កម្មកររោងចក្រ អង្គរ ហេរ៉ូ (Angkor Hero Co., Ltd.) ស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញ្ញាពន្ធ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាធ្វើកូដកម្មនៅខាងមុខរោងចក្រអស់រយៈពេលជិតមួយសប្ដាហ៍មកហើយ ដើម្បីទាមទារអត្ថប្រយោជន៍ចំនួន ៨ចំណុច។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំទាន់មានដំណោះស្រាយយ៉ាងណាពីភាគីក្រុមហ៊ុន។ ពួកគេអះអាងថា នឹងបន្តការតវ៉ាទៀត បើក្រុមហ៊ុននៅតែមិនផ្ដល់ដំណោះស្រាយដល់ពួកគេ។
កម្មកររោងចក្រ អង្គរ ហេរ៉ូ ផលិតសំលៀកបំពាក់ជិត ២០០នាក់ ដែលប្រមូលផ្តុំគ្នាបន្តធ្វើកូដកម្មជិតមួយសប្ដាហ៍មកហើយ បានឈានដល់ការដុតកង់ឡាន និងគប់ស្បោងដែលច្រកទឹកស្អុយចូលទៅក្នុងរោងចក្រ។
តំណាងឲ្យកម្មកររោងចក្រដែលដឹកនាំកូដកម្ម កញ្ញា យឹម ចរិយា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ សីហា ថា មូលហេតុដែលពួកគេធ្វើកូដកម្មដែលចាប់ផ្ដើមតាំងពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែសីហា នោះ ដោយសារតែភាគីក្រុមហ៊ុនមិនព្រមជជែកដោះស្រាយតាមសំណើរបស់កម្មករទាំង ៨ចំណុចនោះទេ បើទោះបីជាពួកគេដាក់លិខិតសុំអន្តរាគមន៍សុំដោះស្រាយដោយសន្តិវិធីជាច្រើនលើកយ៉ាងណាក្តី។
ជាងនេះទៀត តំណាងកម្មករតវ៉ារូបនេះបានបញ្ជាក់ដែរថា មុននឹងឈានដល់ការដុតកង់ឡាន និងគប់ស្បោងទឹកស្អុយចូលទៅក្នុងរោងចក្រ កាលពីសប្ដាហ៍មុនក្រុមកម្មករក៏បានជូនដំណឹងតាមនីតិវិធីទៅកាន់ភាគីរោងចក្រ និងស្ថាប័នពាក់ព័ន្ធដែរ តែនៅតែគ្មានការឆ្លើយតបណាមួយមកក្រុមកម្មករ៖ «កម្មករគ្រាន់តែទាមទារលក្ខខណ្ឌការងារល្អប្រសើរហ្នឹងវាអត់មានអីហួសហេតុក្រៅពីផ្លូវច្បាប់ទេ»។
អត្ថប្រយោជន៍ទាំង ៨ចំណុចនោះ រួមមានទាមទារមិនឲ្យក្រុមហ៊ុនបញ្ឈប់កម្មករតាមអំពើចិត្ត ស្នើឲ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង ១៥នាទី ស្នើសុំពេលកម្មករឈប់សម្រាកឈឺមានសំបុត្រពេទ្យក្រុមហ៊ុនត្រូវទទួល សុំឲ្យពេលកម្មករសុំច្បាប់ សុំកុំឲ្យកាត់លុយកម្មករ ស្នើឲ្យក្រុមហ៊ុនត្រូវជួយសម្រួលអោយមានខ្យល់អាកាសក្នុងរោងចក្រ បន្ទប់ទឹកត្រូវធានាឲ្យមានអនាម័យ ស្នើឲ្យមានទឹកស្អាត និងស្នើឲ្យមានកន្លែងហូបបាយត្រឹមត្រូវ។
ចំណែកឯកម្មការិនីម្នាក់ក្នុងចំណោមអ្នកតវ៉ា កញ្ញា ហ៊ុល ស្រីល័ក្ខ បានឲ្យដឹងដែរថា ភាគីក្រុមហ៊ុនគួរតែដោះស្រាយតាមការស្នើសុំរបស់ក្រុមកម្មករ ព្រោះកម្មករទាមទារនេះក៏ដើម្បីផលប្រយោជន៍របស់រោងចក្រដែរ៖ «សូមសំណូមពរដល់អាជ្ញាធរ និងថៅកែរោងចក្រ ជួយដោះស្រាយដល់កម្មករយើងទាំងអស់គ្នាឲ្យបានល្អ ដោយសន្តិវិធី។ ពួកខ្ញុំអត់ចង់ធ្វើកូដកម្មទេ ពួកខ្ញុំចង់មានការធ្វើ ពួកខ្ញុំមិនចង់បាត់បង់កម្រៃទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋបាលរោងចក្រ អង្គរ ហេរ៉ូ និងថៅកែរោងចក្រដែលជនជាតិចិន ដើម្បីសុំការបំភ្លឺតបតាមការលើកឡើងរបស់កម្មករបាននៅឡើយទេ នៅថ្ងៃទី២៩ ខែសីហា។
ទាក់ទិននឹងករណីនេះដែរ ប្រធានដោះស្រាយវិវាទសហព័ន្ធសហជីពសិទ្ធិប្រយោជន៍កម្មករ ដែលឃ្លាំមើលកូដកម្មនេះ លោក អ៊ុន ផានិត ឲ្យដឹងថា ការធ្វើកូដកម្មរបស់កម្មកររោងចក្រ អង្គរ ហេរ៉ូ មិនទាក់ទងនឹងការសុំដំឡើងប្រាក់ឈ្នួលនោះទេ។ លោកបន្តថា ការទាមទាររបស់ក្រុមកម្មករទាំង ៨ចំណុច វាសមស្របទៅតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា ហើយលក្ខខណ្ឌទាំងនេះវាងាយស្រួលដោះស្រាយ ប្រសិនបើថៅកែមានចេតនាដោះស្រាយនោះ៖ «យើងគ្រាន់តែស្នើសុំនូវអ្វីក្នុងផ្លូវច្បាប់ ដែលក្រសួងយើងអនុម័តចេញមកហ្នឹង គឺយើងត្រូវតែអនុវត្ត»។
នៅម៉ោងជាង ១២ថ្ងៃត្រង់ បន្ទាប់ពីការធ្វើកូដកម្ម រហូតឈានដល់ការដុតកង់ឡាន និងគប់ស្បោងទឹកស្អុយចូលទៅក្នុងរោងចក្រ អភិបាលរងខណ្ឌព្រែកព្នៅ លោក ម៉ក ហុង បានចេញមកអន្តរាគមន៍ជាមួយភាគីក្រុមហ៊ុន បន្ទាប់មកក្រុមហ៊ុន ស្នើឲ្យក្រុមកម្មករចូលធ្វើការវិញនៅថ្ងៃច័ន្ទ ទី៣១ សីហា ហើយរង់ចាំដំណោះស្រាយពីក្រុមហ៊ុន។
កម្មកររោងចក្រសំលៀកបំពាក់ អង្គរ ហេរ៉ូ ប្រកាន់ជំហររបស់ខ្លួនថា បើក្រុមហ៊ុនមិនគោរពសន្យា ពួកគេនឹងបន្តការតវ៉ានៅខាងមុខរោងចក្របន្តទៀត។ មិនតែប៉ុណ្ណោះ ពួកគេនឹងធ្វើសកម្មភាពហែក្បួនជាទ្រង់ទ្រាយធំទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកអន្តរាគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
