ម្ចាស់​ផ្ទះ​សំណាក់​៤​នាក់​នៅ​ប៉ោយប៉ែត​ត្រូវ​ចាប់​ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​ជួញ​ដូរ​ពលករ

សំណុំ​រឿង​ជន​សង្ស័យ​ចំនួន ៤​នាក់ ដែល​ជា​ម្ចាស់​ផ្ទះ​សំណាក់​បួន​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម ដើម្បី​បើក​ការ​ស៊ើប​សួរ។ ចៅក្រម នឹង​បន្ត​ការ​ស្រាវជ្រាវ​រក​ភស្តុតាង​បន្ថែម​ទៀត ទាក់ទិន​ករណី​ឃុបឃិត​ជាមួយ​ពួក​មេ​ខ្យល់​ផ្ដល់​ទីតាំង​ឲ្យ​ពលករ​ស្នាក់នៅ​មុន​ពេល​នាំ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ។
ដោយ សួន សុផលមុន្នី
2013.04.26
ពលករ ប៉ោយប៉ែត ៣០៥ សកម្មភាព​សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួត​ពិនិត្យ​ផ្ទះ​សំណាក់ ដែល​ពលករ​ចំណាក​ស្រុក​ស្នាក់នៅ​មុន​បញ្ជូន​ចេញ​ទៅ​ប្រទេស​ថៃ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Soun Sophalmony

តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​ដាក់​ឲ្យ​ជន​សង្ស័យ​បួន​នាក់​ជា​ម្ចាស់​ផ្ទះ​សំណាក់​បួន​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​អយ្យកា​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​បួន​នាក់ តាម​មាត្រា​២០ នៃ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ថ្លែង​នៅ​ថ្ងៃ​ទី២៦ មេសា ថា កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា តំណាង​អយ្យកា​សម្រេច​ចោទ​ប្រកាន់​ម្ចាស់​ផ្ទះ​សំណាក់​ទាំង​បួន​នាក់ ទាក់ទិន​ការ​ទទួល​យក​មនុស្ស​ដោយ​មាន​គោលដៅ​ដើម្បី​ជួយ​ដល់​ជន​ល្មើស៖ «យើង​ស្នើ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដើម្បី​ឲ្យ​ចៅក្រម​ស៊ើប​សួរ​បន្ថែម​ទៀត។ យើង​បាន​ស៊ើប​អង្កេត​មួយ​រយៈ​មក ដោយ​ដឹង​ថា​មាន​ក្រុម​មេ​ខ្យល់​ហ្នឹង ដោយសារ​យើង​ទប់ស្កាត់​តាម​ព្រំដែន​ទៅ គាត់​ឲ្យ​ពលករ​ហ្នឹង គឺ​មាន​មេ​ខ្យល់​ទាក់ទង​ពលករ​ឲ្យ​ដេក​ផ្ទះ​សំណាក់។ អ៊ីចឹង មេ​ខ្យល់​គេ​និយាយ​ជាមួយ​ផ្ទះ​សំណាក់​ថា លុយ​មិន​បាច់​ទាមទារ​អី​ពី​ពលករ​ទេ អា​នេះ​ព័ត៌មាន​ទូទៅ​ដែល​យើង​ទទួល​បាន ហើយ​ទៅ​មើល​ឯកសារ​ពលករ​ដេក​ក្នុង​ផ្ទះ​សំណាក់​មួយៗ​ច្រើន​ពេក»

