ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ លោក អាត់ ធន់ អំពាវនាវដល់សមាជិក-សមាជិកាសហជីព ព្រមទាំងកម្មករ-និយោជិត និងប្រជាពលរដ្ឋទូទៅ ឱ្យជួយផ្ដល់ថវិកាសម្រាប់លោកយកទៅតម្កល់ទុកនៅតុលាការ ដើម្បីធានារូបលោកឲ្យនៅក្រៅឃុំ។
លោក អាត់ ធន់ កាលពីខែមីនា ឆ្នាំ២០១៤ ត្រូវបានក្រុមហ៊ុន អែស.អិល (SL) ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទលោកពីបទញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សានៅក្នុងការតវ៉ាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលបានបណ្តាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ និងច្រើនអ្នកផ្សេងទៀតរងរបួសនិងចាប់ខ្លួន។ ចំពោះករណីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ បានចេញសេចក្តីសម្រេចបង្គាប់ឲ្យលោកដាក់ប្រាក់តម្កល់ចំនួន ២៥.០០០ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លារ) នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេលមួយខែ។ លើសពីនេះ លោក អាត់ ធន់ ក៏ត្រូវបានបង្គាប់មិនឲ្យទៅជួបកម្មករ-និយោជិត និងបុគ្គលមួយចំនួននៅតាមទីសាធារណៈឡើយ។
លោក អាត់ ធន់ បានចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ថាជាការគំរាមកំហែង និងបង្កើតជាឧបសគ្គរារាំងមិនឲ្យលោកចូលរួមធ្វើការទាមទារ ដើម្បីផលប្រយោជន៍កម្មករ៖ «ទោះបីយ៉ាងណា គឺសមាជិករបស់យើង និងសហជីពផ្សេងទៀត យើងនឹងសហការជាមួយគេធ្វើការធម្មតា យើងអត់មានដកថយទេ យើងបានប្រជុំជាមួយសមាជិកយើងព្រឹកមិញហ្នឹង (២៧ មេសា) គឺថា គេសុខចិត្តរៃលុយគ្នាដើម្បីឲ្យយើងបង់ទៅតុលាការ នៅក្រៅឃុំបណ្ដោះអាសន្នដើម្បីយើងមានពេលហ្នឹង ធ្វើការងារតទៅទៀត។ យើងអត់ចង់យកលេសហ្នឹងដើម្បីឲ្យគេផ្អាកយើងទាំងស្រុងហ្មងណា ហើយសមាជិកយើង គឺគេត្រៀមខ្លួន ប្រសិនជាមានការចាប់ខ្លួន គេនឹងធ្វើការតវ៉ានៅគ្រប់កន្លែង ដោយសាររឿងហ្នឹងវាអយុត្តិធម៌ពេក ហើយមួយទៀត សហជីពអន្តរជាតិ ជាមួយនឹងអ្នកបញ្ជាទិញធំៗហ្នឹង គឺគេជជែកគ្នាយ៉ាងមមាញឹកនៅអន្តរជាតិហ្នឹង គឺដើម្បីដាក់សម្ពាធមករដ្ឋាភិបាល ក៏ដូចជាតុលាការ ឬក៏ខាងក្រុមហ៊ុនដែលផលិត ឲ្យដកការចោទប្រកាន់ហ្នឹងចេញ»។
ទាក់ទងនឹងការសម្រេចនេះដែរ សង្គមស៊ីវិលបានសម្តែងក្តីបារម្ភ និងចាត់ទុកថា វាជាការរឹតត្បិតលើសិទ្ធិសហជីពរបស់លោក អាត់ ធន់ និងបានជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការចំពោះករណីរបស់លោក អាត់ ធន់ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។
សង្គមស៊ីវិលក៏បានអំពាវនាវឲ្យក្រសួងការងារ ធានាឱ្យមានការគោរពចំពោះកិច្ចព្រមព្រៀង ដែលធ្វើឡើងរវាងសម្ព័ន្ធស៊ីខាវឌូ និងក្រុមហ៊ុន អែស.អិល (SL) កាលពីពេលកន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
