ប្រជាពលរដ្ឋនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានអះអាងថា ទាហាននៅវរៈ២០៤ បានវាយដំនឹងព្រនង់ ហើយយកកាំភ្លើងមកភ្ជង់ ដោយចោទថា ប្រជាពលរដ្ឋរូបនោះបានរាយការណ៍ទៅមន្ត្រីរដ្ឋបាលព្រៃឈើមកចាប់ឈើខ្លួន។
ទាហានកងវរៈ២០៤ ទទួលស្គាល់ថា ប្រើហិង្សាលើប្រជាពលរដ្ឋមែន ប៉ុន្តែលោកបដិសេធចំពោះថាលោកយកកាំភ្លើង និងព្រនង់វាយលើប្រជាពលរដ្ឋ ហើយថាលោកមិនជាប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់នោះទេ។
ប្រជាពលរដ្ឋនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កំពុងព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន បន្ទាប់ពីទាហាននៅកងវរៈ២០៤ ដែលបានប្រើអំពើហិង្សាធ្ងន់ធ្ងរមកលើខ្លួន ដោយជនល្មើសមិនទាន់ត្រូវបានចាប់ឃាត់ខ្លួន ឬណែនាំណាមួយទៅតាមផ្លូវច្បាប់នោះទេ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិដូង ឃុំឃ្សឹម ស្រុកស្នួល លោក ម៉េត គ្រីយ៉ា ឱ្យដឹងថា កាលពីថ្ងៃទី២២ មិថុនា ខណៈដែលលោកមកពីចម្ការវិញនោះ ត្រូវបានប្រទះពាក្យសម្ដីគ្នាជាមួយទាហានម្នាក់នៅកងវរៈ២០៤ ឈ្មោះ សូ សំឡី រហូតដល់មានការវាយដំរូបលោក។
លោកបន្តថា លោក សូ សំឡី បានចោទប្រកាន់លោកថា ជាអ្នករាយការណ៍ទៅមន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីឱ្យមកចាប់ឈើរបស់គាត់ ដែលបានទៅលួចកាប់នៅក្នុងដែនអភិរក្សបរិស្ថាន ប៉ុន្តែលោកមិនបានរាយការណ៍នោះឡើយ៖ «ត្រូវកញ្ចឹងកសៀតផ្កា និងភ្នែក រួចក្មួយខ្ញុំហ្នឹងវ៉ៃត្រូវចំជើង រួចបងខ្ញុំគេវ៉ៃក្បាល។ វ៉ៃខ្ញុំហើយ បានគាត់នាំគ្នាបក្ខពួកបីបួននាក់ទៀត ទៅវ៉ៃនៅផ្ទះបងខ្ញុំ និងក្មួយហ្នឹង។ វ៉ៃទាំងអស់បីនាក់ តែវ៉ៃខ្ញុំមុនគេ។ ទៅវ៉ៃបងខ្ញុំ និងក្មួយ គឺមានគ្នាពីរនាក់ តែត្រូវប្រជាពលរដ្ឋគេឃាត់គេក៏ចាប់ចេញទៅ»។
ប្រភពដដែលបន្ថែមទៀតថា លោកត្រូវបានទាហានរូបនោះមកវ៉ៃដោយដៃ និងព្រនង់ បណ្ដាលឱ្យបែកក្បាល និងត្រូវភ្នែកមួយចំហៀងយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងយកកាំភ្លើងមកភ្ជង់ក្បាលរបស់គាត់ គំរាមថានឹងបាញ់សម្លាប់លោកទៀតផង។ លោកអះអាងទៀតថា ក្រៅពីខ្លួនលោកផ្ទាល់ដែលត្រូវទាហាន និងបក្ខពួកវាយដំនោះ ក៏មានបង និងក្មួយរបស់លោកពីរបីនាក់ផ្សេងទៀត រួមមាន ឈ្មោះ ម៉េត ធី និងឈ្មោះ ធី ចន្ធា ក៏ត្រូវក្រុមទាហានវរៈ២០៤ វាយដំដែរ។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ទាហានវរៈ២០៤ លោក សូ សំឡី បានទទួលស្គាល់កំហុសរបស់ខ្លួន ក្នុងការវាយដំទៅលើ លោក ម៉េត គ្រីយ៉ា មែន ក៏ប៉ុន្តែលោកសុំបដិសេធទាំងស្រុងចំពោះរឿងថា លោកបានប្រើព្រនង់ និងយកកាំភ្លើងមកវាយដំ ព្រមទាំងបានគំរាមកំហែងទៅលើ លោក ម៉េត គ្រីយ៉ា នោះ គឺជារឿងមិនពិតនោះឡើយ។
