសុំអោយភាគីរោងចក្របញ្ចប់កិច្ចសន្យាការងារ និងផ្ដល់សំណងអោយបានត្រឹមត្រូវ។
សំណើនេះធ្វើឡើងតាមរយៈញត្តិរបស់ក្រុមកម្មករ ដែលពួកគេបាននាំគ្នាទៅដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា។
អគ្គលេខាធិការសម្ព័ន្ធសហជីពចលនាកម្មករលោក ទួន សារ៉ែន ថ្លែងនៅកន្លែងប្រមូលផ្ដុំគ្នារបស់ក្រុមកម្មករនៅក្រោមដើមពោធិ៍ ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិតវិមានឯករាជ្យថា ពួកគេរំពឹងថា លោកនាយករដ្ឋមន្ត្រីនឹងអន្តរាគមន៍តាមសំណើដែលកម្មករបានដាក់ជូន។ សំណើដាក់ទៅលោកនាយករដ្ឋមន្ត្រីនៅពេលនេះគឺបន្ទាប់ពីពួកគេបានតវ៉ាជាច្រើនថ្ងៃនៅខាងមុខរោងចក្រ ដាក់ញត្តិទៅក្រសួងការងារ និងទៅរដ្ឋសភា តែនៅមិនទាន់មានលទ្ធផល។
ក្រុមកម្មករបានទាមទារចំនួន ៩ចំណុច ហើយចំណុចចម្បងជាងគេគឺសុំទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងាររយៈពេល ៥ឆ្នាំ។ ក្នុងកម្មករទាមទារអោយទូទាត់ដល់ពួកគេជាប្រាក់ ៧០ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែភាគីរោងចក្រផ្ដល់អោយតែ ៤០ដុល្លារ។
ក្រុមកម្មករបានរំសាយការជួបជុំនៅក្រោមដើមពោធិ៍ខាងមុខវត្តបុទមវតី នោះភ្លាមៗបន្ទាប់ លោក ប៉ាល់ ច័ន្ទតារា តំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ចេញមកទទួលញត្តិ នឹងអះអាងថា នឹងនាំញត្តិនោះទៅជូនប្រមុខរដ្ឋាភិបាល។
នៅរសៀលថ្ងៃទី១៧ កក្កដា តុលាការបានចេញដីការក្សាការពារទៅតាមបណ្ដឹងរបស់ថៅកែរោងចក្រ ដោយបង្គាប់អោយក្រុមកម្មករផ្អាកការតវ៉ា និងចូលធ្វើការវិញមិនលើសរយៈពេល ៤៨ម៉ោងក្រោយចេញដីកានេះ។ យ៉ាងណាក្រុមកម្មករនៅតែអះអាងថា ពួកគេមិនបញ្ឈប់ការតវ៉ាឡើយ បើមិនបានដំណោះស្រាយតាមការទាមទារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
