អាជ្ញាធរអប្សរាទទួលបន្ទុកថែរក្សាបេតិកភណ្ឌ និងប្រាសាទបុរាណក្នុងខេត្តសៀមរាប បានប្រកាសបិទមិនឱ្យទេសចរចូលទស្សនាតួប៉មកណ្ដាលរបស់ប្រាសាទបាយ័នជាបណ្ដោះអាសន្ន។ ការប្រកាសបិទនោះ បន្ទាប់ពីមានហេតុការណ៍បែកព្រះពុទ្ធបដិមាថ្មមួយអង្គនៅក្នុងនោះ ដែលគេកំពុងសង្ស័យទៅលើស្ត្រីអ្នកទេសចរជនជាតិនូវែលហ្សេឡង់ ម្នាក់ ថាអាចជាប់ពាក់ព័ន្ធក្នុងរឿងនោះ។
មន្ត្រីអាជ្ញាធរអប្សរា ឱ្យដឹងថា ស្ថាប័ននេះកំពុងសហការជាមួយប៉ូលិសការពារបេតិកភណ្ឌ និងនគរបាលទេសចរ ដើម្បីស្រាវជ្រាវព័ត៌មានលម្អិត ព្រមទាំងភស្តុតាងច្បាស់លាស់ ក្នុងការតាមរកមុខឧក្រិដ្ឋជនដែលបំផ្លាញព្រះពុទ្ធបដិមាថ្មមួយអង្គ ឱ្យបាក់បែកខូចខាតនៅក្នុងប្រាសាទបាយ័ន។
មន្ត្រីអាជ្ញាធរអប្សរាដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៣ ខែតុលា ថា កាលពីរាត្រីថ្ងៃទី៩ ខែតុលា កន្លងទៅ ព្រះពុទ្ធបដិមា១អង្គដែលមានកាយវិការយកព្រះធរណីធ្វើជាសាក្សី នៅក្នុងប៉មកណ្ដាលរបស់ប្រាសាទបាយ័ន ត្រូវបានមនុស្សធ្វើឱ្យបាក់បែកខ្ទេចខ្ទី។ មន្ត្រីដដែលបញ្ជាក់ថា ព្រះពុទ្ធបដិមា១អង្គនោះមានបំណែកខ្លះជាវត្ថុបុរាណ ដែលត្រូវបានក្រុមអ្នកអភិរក្សអង្គរ ផ្គុំឡើងវិញជាមួយបំណែកផ្សេងៗទៀតកាលពីឆ្នាំ១៩៨៨៖ «រូបហ្នឹងបំណែកខ្លះជាវត្ថុបុរាណ ក៏ប៉ុន្តែដូចជាព្រះកេសអី គឺគេធ្វើពីស៊ីម៉ងត៍ចម្លងពីបដិមាសម័យបុរាណដែរ។ យើងមិនដឹងថា គាត់វាយឬក៏គាត់ធ្វើសកម្មភាពយ៉ាងម៉េច? យើងមិនអាចសន្និដ្ឋានបាន ប៉ុន្តែគ្រាន់តែថា ពេលដែលកម្លាំងភ្នាក់ងាររបស់យើងទៅឃើញព្រះពុទ្ធហ្នឹង គឺបាក់។ ចំពោះហេតុការណ៍ គឺកើតឡើងពេលយប់។ តាមធម្មតា អាជ្ញាធរអប្សរាពុំមានកម្លាំងយាមប្រចាំការនៅពេលយប់ទេ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនទាន់បានជួបអគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ ដើម្បីសុំការពន្យល់ជុំវិញរឿងនោះបានថាយ៉ាងណានៅឡើយ ដោយសារតែលោកមិនទទួលទូរស័ព្ទ។
ក៏ប៉ុន្តែ សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា កាលពីថ្ងៃទី១២ ខែតុលា គឺបានដាក់ការសង្ស័យទៅលើស្ត្រីអ្នកទេសចរជនជាតិនូវែលហ្សេឡង់ ម្នាក់ ថាអាចជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យបាក់បែកព្រះពុទ្ធបដិមាថ្ម១អង្គនោះ។ សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរាបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែតុលា កន្លងទៅ អ្នករត់រ៉ឺម៉កម៉ូតូកង់បីម្នាក់ បានដឹកស្ត្រីជនជាតិនូវែលហ្សេឡង់ ម្នាក់ អាយុប្រហែល ៤០ឆ្នាំ ទៅទស្សនាប្រាសាទបាយ័ន។ លុះដល់វេលាម៉ោង ៦ល្ងាចទៅហើយ អ្នកបើករ៉ឺម៉កនៅតែបាត់ស្ត្រីបរទេសម្នាក់នោះមិនឃើញចេញពីប្រាសាទ។ អ្នកបើករ៉ឺម៉ក បានប្ដឹងប៉ូលិសការពារបេតិកភណ្ឌនៅម្ដុំវត្តព្រះអង្គគោកធ្លក ឱ្យជួយរក ដោយសហការជាមួយប៉ូលិសទេសចរ តែមិនឃើញជនបរទេសនៅកន្លែងដែលចូលទៅនោះទេ។ លុះវេលាទៀបភ្លឺថ្ងៃទី១០ ខែតុលា ក្រុមកម្មករជួសជុលប្រាសាទបាយ័ន ក៏ប្រទះឃើញស្ត្រីម្នាក់នោះនៅភាគអាគ្នេយ៍នៃប្រាសាទបាយ័ន។ បន្ទាប់ពីប៉ូលិសនាំខ្លួនស្ត្រីនោះទៅសាកសួររួចហើយ ក៏ប្រគល់ទៅឱ្យម្ចាស់ផ្ទះសំណាក់ដែលជាកន្លែងស្នាក់នៅ ដោយមិនចាប់អារម្មណ៍ថាមានរឿងបែកបាក់ព្រះពុទ្ធបដិមាឡើយ។ លុះដល់ម៉ោង ៦ព្រឹកថ្ងៃទី១០ ខែតុលា ទើបសមត្ថកិច្ចទទួលបានព័ត៌មានថា មានអ្នកធ្វើឱ្យបែកព្រះពុទ្ធបដិមានៅប្រាសាទបាយ័ន។
ប្រធានអង្គភាពប៉ូលិសការពារបេតិកភណ្ឌ លោក ម៉ាន់ ឈឿន មានប្រសាសន៍ថា នៅពេលដឹងថាមានអ្នកធ្វើឱ្យបែកព្រះពុទ្ធបដិមាភ្លាម កម្លាំងរបស់លោកបានតាមទៅរកស្ត្រីជនជាតិនូវែលហ្សេឡង់ នោះវិញ ក៏ប៉ុន្តែអ្នកទេសចរនោះបានភៀសខ្លួនបាត់ទៅហើយ៖ «គ្រាន់តែព្រឹកថ្ងៃទី១០ នៅពេលដឹងថាបាក់បែក ហើយភ្ញៀវចេញផុតទៅក៏យើងបានត្រឹមតែធ្វើរបាយការណ៍ រាយការណ៍ជូនទៅថ្នាក់លើ មិនដឹងចេញម៉ោងណាយើងអត់ដឹង»។
អាជ្ញាធរអប្សរា ចាត់ទុកថា បើទោះបីជាព្រះពុទ្ធបដិមា១អង្គដែលគេធ្វើឱ្យបាក់បែកនោះមិនមែនជាវត្ថុបុរាណសុទ្ធក៏ដោយ ក៏វាជាបេតិកភណ្ឌរបស់ជាតិ ចំណែកឯអ្នកបំផ្លាញវត្ថុនោះ គឺជាឧក្រិដ្ឋជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
