អ្នក​វិភាគ​បញ្ហា​សង្គម​រិះគន់​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​តិចណូ​ថា​ជា​ស្ពាន​អាកាស​៥​មករា

0:00 / 0:00

ស្ពាន​អាកាស​ត្រង់​ស្តុប​តិចណូ នឹង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ស្ពាន​នេះ រដ្ឋាភិបាល​នឹង​ដាក់​ឈ្មោះ​ជា​ផ្លូវ​ការ​ថា ស្ពាន​អាកាស ៥ មករា ដើម្បី​រំឭក​ដល់​ខួប ៤០​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់ លោក ហ៊ុន សែន និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

អ្នក​វិភាគ​រិះគន់​ការ​ដាក់​ឈ្មោះ​នេះ ថា​ជា​ការ​លើក​តម្កើង​ប្រមុខ​រដ្ឋាភិបាល​ហួស​ហេតុ ដែល​បង្ហាញ​ថា អាជ្ញាធរ​គ្មាន​យន្តការ​ជាក់លាក់​ក្នុង​ការ​ដាក់​ឈ្មោះ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​តម្កើង​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី។

អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី ហៅ​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​តិចណូ ថា​ជា​ស្ពាន​អាកាស ៥ មករា ដើម្បី​រំឭក​ដល់​ខួប​អាពាហ៍ពិពាហ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​អំពើ​ទំយើ​បុគ្គល។

លោក កែម ឡី លើក​ឡើង​បែប​នេះ ដោយសារ​តែ​លោក​មើល​ឃើញ​ថា ធនធាន​ហិរញ្ញវត្ថុ​ដែល​យក​មក​ប្រើ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ស្ពាន ថ្នល់ សាលា​រៀន និង​មន្ទីរពេទ្យ ជាដើម មិន​មែន​ជា​ថវិកា​របស់​ប្រមុខ​រដ្ឋាភិបាល និង​ភរិយា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ថវិកា​ទាំង​នោះ គឺ​ជា​ថវិកា​របស់​រដ្ឋ។ ម្យ៉ាង​វិញ​ទៀត វា​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​នយោបាយ​ដែល​មិន​ស្មើ​ភាព​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ដទៃ​ផ្សេង​ទៀត៖ «វា​ត្រូវ​មាន​ការ​ឯកភាព​គ្នា​មួយ​ចំពោះ​ផ្លូវ​ជាតិ ស្ពាន ជាដើម មិន​មែន​ក្នុង​នាម​នាយក​រដ្ឋមន្ត្រី ការ​ដឹក​នាំ​ការ​សាងសង់ មិន​មែន​របស់​ខ្លួន​ឯង​ទេ គឺ​ក្នុង​នាម​មន្ត្រី​សាធារណៈ។ ហើយ​បើ​ក្នុង​នាម​មន្ត្រី​សាធារណៈ មិន​មាន​សិទ្ធិ​សម្រេច​ខ្លួន​ឯង​ទេ។ នេះ​គេ​អាច​ហៅ​ថា ជា​ការ​សម្រេច​អត្តនោម័តិ​បុគ្គល​ទៅ​វិញ។ មួយ​ទៀត​វា​បញ្ជាក់​អំពី​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ឆាក​នយោបាយ អត់​ស្មើ​គ្នា​ទេ ពីព្រោះ​លុយ​នេះ​មិន​មែន​ជា​លុយ​នាយក​រដ្ឋមន្ត្រី និង​ប្រពន្ធ​នាយក​រដ្ឋមន្ត្រី​ទេ។ លុយ​ទាំងអស់​ជា​លុយ​រដ្ឋ»

ទាក់ទិន​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ មិន​មាន​ជា​យន្តការ​ច្បាស់លាស់​ណា​មួយ​ឡើយ​ដើម្បី​ដាក់​ឈ្មោះ​ទីតាំង​សាធារណៈ។ ការ​ដាក់​ឈ្មោះ​ភាគ​ច្រើន ធ្វើ​ឡើង​តាម​ការ​សម្គាល់​ភូមិសាស្ត្រ និង​តាម​គោលការណ៍​ណែនាំ​ពី​រដ្ឋាភិបាល។ តួយ៉ាង​ដូចជា​ស្ពាន​អាកាស​តិចណូ​នេះ ជាដើម ដែល​ត្រូវ​បាន លោក ហ៊ុន សែន ដាក់​ឈ្មោះ​ថា​ជា​ស្ពាន​អាកាស ៥ មករា៖ «យន្តការ​នៃ​ការ​ដាក់​ឈ្មោះ​វា​ខុសៗ​គ្នា ខ្លះ​ដាក់​តាម​ឈ្មោះ​ព្រឹត្តិការណ៍​ណា​មួយ​ទៅ។ ជួន​កាល​យើង​ឧទ្ទិស​ទៅ​ដល់​ប្រវត្តិ ឬ​ក៏​ស្នាដៃ​របស់​វីរជន​ណា​មួយ​អ៊ីចឹង​ទៅ។ បាទ! វា​អ៊ីចឹង។ ខ្លះ​ក៏​ឈ្មោះ​បរទេស​ទៅ គឺ​ដោយសារ​តែ​មាន​ខួប​អនុស្សាវរីយ៍ ឬ​ក៏​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​គ្នា​អ៊ីចឹង​ទៅ»

ស្ពាន​អាកាស​តិចណូ គឺ​ជា​ស្ពាន​អាកាស​ទី​៤ ហើយ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​សាងសង់​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ ស្ពាន​នេះ​ចំណាយ​ទុន​សាងសង់​ជាង ១៤​លាន​ដុល្លារ​អាមេរិក និង​ត្រូវ​បាន​សម្ពោធ​ការដ្ឋាន​សាងសង់​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។

ស្ពាន​អាកាស​តិចណូ មាន​ទាំង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ស្ថិត​នៅ​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ឆ្លង​កាត់​ខាង​លើ​ប្រសព្វ​មហា​វិថី​គីមអ៊ីលស៊ុង និង​មហា​វិថី​ម៉ៅសេទុង។ ស្ពាន​អាកាស​នេះ មាន​ប្រវែង ៣៨៣​ម៉ែត្រ ទទឹង ១៥,៨​ម៉ែត្រ និង​ផ្លូវ​ក្រោម​ដី​មាន​ប្រវែង ៣៥៦​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ។

អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា ការ​ដាក់​ឈ្មោះ​ទីតាំង​សាធារណៈ ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​ស្ទង់​មតិ ឬ​ការ​ឯកភាព​ថ្នាក់​ជាតិ​មួយ ដែល​មិន​មែន​ជា​ការ​សម្រេច​ដោយ​បុគ្គល​ណា​ម្នាក់​នោះ​ទេ ពីព្រោះ​ទីតាំង​ទាំង​នេះ ជា​ការ​សម្គាល់ ឬ​តំណាង​ឲ្យ​ជាតិ​ទាំង​មូល និង​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀត មិន​មែន​ជា​ការ​បង្ហាញ​ឥទ្ធិពល​តែ​ក្រុម​គ្រួសារ​ថ្នាក់​ដឹក​នាំ​តែ​មួយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។