តារាភាពយន្តហូលីវូដ របស់សហរដ្ឋអាមេរិក ដ៏ល្បី គឺអ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie Pitt) នឹងទទួលតំណែងជាប្រធានគណៈកម្មការកិត្តិយសនៅក្នុងមហោស្រពភាពយន្តនៅព្រះរាជាណាចក្រកម្ពុជា។
សារព័ត៌មាន អេ.ភី (AP) រាយការណ៍ថា អ្នកស្រី អែនជេលីណា ចូលី ភីត ទទួលតំណែងនេះសម្រាប់មហោស្រពភាពយន្តនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែធ្នូ។ មហោស្រពនៅកម្ពុជា នឹងចាក់បញ្ចាំងភាពយន្តចំនួន ១៣០រឿង មកពី ៣៤ប្រទេស។
ទីប្រឹក្សាមហោស្រពភាពយន្ត លោក សេឌ្រីក អេឡោយ (Cedric Eloy) ថ្លែងថា តួនាទីរបស់អ្នកស្រី អែនជេលីណា ចូលី ភីត នៅក្នុងមហោស្រពនេះ នឹងជួយជំរុញទឹកចិត្តដល់ឧស្សាហកម្មផលិតភាពយន្តនៅព្រះរាជាណាចក្រកម្ពុជា ឱ្យងើបឡើងវិញ ក្រោយការបំផ្លាញដោយរបបខ្មែរក្រហម។
បច្ចុប្បន្ននេះ តារាភាពយន្ត អែនជេលីណា ចូលី ភីត កំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីថតខ្សែភាពយន្តខ្នាតធំ ស្ដីពីប្រវត្តិរូបរបស់សកម្មជនសិទ្ធិមនុស្សមួយរូប ឈ្មោះ លឿង អ៊ុង។ រឿងនេះ គឺទាក់ទងនឹងសោកនាដកម្មក្នុងរបបខ្មែរក្រហម ដែលមានចំណងជើងថា "ដំបូង គេសម្លាប់ប៉ាខ្ញុំ" ឬជាភាសាអង់គ្លេសថា "First They killed My Father”។
អ្នកស្រី អែនជេលីណា ចូលី ភីត ថ្លែងថា អ្នកស្រីមានមោទនភាពក្នុងការជួយគាំទ្រមហោស្រព និងការផលិតភាពយន្តនៅកម្ពុជា។ អ្នកស្រីបន្តថា កម្ពុជាសម្បូរប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់ និងប្រជាជនប៉ិនប្រសប់ ដែលអាចផ្ដល់ដល់អ្នកដទៃនៅក្នុងតំបន់ និងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
