កម្មករ​រោងចក្រ​អាលីម​ដុត​កង់​ឡាន​ទាមទារ​ថៅកែ​ដោះស្រាយ​បញ្ហា​៨​ចំណុច

ក្រុម​កម្មករ​រោងចក្រ អា លីម (ALIM Garment) ប្រមាណ​ជាង ១០០​នាក់ ស្ថិត​នៅ​តាម​ផ្លូវ​វ៉េង​ស្រេង សង្កាត់​ចោមចៅ ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា នេះ បាន​ដុត​កង់​ឡាន​មុខ​រោងចក្រ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​បញ្ហា​ពួក​គេ​ចំនួន ៨​ចំណុច។

តំណាង​បាតុករ​មក​ពី​សហជីព​ចលនា​កម្មករ លោក ស៊ុត ចិត្រ បញ្ជាក់​ថា ការ​ទាមទារ​ចំនួន ៨​ចំណុច​នោះ​មាន សើ​ឲ្យ​ដក​តំណែង​មេការ​ជនជាតិ​កូរ៉េ​ម្នាក់ និង​មេការ​ខ្មែរ​ពីរ​នាក់ ដែល​ពួក​គេ​ចោទ​ថា ធ្វើ​បាប​កម្មករ៖ «អ្នក​គ្រប់គ្រង​ទាំង​នេះ​ធ្វើ​បាប​កម្មករ​ណាស់ ធ្វើ​ឲ្យ​កម្មករ​យំ​ញឹកញាប់​ណាស់​រោងចក្រ​នេះ ពិបាក​សុំ​ច្បាប់​ណាស់ ពេល​ចង់​ឈប់​ម្ដងៗ​ត្រូវ​សុំ ៤ ទៅ ៥​នាក់​ទើប​បាន»

ក្រៅ​ពី​នេះ កម្មករ​សុំ​ឲ្យ​ថៅកែ​ចេញ​លុយ​បាយ​ថ្ងៃ​ត្រង់​សម្រាប់​កម្មករ ៤​ពាន់​រៀល សុំ​ប្រាក់​ថែម​ម៉ោង​ធ្វើ​ការ​ពេល​ល្ងាច ចាប់​ពី​ម៉ោង ៤ ដល់​ម៉ោង ៦ ចំនួន ២​ពាន់​រៀល​បន្ថែម​លើ​ប្រាក់​ថែម​ម៉ោង​ចាស់ ២​ពាន់​រៀល និង​សុំ​បើក​ប្រាក់​ខែ​ឲ្យ​ទៀងទាត់​ជាដើម។

កម្មករ​រោងចក្រ​កាត់​ដេរ អា លីម ធ្វើ​បាតុកម្ម​អស់​រយៈពេល ៧​ថ្ងៃ​មក​ហើយ​មក​ទល់​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។

តំណាង​រោងចក្រ លោក អ៊ុត បញ្ញា អះអាង​ថា រោងចក្រ ឃីង​ហ្វឺស​២ មាន​កម្មករ​សរុប​ជាង ៦០០​នាក់ តែ​កម្មករ​ធ្វើ​បាតុកម្ម​មាន​តែ​ជាង ១០០​នាក់​ទេ ដែល​ធ្វើ​ការ​តវ៉ា។ លោក​ថា ចំពោះ​វិវាទ​នេះ ក្រុមហ៊ុន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់ ហើយ​បាន​ដោះស្រាយ​នៅ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន បាន​មួយ​ជំហាន​ហើយ ហើយ​រឿង​នេះ​បាន​បន្ត​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ទៀត តែ​លទ្ធផល​ដំណោះស្រាយ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ខាង​មុខ​នេះ។ លោក​ថា នៅ​ពេល​នេះ កម្មករ​មិន​គួរ​ធ្វើ​បាតុកម្ម​ទេ ហើយ​គួរ​រង់ចាំ​លទ្ធផល​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​សិន។ លោក​ថា ទោះ​យ៉ាង​ណា ក្រុមហ៊ុន​នឹង​អនុវត្ត​តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។