វិវាទរវាងក្រុមបុគ្គលិក កម្មករ ជាមួយថៅកែសណ្ឋាគារអង្គរវិលេក បូតានិកខល រីសត (Angkor Village Botanical Resort) ក្នុងខេត្តសៀមរាប បានអូសបន្លាយពេលជិត ២ឆ្នាំហើយ នៅតែមិនអាចដោះស្រាយទេ។
ជាងមួយសប្ដាហ៍ចុងក្រោយនេះ សហជីពកម្មករបានចាប់ផ្ដើមទាមទារជាថ្មីឱ្យថៅកែសណ្ឋាគារទទួលយកកម្មករដែលគេបានបញ្ឈប់ពីការងារ បានត្រឡប់ចូលធ្វើការវិញ។
តើមូលហេតុអ្វី បានជាជម្លោះរវាងក្រុមកម្មករ និងថៅកែ នៅតែអូសបន្លាយដូច្នេះ?
ក្រុមកម្មករចំនួន ១២នាក់ ក្នុងចំណោម ៦៧នាក់ ដែលថៅកែសណ្ឋាគារអង្គរវិលេក បូតានិកខល រីសត បានបញ្ឈប់ពីការងារកាលពីជាង ១ឆ្នាំកន្លងមកហើយ បានចាប់ផ្ដើមនាំគ្នាធ្វើកូដកម្មជាថ្មីនៅមុខសណ្ឋាគារនោះឡើងវិញ បន្ទាប់ពីកូដកម្មបែបនេះបានស្ងប់ស្ងាត់ប្រហែល ១ឆ្នាំមកហើយ។
ពួកគេបញ្ជាក់ថា គេមិនអាចទទួលយកប្រាក់សំណងជាថ្នូរនឹងការបាត់បង់ការងារទៅតាមការចង់បានរបស់ថៅកែបរទេសបានទេ។
កូដកម្មជាថ្មីនេះ គឺក្រុមកម្មករបានទាមទារឱ្យថៅកែដែលជាជនជាតិបារាំង បញ្ឈប់នូវគំនិតទូទាត់ប្រាក់សំណង និងទទួលយកកម្មករទាំងអស់ឱ្យបានចូលធ្វើការវិញ។
អនុប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា គឺលោក ម៉ម រិទ្ធី ជាអ្នកដឹកនាំធ្វើកូដកម្មនោះ លោកបានមានប្រសាសន៍ថា ការផ្ដើមធ្វើកូដកម្មជាថ្មីទៀតនេះ ដោយសារតែក្រុមកម្មករមិនឃើញតុលាការខេត្តសៀមរាប ចាត់ការទៅលើបណ្ដឹងដែលទាមទារឱ្យថៅកែទទួលយកកម្មករចូលធ្វើការវិញ បន្ទាប់ពីគេដាក់បណ្ដឹងជិត ២ឆ្នាំមកហើយនោះ។
លោក ម៉ម រិទ្ធី៖ «មិនដឹងថាតុលាការគាត់គិតយ៉ាងម៉េចទេ បានជាគាត់ធ្វើអីចឹង ហើយសំខាន់កម្មករគាត់នៅខាងក្រៅជិត ២ឆ្នាំហើយ។ តើគាត់មានបាយឯណាហូប បើអត់មានការងារធ្វើ? មូលហេតុទាំងអស់នេះហើយ បើយោងទៅតាមផ្លូវច្បាប់ យើងមានសិទ្ធិធ្វើកូដកម្ម។ អីចឹងឥឡូវ ជ្រើសមានតែធ្វើកូដកម្មបន្តទៀត ដើម្បីដាក់គំនាបឱ្យថៅកែសណ្ឋាគារត្រូវតែទទួលយកកម្មករចូលធ្វើការវិញ ហើយបង់ប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ចូលធ្វើការវិញដែរ»។
