មនុស្ស​ជាង​២០០​នាក់​ចូល​រួម​ទិវា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​បាត់ដំបង

មនុស្ស​ជាង ២០០​នាក់ បាន​ចូល​រួម​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ ទិវា​ជាតិ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​លើក​ដំបូង​នៅ​ក្រោយ​ប្រទេស​កម្ពុជា​ បាន​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កាល​ពី​ឆ្នាំ​២០១០​។ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​កត់​សម្គាល់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​ចូល​រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ​របស់​ក្រុម​យុវជន​និង​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ។

មនុស្ស​ជាង​ ២០០​នាក់​ ដែល​ភាគ​ច្រើន​ក្នុង​ចំណោម​ពួកគេ​ជា​ក្រុម​និស្សិត​ បាន​ចូល​រួម​អបអរសាទរ​ ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ចំណែក​ឯ​ប្រជាពលរដ្ឋ​និង​ក្រុម​អាជ្ញាធរ​វិញ ដែល​បាន​ចូល​រួម​មាន​ចំនួន​តិចតួច​បំផុត។

ពិធី​នេះ​រៀបចំ​ឡើង​ដោយ​​សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យភាព​សង្គម​ ហៅ​កាត់​ថា ស.ស.គ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៣។

មន្ត្រី​របស់​សម្ព័ន្ធ​ដើម្បី​សុចរិតភាព​និង​គណនេយ្យភាព​សង្គម​បញ្ជាក់​ថា ​នៅ​មុន​ថ្ងៃ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ៩ ធ្នូ ចូល​មក​ដល់​ ក្រុម​មន្ត្រី​របស់​អង្គការ​បាន​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៦០០​គ្រួសារ​ នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​​ ក្នុង​ខេត្ត​បាត់ដំបង ឲ្យ​ចូល​រួម ប៉ុន្តែ​ជាក់​ស្ដែង​មាន​ប្រជាពលរដ្ឋ​តែ​ជាង ១០​នាក់​ប៉ុណ្ណោះ​ដែល​ចូល​រួម។ បញ្ហា​ពួកគេ​យល់​ថា ការ​យល់​ដឹង និង​ការ​រួមគ្នា​របស់​ប្រជាពលរដ្ឋ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ។

មន្ត្រី​កម្មវិធី​យុវជន​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ និង​ជា​អ្នក​សម្របសម្រួល​ការ​ប្រគំតន្ត្រី​ដើម្បី​អបអរ​សាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្នាំ​២០១៣ នៅ​ខេត្ត​បាត់ដំបង លោក លី ពិជ័យ កត់​សម្គាល់​ថា ​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ ក្រុម​អាជ្ញាធរ​បាន​ផ្ដល់​កិច្ចសហការ​ល្អ​ខុស​ពី​មុន។

លោក លី ពិជ័យ៖ «ពី​មុន​មក​ភាគ​ច្រើន​យើង​ឃើញ​ថា ឲ្យ​តែ​មាន​ការ​ប្រគំតន្ត្រី​និយាយ​អំពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ពួកគាត់​មិន​សូវ​មាន​ការ​គាំទ្រ និង​មាន​ការ​ចូល​រួម​ទេ ប៉ុន្តែ​លើក​នេះ ពួកគាត់​បាន​ផ្ដល់​កិច្ច​សហការ​ជាមួយ​ពួក​យើង ទោះ​បី​ជា​មាន​ការ​លំបាក​មួយ​ចំនួន​កើត​ឡើង»

លោក​បន្ត​ថា ​ក្រុម​យុវជន​ជា​និស្សិត​ចូល​រួម​នៅ​ក្នុង​ទិវា​ជាតិ​នេះ​ច្រើន​ ក៏​ព្រោះ​តែ​ពួកគេ​ចង់​​យល់​ដឹង​ ពី​វិធី​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ៖ «ទី​១ គាត់​ចង់​ដឹង​អំពី​បញ្ហា​នៃ​អំពើ​ពុករលួយ ក៏​ដូច​ជា​ទិវា​នេះ​គេ​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​អ្វី? ហើយ​នៅ​ពេល​ចាប់​ផ្ដើម​សាកសួរ​សំណួរ​មួយ​ពីរ ពួកគាត់​ជា​អ្នក​រៀន​សូត្រ​ ថា​តើ​ប្រទេស​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ច្បាប់​នេះ​អនុម័ត​នៅ​ពេល​ណា? គាត់​អត់​ដឹង​តែ​ម្ដង ប៉ុន្តែ​បន្ទាប់​យើង​ជម្រាប​ជូន​ទៅ​គាត់​បាន​ដឹង»

ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៣​ នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​លើក​ដំបូង​ ក្រោយ​ពី​​ប្រទេស​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ។

អនុ​ប្រធាន​សម្ព័ន្ធ​ដើម្បី​សុចរិតភាព​និង​គណនេយ្យ​ភាព​សង្គម លោក យង់ គឹមអេង ថ្លែង​ថា ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៣​ នេះ គឺ​ជា​ការ​រំលឹក​មួយ​ដើម្បី​ប្រកាស​ទៅ​ពិភពលោក​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នីមួយៗ មិន​ត្រូវ​ការ​អំពើ​ពុករលួយ​ទេ។ ទិវា​នេះ​ ក៏​ជា​សារ​មួយ​ទាញ​អារម្មណ៍​មន្ត្រី​ ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​ត្រូវ​ខិត​ខំ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក យង់ គឹមអេង៖ «ព្រោះ​អំពើ​ពុក​រលួយ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម​របស់​ខ្លួន​ឡើយ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ទប់​ស្កាត់​ដើម្បី​ដាក់​ទោសទណ្ឌ​ទៅ​ដល់​មន្ត្រី ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​កសាង​សង្គម​មួយ​ប្រកប​ទៅ​ដោយ​តម្លាភាព​និង​ភាព​ស្អាតស្អំ»

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក យង់ គឹមអេង ​កត់​សម្គាល់​ថា ក្នុង​រយៈពេល​កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ទៅ​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លះ​ក៏​ពិត​មែន ប៉ុន្តែ​ការ​ចាត់​វិធានការ​នោះ​គឺ​បាន​ធ្វើ​ឡើង​ចំពោះ​តែ​មន្ត្រី​តូចតាច​​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា មូលហេតុ​នេះ​ហើយ​បាន​ជា​ប្រទេស​កម្ពុជា ត្រូវ​​​អង្គការ​តម្លាភាព​អន្តរជាតិ​វាយ​តម្លៃ​ឲ្យ​មាន​លំដាប់​ថ្នាក់​ទាប ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ​ក្នុង​បណ្ដាល​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។