កម្មវិធី​ប្រកួត​អត្ថបទ​អ្នក​កាសែត​ស្ដីពី​ការ​ពាក់​មួក​សុវត្ថិភាព

0:00 / 0:00

ក្រុម​អ្នក​ធ្វើ​ការងារ​ទាក់ទង​សុវត្ថិភាព​ចរាចរណ៍ ផ្ដល់​ឱកាស​ឲ្យ​អ្នក​កាសែត​យក​អត្ថបទ​របស់​ខ្លួន​ស្ដីពី​ការ​ជំរុញ​ការ​ពាក់​មួក​សុវត្ថិភាព ដែល​ចេញផ្សាយ​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៦ ចូលរួម​ប្រកួតប្រជែង​ជា​ផ្លូវការ។

​កម្មវិធី​ប្រឡង​ប្រណាំង​នេះ​មាន​គោល​បំណង​ទទួល​ស្គាល់​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍ ទាក់ទង​នឹង​ការ​មិន​ពាក់មួក​សុវត្ថិភាព​តាម​រយៈ​អត្ថបទ​របស់​ខ្លួន។

នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា លោក គឹម បញ្ញា យល់​ថា អ្នក​សារព័ត៌មាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ជូន​សាធារណជន និង​ថ្នាក់ដឹកនាំ​អនុវត្ត​គោលនយោបាយ​តាម​រយៈ​អត្ថបទ​របស់​ខ្លួន៖ «យើង​ឃើញ​អ្នក​សារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ណាស់ សំឡេង​របស់​គាត់ អត្ថបទ​របស់​គាត់ អាច​បាន​ឃើញ ឬ​បាន​ឮ​ដល់​សាធារណជន​រាប់​ម៉ឺន​នាក់។ នេះ​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍»

​អត្ថបទ​របស់​អ្នក​ប្រកួតប្រជែង​នឹង​ត្រូវ​ឆ្លងកាត់​ការ​វាយ​តម្លៃ​ចំនួន​ពីរ​ដំណាក់កាល ដោយ​ក្រុម​អ្នក​ជំនាញ​សារព័ត៌មាន និង​អ្នក​ពាក់ព័ន្ធ។ អ្នក​កាសែត ៧​រូប នឹង​ក្លាយ​ជា​ជយលាភី។

ប្រធាន​កម្មវិធី​លើក​កម្ពស់​បរិយាកាស​អំណោយផល​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា អ្នកស្រី ម៉ែន វណ្ណាវី បញ្ជាក់​បន្ថែម​ថា អត្ថបទ​ដែល​ដាក់​ប្រកួតប្រជែង ត្រូវតែ​ជា​អត្ថបទ​ប្រកប​ដោយ​វិជ្ជាជីវៈ គ្មាន​ការ​លួច​ចម្លង មិន​បំផ្លើស​សម្ដី​ប្រភព និង​ជា​អត្ថបទ​ទាន់​សភាពការណ៍ ទាំង​ទិន្នន័យ រូបភាព និង​សំឡេង។

ឧត្ដមសេនីយ៍ទោ ទី ឡុង អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ គាំទ្រ​សកម្មភាព​អ្នក​សារព័ត៌មាន​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍៖ «សារព័ត៌មាន​ដែល​ជា​អំណាច​ទី​៤​នេះ​ជួយ​ជំរុញ​បន្ថែម​ដល់​ប្រជាពលរដ្ឋ យល់​ថា ការ​ពាក់​មួក​សុវត្ថិភាព»

អ្នក​ចូលរួម​អាច​ទាក់ទង​ដាក់​ពាក្យ និង​អត្ថបទ​ប្រកួត​របស់​ខ្លួន​ជូន​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា តាម​រយៈ​ទូរស័ព្ទ​លេខ ០១៧ ៩៩០ ៨៨២ ឬ​សារ​អេឡិចត្រូនិក vannavy.men@aipf-cambodia.org។

លទ្ធផល​នៃ​ការ​ប្រកួតប្រជែង​នឹង​ប្រកាស​នៅ​ចន្លោះ​ខែ​កក្កដា-​សីហា ឆ្នាំ​២០១៦ ហើយ​រង្វាន់​មាន​ពាន វិញ្ញាបនបត្រ​ចូលរួម ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស និង​ថវិកា​ពី ៥០​ម៉ឺន​រៀល ដល់ ២,៦​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។