សម្ដេច​ព្រះសង្ឃ​រាជ្យ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ទប់​ស្កាត់​ព្រះសង្ឃ​ចូល​រួម​សកម្មភាព​នយោបាយ

គណៈ​សង្ឃ​គណៈ​មហានិកាយ និង​គណៈ​សង្ឃ​គណៈ​ធម្មយុត្តិកនិកាយ ដែល​មាន​សម្ដេច​ព្រះសង្ឃ​រាជ្យ ទេព វង្ស សម្ដេច​ព្រះសង្ឃ​រាជ្យ បួរ គ្រី សម្ដេច​ព្រះសង្ឃ នន្ទ ង៉ែត និង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ លោក មិន ឃិន កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ បាន​ប្រកាស​ឲ្យ​ព្រះសង្ឃ ពុទ្ធបរិស័ទ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​រាជការ​ទាំង​អស់ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ គោរព​ប្រណិបត្តិ​ធម៌​វិន័យ និង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ជាតិ ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សមិទ្ធផល​សង្គម​ជាតិ។

គណៈ​សង្ឃ​ទាំង​ពីរ​ក៏​បាន​ហាម​ប្រាម​មិន​ព្រះសង្ឃ សមណ​សិស្ស សមណ​និស្សិត អាចារ្យ គណៈកម្មការ​វត្ត ដូនជី តា​អាចារ្យ និង​ពលរដ្ឋ​ទូទៅ​មិន​ត្រូវ​ធ្វើ​ការងារ​ណា​ដែល​ប៉ះពាល់​ដល់​ធម៌​វិន័យ និង​ច្បាប់​រដ្ឋ ដូចជា​សកម្មភាព​គាំទ្រ​បក្ស​នយោបាយ ការ​ធ្វើ​បាតុកម្ម កូដកម្ម កុប្បកម្ម ការ​ជួបជុំ​ប្រមូល​ផ្តុំ ប្រជុំ ឬ​ជា​រូបភាព​អ្វី​មួយ​ដែល​មិន​មែន​ជា​ផ្លូវ​ព្រះពុទ្ធ​សាសនា ឬ​ផ្លូវ​ជាតិ ដែល​មិន​បាន​ទទួល​ការ​អនុញ្ញាត​នោះ​ឡើយ។

លើស​ពី​នេះ​ទៅ​ទៀត គណៈ​សង្ឃ​រាជ​ទាំង​ពីរ​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ត្រូវ​មាន​ការ​ទប់​ស្កាត់​រាល់​ការ​ខុស​ឆ្គង​ទាំង​ឡាយ​របស់​ព្រះសង្ឃ​ដូច​ខាង​លើ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ​នៃ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។