កាលពីអំឡុងខែកក្កដា រហូតដល់ខែសីហា ឆ្នាំ២០១១ កន្លងទៅ គឺថៅកែសណ្ឋាគារអង្គរវិលេក បូតានិកខល រីសត និងសណ្ឋាគារអង្គរវិលេក បានបញ្ឈប់បុគ្គលិក និងកម្មករដែលបម្រើការឱ្យសណ្ឋាគារទាំង២ នោះចំនួន ៦៧នាក់។ ក្រុមកម្មករបានអះអាងថា ការបញ្ឈប់នោះ ដោយសារតែពួកគេបានបង្កើតសហជីពនៅក្នុងកន្លែងធ្វើការ។ ក្រុមកម្មករបានប្រមូលផ្ដុំគ្នាធ្វើកូដកម្មជាច្រើនលើកច្រើនសារ។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលធ្លាប់បានចេញសេចក្តីបង្គាប់មួយឱ្យថៅកែ ទទួលយកកម្មករចូលធ្វើការវិញ ក៏ប៉ុន្តែភាគីថៅកែ បានច្រានចោលការសម្រេចនោះ ហើយបន្ទាប់មកក៏មានការប្ដឹងផ្ដល់គ្នាជាច្រើនករណីរវាងថៅកែ និងកម្មករ ដាក់ទៅសាលាដំបូងខេត្តសៀមរាប។
មេធាវីការពារកម្មករ លោក គឹម សុជាតិ បានមានប្រសាសន៍ថា ចាប់តាំងពីមានការបញ្ឈប់កម្មករចំនួនជិត ៧០នាក់ ពីការងារមក គឺក្រុមបុគ្គលិកកម្មករ បាននាំគ្នាធ្វើកូដកម្មជាទ្រង់ទ្រាយធំ ក៏ប៉ុន្តែក្រោយមក កូដកម្មនោះក៏បានផ្អាកវិញ ដោយសារមានការសម្របសម្រួលពីអាជ្ញាធរ ឱ្យដាក់ពាក្យបណ្ដឹងតវ៉ាទៅតុលាការ។
លោកមេធាវីបានឱ្យដឹងថា បន្ទាប់ពីក្រុមកម្មករដាក់ពាក្យបណ្ដឹងទៅតុលាការមក គឺមានសំណុំរឿងជាច្រើនប្រហែលជាង ១០ ដោយកម្មករប្ដឹងថៅកែ និងថៅកែប្ដឹងកម្មករជាដើម ក៏ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការខេត្តសៀមរាប បានបញ្ចប់សំណុំរឿងជាច្រើន នៅសល់តែសំណុំរឿងធំៗពីរបីប៉ុណ្ណោះ។ សំណុំរឿងនៅសល់នោះ ដូចជារឿងកម្មករប្ដឹងទាមទារឱ្យថៅកែទទួលយកពួកគេចូលធ្វើការវិញ និងរឿងថៅកែប្ដឹងកម្មករ ពីបទក្លែងលិខិតជាដើម។ លោក គឹម សុជាតិ បានបញ្ជាក់ថា សំណុំរឿងដែលកម្មករទាមទារឱ្យថៅកែទទួលយកកម្មករចូលធ្វើការវិញនោះ បច្ចុប្បន្នគឺតុលាការខេត្តសៀមរាប នៅមិនទាន់បានចាត់ការជាដុំកំភួននៅឡើយទេ ដោយសារតែនៅរង់ចាំរកខុសត្រូវក្នុងរឿងដែលថៅកែប្ដឹងកម្មករពីបទព្រហ្មទណ្ឌជាមុនសិន។
លោកមេធាវីបានបង្ហាញកង្វល់ថា ការទុករឿងកម្មករមិនចាត់ការយូរដូច្នេះ គឺធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ៖ «ក្នុងរឿងព្រហ្មទណ្ឌ ជាសមត្ថកិច្ចតុលាការ អីចឹងគាត់ជាអ្នកស៊ើបសួរ ដើម្បីឱ្យឃើញថា តើថ្លែងលិខិតមែន ឬក៏មិនមែន ដើម្បីដោះបន្ទុក និងដាក់បន្ទុក។ ប៉ុន្តែ ប្រសិនបើគាត់អូសបន្លាយពេលវេលា អាហ្នឹងជាឆន្ទានុសិទ្ធិរបស់គាត់ មិនហ៊ានថាយ៉ាងម៉េចទេ។ ក៏ប៉ុន្តែច្បាប់មានបញ្ញត្តិមួយនិយាយថា ដល់កំណត់ ខាងខ្ញុំអាចដាក់ពាក្យស្នើសុំឱ្យបញ្ចប់ការស៊ើបសួរ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងខ្ញុំកំពុងតែរៀបចំដាក់ដើម្បីស្នើសុំឱ្យតុលាការបិទការស៊ើបសួរក្នុងសំណុំរឿងដែលគេប្ដឹង»។
