មន្ត្រីផលិតកម្ម និងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះចាក់ថ្នាំការពារជំងឺសត្វពាហនៈ នៅខេត្តតាកែវ និងខេត្តកំពត ក្នុងដើមរដូវវស្សាឆ្នាំ២០១៣។
មន្ត្រីនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ពេជ្រ ប៉េដា ថ្លែងនៅថ្ងៃទី៧ ខែសីហា ថា គោជាង ១ម៉ឺនក្បាលនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺ ដូចជាជំងឺសារទឹក ជំងឺអុតក្តាម ជាដើម។ ជំងឺទាំងនេះ តែងតែយាយីលើសត្វគោក្របីអ្នកស្រុកជារៀងរាល់ឆ្នាំ។ លោកថា ដោយសារនៅក្នុងស្រុកត្រាំកក់ ស្ទើរតែរាល់ឆ្នាំ សត្វពាហនៈមានកើតជំងឺអុតក្តាម ទើបនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ចាំបាច់ថែទាំ និងតាមដានជំងឺសត្វ ដោយត្រូវចុះចាក់ថ្នាំបង្ការជំងឺសត្វក្នុងស្រុកនេះមុនគេ។
លោកថា ក្នុងរយៈពេល ៣ថ្ងៃ សត្វគោក្របីជាង ១ម៉ឺនក្បាល បានចាក់វ៉ាក់សាំងជាលើកទី២ បន្ទាប់ពីសត្វទាំងនោះបានចាក់វ៉ាក់សាំងការពារជំងឺរួច កាលពីមុនឆ្នាំខ្មែរ៖ «ខ្ញុំចាក់បាន ៣ថ្ងៃហើយ បានខ្ទង់ជាង ១ម៉ឺនក្បាលដែរ នៅស្រុកត្រាំកក់ តែមួយទេ ព្រោះយើងបានចាក់ម្តងរួចហើយ នេះចាក់ជាលើកទី២ ដើម្បីជំរុញភាពស៊ាំនោះឲ្យវាបានយូរតទៅទៀត ទើបចាក់បានស្រុកត្រាំកក់ មួយ ព្រោះស្រុកត្រាំកក់ វាជាកន្លែងដែលធ្លាប់កើតជំងឺអុតក្តាម និងស្ទើរតែជារៀងរាល់ឆ្នាំ»។
ប្រជាពលរដ្ឋភូមិមហាសេនា ស្រុកត្រាំកក់ ខេត្តតាកែវ លោក យឹម ឆែម ថ្លែងថា ពេទ្យសត្វមិនទាន់ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម ជុំទី២ ឲ្យគោគាត់នៅឡើយទេ។ ប៉ុន្តែ ការចាក់ជុំទី១ កាលពីដើមឆ្នាំ២០១៣ គាត់បានយកគោឈ្មោល ២ក្បាល ទៅចាក់បង្ការជំងឺរួចហើយ។
លោកថា ការចាក់វ៉ាក់សាំងការពារជំងឺសត្វនោះ គ្រូពេទ្យមិនបានយកប្រាក់ថ្លៃថ្នាំពីគាត់ទេ ហើយមន្ត្រីពេទ្យសត្វ ថែមទាំងបានកៀបក្រដាសមូលមានពណ៌លឿង កិបជាប់នឹងត្រចៀកគោទាំង ២ក្បាល និងគោអ្នកភូមិ ដើម្បីតាមដានជំងឺសត្វទៀតផង៖ «ចាក់ហើយ គេខ្លុះត្រចៀកឲ្យវាហ្នឹង គេដាក់ថ្ងៃខែនៅហ្នឹង ហើយគេថាចាក់លើកទី២ គេនឹងមើលអាហ្នឹង ប៉ុន្តែឥឡូវហ្នឹង គេមិនទាន់ឃើញហៅទៅចាក់»។
ពលរដ្ឋរស់នៅឃុំតាភេម លោក យ៉ែម ចាន់ថារស្មី ថ្លែងថា គោគាត់បានចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម រួចហើយ៖ «យកចាក់ហើយបង ចាក់មួយសារហើយ ចាក់ហើយគេខ្លុះត្រចៀកដាក់អាពណ៌លឿង»។
ប្រធានការិយាល័យកសិកម្ម ស្រុកដងទង់ ខេត្តកំពត លោក សេង សារ៉ន ថ្លែងថា ក្នុងស្រុកនោះមានចំនួន ១០ឃុំ ហើយសត្វគោក្របីមានជាង ២ម៉ឺនក្បាល ក្នុងនោះបានចាក់វ៉ាក់សាំងការពារជំងឺសត្វបានជាង ១ម៉ឺនក្បាលរួចហើយដែរនៅក្នុងសប្ដាហ៍នេះ៖ «កម្លាំងរបស់ខ្ញុំមានពេទ្យសត្វគ្រប់ភូមិទាំងអស់។ ក្នុង១ស្រុកដងទង់ មានពេទ្យសត្វគ្រប់ភូមិ។ ព្រោះគាត់មានជំនឿដល់គាត់បានចាក់វ៉ាក់សាំង ការពារអីចឹងទៅ សត្វរបស់គាត់អត់ឈឺដែរ។ យើងបានចុះផ្សព្វផ្សាយគាត់បន្ថែមដែរថា យើងបានចាក់ថ្នាំការពារសត្វទៅ យើងបានការពារសត្វយើងអត់ឈឺអត់អីទៅ»។
លោក សេង សារ៉ន ឲ្យដឹងថា នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល បានផ្តល់វ៉ាក់សាំងការពារជំងឺសត្វក្នុង១ឆ្នាំឲ្យចាក់បង្ការជំងឺសត្វពាហនៈ ៣ដង។ ចាក់លើកទី១ នៅដើមឆ្នាំ ចាក់លើកទី២ នៅក្នុងដើមរដូវវស្សា និងចាក់លើកទី៣ នៅចុងឆ្នាំ ឬក្នុងរដូវច្រូតកាត់។ លោកថា ការចាក់វ៉ាក់សាំងដល់សត្វ ១ឆ្នាំ ៣ដងបែបនេះ ដើម្បីតាមដានជំងឺសត្វ និងថែទាំសត្វបានល្អ។ ប៉ុន្តែ អ្វីដែលសត្វមិនអាចឈឺ ទាល់តែម្ចាស់សត្វត្រូវផ្តល់ចំណីគ្រប់គ្រាន់ និងសម្អាតក្រោល ទ្រុងចិញ្ចឹមសត្វឲ្យស្អាតជាប្រចាំ នោះសត្វនឹងគ្មានកើតជំងឺទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