កាល​ពី​ថ្ងៃ​ទី២៣ ខែ​មេសា តំណាង​អយ្យកា​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ចុះ​ទៅ​ចាប់​ជន​សង្ស័យ​ទាំង ៤​នាក់ និង​ឃាត់​ខ្លួន​ពលករ​ខ្មែរ​ជាង​មួយ​រយ​នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​ចំនួន ៤​កន្លែង។ ផ្ទះ​សំណាក់​ទាំង​៤ ដែល​រង​ការ​ចោទ​ប្រកាន់​នោះ​មាន​ផ្ទះ​សំណាក់​រស្មី​ស្ពាន​មាស ផ្ទះ​សំណាក់​ហង្ស​មាស ផ្ទះ​សំណាក់​ខេមរៈ និង​ផ្ទះ​សំណាក់​ផ្កាយ​ព្រឹក នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ម្ចាស់​ផ្ទះ​សំណាក់​ផ្កាយ​ព្រឹក លោក ហេង វាន់ឌី ថ្លែង​ថា តុលាការ​បាន​ចោទ​ប្រកាន់​ម្ចាស់​សំណាក់​ទាំង ៤​កន្លែង ពី​បទ​ផ្ដល់​ទីតាំង​ឲ្យ​ពលករ​ខុស​ច្បាប់​ស្នាក់នៅ និង​ពុំ​បាន​ពិនិត្យ​អត្តសញ្ញាណ​អ្នក​ស្នាក់នៅ។ លោក​បញ្ជាក់​ថា លោក​បាន​បើក​អាជីវកម្ម​ផ្ទះ​សំណាក់​តូចតាច​ខុស​ពី​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ធំៗ ដូច្នេះ​លោក​គ្រាន់​តែ​ផ្ដល់​ទីតាំង​ឲ្យ​ភ្ញៀវ​ស្នាក់នៅ និង​ទទួល​បាន​កម្រៃ ប៉ុន្តែ​រឿង​គោលដៅ​របស់​ភ្ញៀវ​ចេញ​ទៅ​ទីណា​នោះ ជា​រឿង​របស់​អ្នក​ស្នាក់នៅ៖ «ការ​ចាប់​នេះ ខ្ញុំ​យល់​ថា​ជា​រឿង​មិន​ត្រឹមត្រូវ បើ​សិន​ជា​គាត់​ធ្វើ​ការ​ទប់ស្កាត់​ពលករ​ខុស​ច្បាប់​នៅ​ពេល​ឆ្លង​ដែន​នេះ ធ្វើ​នៅ​ក្នុង​ផ្ទះ​សំណាក់ រំលោភ​សិទ្ធិ​រស់នៅ​របស់​ខ្ញុំ។ ការ​ដែល​ខុស គឺ​ខ្ញុំ​ខុស​មែន ខ្ញុំ​អត់​បាន​សួរ​អត្តសញ្ញាណ​គេ​ទៅ​ណា​មក​ណា ខ្ញុំ​មិន​អស់​ចិត្ត​ត្រង់​ថា ការ​ទប់ស្កាត់​ពលករ​មិន​ត្រូវ​ទប់ស្កាត់​នៅ​ក្នុង​ផ្ទះ​ទេ គួរ​ទប់ស្កាត់​នៅ​តាម​ព្រំដែន​បាន​ត្រឹមត្រូវ»

ប៉ុន្តែ លោក ផាន់ វណ្ណរ័ត្ន បញ្ជាក់​ថា សមត្ថកិច្ច​បាន​ចុះ​ត្រួត​ពិនិត្យ​ផ្ទះ​សំណាក់​ទាំង​បួន​កន្លែង រក​ឃើញ​ពលករ​ដេក​ក្នុង​មួយ​បន្ទប់​មាន​គ្នា​ពី ១០ ទៅ ២០​នាក់​ខុស​ប្រក្រតី។ នៅ​ពេល​សមត្ថកិច្ច​សួរ​នាំ ពលករ​ទាំង​នោះ​ឆ្លើយ​ថា គោលដៅ​របស់​ពួក​គេ​ឆ្លង​ដែន​ទៅ​ថៃ ប៉ុន្តែ​ពុំ​មាន​ឯកសារ​ស្រប​ច្បាប់​មក​បញ្ជាក់​នោះ​ទេ៖ «១៤២​នាក់ ដែល​យើង​ចាប់​សួរ​គាត់​ហ្នឹង គឺ​អត់​មាន (ឯកសារ) គាត់​បម្រុង​ចេញ​ទៅ​ថៃ ដោយ​ខុស​ច្បាប់។ អ៊ីចឹង គាត់​គេច​ពី​កម្លាំង​ដែល​យើង​ទៅ​ដាក់​ផ្ទះ​សំណាក់​មេ​ខ្យល់ ហើយ​ដោយសារ​ពេល​វេលា​នៅ​ខាង​អយ្យកា យើង​ធ្វើ​បាន​តែ ៤៨​ម៉ោង ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌។ អ៊ីចឹង​យើង​ស៊ើប​មិន​ទាន់​បាន​ច្បាស់​លាស់​ទេ បាន​ជា​យើង​រុញ​ទៅ​ឲ្យ​ខាង​ចៅក្រម ហើយ​យើង​មិន​ស្នើ​ឃុំ​ខ្លួន​ហ្នឹង យើង​ទុក​ឲ្យ​ខាង​ចៅក្រម​ស៊ើប ព្រោះ​រឿង​ហ្នឹង​វា​ទាក់ទង​ទៅ​ថៃ ផល​ខ្មែរ​យើង​ផង»

នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​សង្កេត​ឃើញ​ពលករ​ខ្មែរ​ជាច្រើន​ពាន់​នាក់ នាំគ្នា​សម្រុក​ចូល​ទៅ​កាន់​ទីក្រុង​ប៉ោយប៉ែត ដើម្បី​បន្ត​ចេញ​ទៅ​ប្រទេស​ថៃ ហើយ​ក្រុម​អាជ្ញាធរ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​តុលាការ កង​កម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​មូលដ្ឋាន បាន​ចុះ​ហាមឃាត់ អប់រំ​មិន​ឲ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​មេ​ខ្យល់​ដែល​ជា​អ្នក​ជួញ​ដូរ​កម្លាំង​ពលករ​ខ្មែរ​ទៅ​ប្រទេស​ថៃ នោះ ពុំ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។