ទោះយ៉ាង មន្ត្រីតុលាការខេត្តសៀមរាប បានអះអាងថា គេមិនអាចចាត់ការរឿងក្តីនោះបានទៀតទេ ពីព្រោះបច្ចុប្បន្ន វាមិនស្ថិតនៅក្នុងដៃសាលាដំបូងទៀតឡើយ។
លោក អឿង វណ្ណា ជាចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីកម្មករប្ដឹងទាមទារឱ្យថៅកែទទួលយកគេចូលធ្វើការវិញនោះ បានមានប្រសាសន៍ថា កាលពីមុនសំណុំរឿងនោះ គឺលោកជាអ្នកកាន់ ក៏ប៉ុន្តែបន្ទាប់មក ភាគីម្ខាងបានប្ដឹងទៅសាលាឧទ្ធរណ៍ ដូច្នេះសាលាដំបូងបានសម្រេចបញ្ជូនរឿងនោះទៅសាលាឧទ្ធរណ៍ហើយ៖ «ខ្ញុំអត់ដឹងដែរអាហ្នឹង កាលណាគេប្ដឹងទៅបញ្ជូនទៅ ហើយការសម្រេចយ៉ាងម៉េច ជាសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍»។
ក្រុមកម្មករចំនួន ១២នាក់ ដែលនៅតែក្រាញននៀលមិនព្រមទទួលយកសំណងពីថៅកែ បានឱ្យដឹងថា ជិត ២ឆ្នាំមកនេះ ពួកគេមិនមានការងារធ្វើ គឺប្រឈមមុខនឹងការខ្វះខាតយ៉ាងខ្លាំង ដូចជាត្រូវការប្រាក់ជួលផ្ទះ និងថ្លៃម្ហូបអាហារប្រចាំថ្ងៃជាដើម។
ស្ត្រីឈ្មោះ ហាស់ សៀម គឺជាអ្នកធ្លាប់រត់តុរបស់សណ្ឋាគារអង្គរវិលេក បូតានិកខល រីសត បានមានប្រសាសន៍ថា នាងនៅតែមិនសុខចិត្តទទួលយកប្រាក់ដែលថៅកែទូទាត់ទេ ពីព្រោះការទូទាត់សំណងនេះមិនសមរម្យ៖ «ប្រាក់ខែខ្ញុំហ្នឹង គឺ១ខែ ៩០ដុល្លារ ទូទាត់ទៅប្រហែលជា ២.០០០ដុល្លារ តែឱ្យខ្ញុំត្រឹមតែ ១ពាន់ ឬក៏ ៩០០ដុល្លារប៉ុណ្ណឹងឯង។ ប៉ុន្តែអតីតភាពពីថ្ងៃបញ្ឈប់រហូតមកដល់ថ្ងៃនេះ គឺគេអត់បង់ឱ្យយើងទេ។ នេះជាមូលហេតុដែលពួកខ្ញុំមិនព្រម ហើយក៏មិនទទួលយកលុយពីសណ្ឋាគារហ្នឹងដែរ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកជួបជាមួយថៅកែជនជាតិបារាំង ដើម្បីសុំការពន្យល់ជុំវិញរឿងនេះបានទេ។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ សមត្ថកិច្ចបានចាប់ខ្លួនតំណាងសហជីពកម្មករចំនួន ២នាក់ បញ្ជូនទៅតុលាការ ដោយសារតែតំណាងសហជីពនោះបានដឹកនាំក្រុមបុគ្គលិកកម្មកររបស់សណ្ឋាគារអង្គរវិលេក បូតានិកខល រីសត និងសណ្ឋាគារអង្គរវិលេកធ្វើកូដកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
