អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​ប្រឡង​វិញ្ញាសា​សិល្បៈ​និង​អក្សរសាស្ត្រ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​ស្វែង​រក​សិស្ស​និស្សិត ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​ប្រឡង​ប្រណាំង​វិញ្ញាសា​សិល្បៈ និង​អក្សរសាស្ត្រ ក្នុង​គោល​បំណង​បង្ហាញ​ពី​ការ​យល់​ដឹង​ពី​បញ្ហា​ពុក​រលួយ​ដល់​ស្រទាប់​មហា​ជន។

សេចក្តី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា បង្ហាញ​ថា អង្គភាព​នេះ​នឹង​ផ្តល់​រង្វាន់​ដល់​បេក្ខជន​ជ័យលាភី​ជា​ទឹក​ប្រាក់​មួយ​ចំនួន​លើ​វិញ្ញាសា​ចំនួន​៤ មាន​ដូច​ជា ការ​សម្ដែង​រឿង​ខ្លី​ជា​ក្រុម​លើ​ប្រធាន​បទ "ទ្រព្យ​ក្តៅ​ក្រហាយ ឬ​ទ្រព្យ​ដែល​បាន​មក​ពី​ពុក​រលួយ" ការ​ច្រៀង​អាយ៉ៃ​ឆ្លើយ​ឆ្លង​លើ​ប្រធាន​បទ "ខ្ញុំ​ចូល​រួម​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​អ្នក​វិញ?" ការ​ច្រៀង​ចាប៉ី​លើ​ប្រធាន​បទ "តួនាទី និង​ភារកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ" និង​ការ​សរសេរ​អត្ថបទ​រឿង​ខ្លី​លើ​ប្រធាន​បទ "ការ​ផ្តល់​សេវា​សាធារណៈ​ល្អ គឺ​ការ​ចូល​រួម​ចំណែក​ប្រឆាំង​អំពើ​ពុក​រលួយ"។

សេចក្តី​ជូន​ដំណឹង បន្ត​ថា បេក្ខជន​អាច​រក​ពាក្យ​សុំ​ចូល​រួម​បាន​ដោយ​ឥត​គិត​ថ្លៃ នៅ​ស្នាក់​ការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រៀង​រាល់​ម៉ោង​ធ្វើ​ការ ហើយ​អង្គភាព​នេះ​នឹង​ឈប់​ទទួល​ពាក្យ​សុំ​ប្រឡង​ប្រជែង​រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​តុលា។ សាធារណជន​ដែល​ចង់​ជ្រាប​ពី​បញ្ហា​នេះ អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៩២ ៦៦ ៩០ ៣៥ និង ០១៦ ៥៣ ៤៨ ០៦។

ការ​ប្រឡង​ប្រណាំង​សិល្បៈ និង​អក្សរសាស្ត្រ លើ​ប្រធាន​បទ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បង្ការ​អំពើ​ពុក​រលួយ​របស់​រាជ​រដ្ឋាភិបាល ស្រប​ពេល​ដែល​សង្គម​ស៊ីវិល រក​ឃើញ​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តាំង​ពី​មន្ត្រី​ជាន់​ខ្ពស់ រហូត​ដល់​ពលរដ្ឋ​ទូទៅ។ អង្គការ​តម្លាភាព​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៣ រក​ឃើញ​ថា កម្ពុជា ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ទាំង​ជាង ១៧០ ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។