ប្រទេសប្រ៊ុយណេដារុសសាឡាម ទទួលតំណែងជាប្រធាននៃកិច្ចប្រជុំសមាគមអាស៊ាន ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៣។
នៅក្រោមប្រធានបទ "ប្រជាជនយើង អនាគតរួមរបស់យើង" កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ បានសង្កត់ធ្ងន់លើតួនាទីរបស់ពលរដ្ឋនៃប្រទេសសមាជិកសមាគមអាស៊ាន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ ប្រទេសសមាជិកសមាគមអាស៊ាន នៅតែផ្ដោតលើការជំរុញឱ្យមានសហគមន៍អាស៊ានមួយ ដែលផ្សារភ្ជាប់នយោបាយ ការរួមបញ្ចូលសេដ្ឋកិច្ច និងសង្គម។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំលើកទី២៣ ក៏បានបង្ហាញឱ្យឃើញដែរអំពីការប្ដេជ្ញាចិត្តរបស់មេដឹកនាំនៃប្រទេសជាសមាជិកទាំង១០ ក្នុងការចូលរួមរបស់ខ្លួននៅក្នុងដំណើរការអភិវឌ្ឍចក្ខុវិស័យសម្រាប់សហគមន៍អាស៊ានក្រោយឆ្នាំ២០១៥។
ក្នុងចំណោមកិច្ចប្រជុំ និងកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន កិច្ចប្រជុំក៏បានអនុម័តលើសេចក្ដីប្រកាសស្ដីពីការបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ។ ក្រៅពីនេះ ក៏មានការពិភាក្សាអំពីការជំរុញឱ្យមានការអនុវត្តជាក់ស្ដែងលើសេចក្ដីប្រកាសនានារបស់ខ្លួន ដែលបានព្រមព្រៀងកន្លងមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ នេះដែរ។ តាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មានមួយចំនួន រាយការណ៍ថា លោក ហ៊ុន សែន បានជួបពិភាក្សាដោយឡែកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ជុំវិញស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា និងបញ្ហាវិបត្តិថវិកានៅសាលាក្ដីខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
