មន្ត្រី​អាជ្ញាធរ​អប្សរា​បដិសេធ​ការ​បាត់​បង់​ចំណូល​វិស័យ​ទេសចរណ៍​នៅ​តំបន់​អង្គរ

អាជ្ញាធរ​រដ្ឋាភិបាល បាន​អធិប្បាយ​លម្អិត​អំពី​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១២ កន្លង​ទៅ និង​បាន​បញ្ជាក់​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ពិត​ប្រាកដ ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ថែម​ទៀត​ផង។

0:00 / 0:00

ការ​បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​នេះ គេ​ទើប​តែ​ឃើញ​ជា​លើក​ដំបូង​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​លើក​យក​បញ្ហា​បាត់​បង់​ចំណូល​ទេសចរណ៍ ធ្វើ​ជា​ចំណុច​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ទឹកដី​តំបន់​ទេសចរណ៍​មួយ​នេះ។

មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែ​រក្សា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប បាន​ប្រតិកម្ម​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​បំប៉ោង​តួលេខ​ចំណូល​ជាតិ​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។

ប្រតិកម្ម​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ចំណូល​ទេសចរណ៍​កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ បើ​គណនា​តាម​ចំនួន​ភ្ញៀវ គឺ​ប្រហែល ២០០​លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ ភាព​ពិត ចំណូល​នោះ​បាន​បាត់​បង់​ជាច្រើន។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា គឺ​លោក អ៊ឹម សុរិទ្ធី។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី១៣ ខែ​កក្កដា ថា តាម​ជំរឿន​របស់​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា គឺ​សរុប​ប្រមាណ​ជាង ៣​លាន ៥​សែន​នាក់ ក៏ប៉ុន្តែ ចំនួន​នេះ​មិន​មែន​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប ទាំងអស់​ទេ។ ចំនួន​អ្នក​ទេសចរ​ដែល​បាន​មក​ទស្សនា​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​២០១២ គឺ​មាន​ជាង ២​លាន ៦​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​ក៏​មិន​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ទាំងអស់​ដែរ។

លោក អ៊ឹម សុរិទ្ធី បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណនា​តួលេខ​ចំណូល​ទេសចរណ៍​ប្រមាណ ២០០​លាន​ដុល្លារ​នោះ គឺ​ខុស​ពី​ការ​ពិត៖ «យើង​ឱ្យ​មហាជន​ទាំងអស់​ជួយ​ពិចារណា​មើល សូម្បី​បើ​សិន​ជា​ចំនួន​ភ្ញៀវ​ជាង ៣​លាន​នាក់​មែន យើង​យក ៣​លាន​ហ្នឹង គុណ​នឹង ៤០​ដុល្លារ ក៏​មិន​ដូច​ការ​ដែល​លើក​ឡើង​ថា ២០០​លាន​ដុល្លារ​ដែរ។ ខ្ញុំ​សុំ​ឱ្យ​បង​ប្អូន​មហាជន​ទូទៅ​ពិចារណា​លើ​តួលេខ​ហ្នឹង។ យើង​ផ្ញើ​តួលេខ​ចេញ​ទៅ​ឱ្យ​មហាជន​គិត​មើល​ខ្លួន​ឯង​ទៅ ឃើញ​ច្បាស់​ហើយ»

កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា កន្លង​ទៅ អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ជាង ២​លាន ៦​ម៉ឺន​នាក់ ដែល​មក​ទស្សនា​អង្គរ​កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ គឺ​មាន​ភ្ញៀវ​តែ​ជាង ១​លាន ៨​សែន​នាក់​ប៉ុណ្ណោះ ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ។ ក្រៅ​ពី​នោះ ជា​ភ្ញៀវ​របស់​រដ្ឋាភិបាល ក្រុម​អ្នក​ស្រាវជ្រាវ​របស់​គម្រោង​អន្តរជាតិ ដើម្បី​ជួសជុល និង​អភិរក្ស​អង្គរ អាណិក​ជន​មាន​សញ្ជាតិ​ដើម​ជា​ខ្មែរ និង​កុមារ​អាយុ​ក្រោម ១២​ឆ្នាំ​ជាដើម។ អ្នក​ទាំង​នោះ​បាន​ចូល​ទៅ​ទស្សនា​អង្គរ​ដោយ​មិន​ទិញ​សំបុត្រ ដូច្នេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ បាន​តួលេខ​ពី​ណា​យក​ទៅ​គណនា​ចំណូល​ទេសចរណ៍​រហូត​ដល់ ២០០​លាន​ដុល្លារ?

ទោះ​យ៉ាង​ណា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អះអាង​ថា ការ​គណនា​របស់​គេ គឺ​ផ្អែក​ទៅ​លើ​ជំនាញ និង​បច្ចេកទេស​យ៉ាង​ត្រឹមត្រូវ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា អ្នក​ជំនាញ​ការ និង​អ្នក​បច្ចេកទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ចំណូល​ដែល​បាន​ពី​ទេសចរណ៍​ចូល​ទៅ​ទស្សនា​អង្គរវត្ត កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​យ៉ាង​ពិត​ប្រាកដ ក៏ប៉ុន្តែ រដ្ឋាភិបាល​បែរ​ជា​អះអាង​ថា ប្រាក់​ចំណូល​នោះ​បាន​ប្រហែល​ជាង ៣០​លាន​ដុល្លារ​ទៅ​វិញ៖ «ចង់​បាន​ភស្តុតាង​ចាំ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​យើង​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៣ នេះ អាណត្តិ​ទី​៥ យើង​ដឹកនាំ​រដ្ឋាភិបាល គឺ​យើង​នឹង​រក​ចំណូល​ទេសចរណ៍​ឱ្យ​បាន​ដូច​អ្វី​ដែល​យើង​បាន​ថា​អីចឹង​មែន»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា បើ​សិន​ជា​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល បើ​ទោះ​បី​ជា​រដ្ឋ​មិន​យក​តំបន់​ទេសចរណ៍​អង្គរ​មក​កាន់​កាប់​ក៏ដោយ ក៏​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដោយ​តម្លាភាព។ លោក កឹម សុខា បាន​អះអាង​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​រដ្ឋាភិបាល គឺ​នឹង​ទប់ស្កាត់​អំពើ​ពុក​រលួយ ហើយ​អាច​នឹង​បង្កើន​ប្រាក់​ចំណូល​ជាតិ​បាន ១​ពាន់​លាន​ដុល្លារ​ថែម​ទៀត​លើស​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។