លោកបញ្ជាក់ទៀតថា វារឹតតែមិនពិតទៅទៀតនោះ គឺលោកមិនមែនមានទំនាស់ដោយសារពាក់ព័ន្ធរឿងកាប់ឈើក្នុងតំបន់អភិរក្សនោះទេ ពីព្រោះលោកមិនដែលរកស៊ីកាប់ឈើឡើយ។ លើសពីនេះទៀត លោកក៏មិនមែនជាអ្នកកាងឈើនៅទីនោះដែរ ប៉ុន្តែការទាស់ទែងគ្នានោះ ដោយសាររឿងព្រំដី ហើយ លោក ម៉េត គ្រីយ៉ា ជេរម៉ែឪលោក ស្របពេលដែលពួកលោកកំពុងហូបស្រាផងនោះ ទ្រាំមិនបាន ក៏វ៉ៃតែម្តងទៅ៖ «ខ្ញុំហូបអស់តែមួយលីត្រទេ គ្នាបួននាក់ហូបអស់តែមួយលីត្រទេ។ ខ្ញុំចេញមកខ្ញុំទៅសួររឿងព្រំដីទេ វាហ្នឹងប្អូនធម៌របស់ខ្ញុំណា ប្អូនណា៎។ ខ្ញុំទៅសួរថាណែ! បង្គោលព្រំហ្នឹងឯងកុំដើរពេកជាមួយបងប្អូន។ មុនដំបូងខ្ញុំទៅសម្របសម្រួលទេ ប៉ុន្តែវាមកវាជេរម៉ែខ្ញុំ និងជេរវរៈ២០៤ ហើយខ្ញុំជាទាហាននៅវរៈ២០៤។ អ៊ីចឹងវាជេរម៉ែខ្ញុំវាជេរវរៈខ្ញុំៗទប់មិនបាន»។
លោកបញ្ជាក់ថា លោកចង់ឱ្យមានការសម្របសម្រួលជុំវិញបញ្ហានេះ ដើម្បីកុំឱ្យបញ្ហាកាន់តែវែងឆ្ងាយតទៅទៀត។
មេទាហានម្នាក់រស់នៅឃុំឃ្សឹម ដោយសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា គឺជារឿងយល់ច្រឡំបញ្ហាព្រំដី និងម្យ៉ាងភាគីជម្លោះ គឺស្រវឹងស្រា ដែលនាំឱ្យមានបញ្ហាប្រើអំពើហិង្សាកើតឡើង។ លោកយល់ថា ជាការប្រសើរគប្បីភាគីទាំងពីរសម្របសម្រួលគ្នា ព្រោះជាអ្នកភូមិរស់នៅជាប់គ្នា ហើយពីរនាក់ដែលមានជម្លោះគ្នាខ្លាំងនោះ គឺជាប្អូនធម៌បងធម៌គ្នាផង។
តែយ៉ាងណាក៏ដោយ ដោយសារការបារម្ភទៅនឹងសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះភាគីទាហាន គឺមានកាំភ្លើងនោះ លោក ម៉េត គ្រីយ៉ា និងជនរងគ្រោះពីរនាក់ផ្សេងទៀត ក៏បានដាក់ពាក្យបណ្ដឹងមួយទៅសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី២៣ មិថុនា។ ក្នុងកម្មវត្ថុនៃពាក្យបណ្ដឹងនោះ គឺប្ដឹងចំពោះឈ្មោះ សូ សំឡី ជាទាហានវរៈ២០៤ និងឈ្មោះ ស្រស់ រួមនិងបក្ខពួកពីរនាក់ផ្សេងទៀត ពីបទប្រើប្រាស់អំពើហិង្សាដោយចេតនាមកលើពួកគាត់ កាលពីថ្ងៃទី២២ មិថុនា។ ក្នុងពាក្យបណ្ដឹងដដែល គឺមានសំណូមពររបស់ជនរងគ្រោះទាំងបី ដោយទាមទារសំណង់ជំងឺចិត្ត និងថ្លៃថ្នាំព្យាបាលជំងឺចំនួន ៤ពាន់ដុល្លារ និងទាមទារឱ្យចាប់ជនល្មើសមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
