លោក អាត់ ធន់ ជាប់​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខាវឌូ​អាណត្តិ​ថ្មី

សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (C-CAWDU) បាន​ធ្វើ​​មហាសន្និបាត​​លើក​ទី​៦ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា។ គោល​បំណង​សំខាន់​ក្នុង​មហាសន្និបាត​​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​រាល់​របាយការណ៍​ដែល​សម្រេច​បាន​​នា​រយៈកាល​​កន្លងមក ហើយ​រៀបចំ​ផែន​ការ​រយៈ​ពេល ៤​ឆ្នាំ​ខាង​មុខ​ទៀត និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​ដឹក​នាំ​សម្រាប់​អាណត្តិ​ថ្មី។

0:00 / 0:00

សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​ហៅ​កាត់​ថា ស៊ីខាវឌូ (C-CAWDU) ដែល​មាន​លោក អាត់ ធន់ ជា​ប្រធាន​បាន​ដឹក​នាំ​ធ្វើ​មហាសន្និបាត​ នៅ​ភោជនីយដ្ឋាន​ណាំទ្រា សង្កាត់​ផ្សារ​ដើម​ថ្កូវ។ ការ​ចូល​រួម​សន្និបាត​នេះ ដែល​មាន​សហជីព​មកពី​បណ្ដា​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​រោងចក្រ​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​ចូល​រួម​ប្រមាណ​ជា ៣០០​នាក់។

ការ​ចូល​រួម​នេះ​ ត្រូវ​បាន​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បាន​លើក​ឡើង​ពី​គោល​បំណង​សំខាន់ៗ​ថា៖ «ចង់​បង្ហាញ​របាយការណ៍​សមិទ្ធផល​កន្លង​មក ដែល​ខ្ញុំ​បាន​លើក​ឡើង​អម្បាញ់មិញ ហើយ​ទី​ពីរ គឺ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់ ៤​ឆ្នាំ​ទៀត និង​ទី​៣ ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី ដើម្បី​សម្រេច​នៅ​ក្នុង​គោល​បំណង​ហ្នឹង។ នៅ​ក្នុង​នេះ​ក្នុង​មហាសន្និបាត គឺ​គោល​បំណង​សំខាន់​អ៊ីចឹង ហើយ​វា​ស្រប​ទៅ​តាម​ធម្មនុញ្ញ​ដែល​យើង​បាន​ចែង»

អ្វី​ដែល​សំខាន់​នៅ​ក្នុង​មហាសន្និបាត​នេះ ​គឺ​ទាក់ទង​នៅ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាសភាព​ថ្មី​ ដើម្បី​ធ្វើ​ការ​ដឹកនាំ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ត​ទៅ​ទៀត។

មាន​សហជីព​មក​ពី​រោងចក្រ​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ក្នុង​សន្និបាត​នោះ បាន​​សម្ដែង​នូវ​​ចំណាប់​អារម្មណ៍​ផ្សេងៗ​គ្នា។

ប្រធាន​សហជីព​មក​ពី​រោងចក្រ​សាប្រ៊ីណា (Sabrina) លោក ឈា វិនុត បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​ចំពោះ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​រើស​មេដឹកនាំ​ ស៊ីខាវឌូ ថ្មី ពីព្រោះ​វា​ជា​ឱកាស​​ល្អ​សម្រាប់​ការ​ពង្រឹង​កេរ្តិ៍​ឈ្មោះ​របស់ ស៊ីខាវឌូ ឱ្យ​កាន់​តែ​ប្រសើរ។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​នាម​ជា​សហជីព​ថ្នាក់​មូលដ្ឋាន​ លោក​គ្រាន់​តែ​ចង់​បាន​មេដឹកនាំ​សហព័ន្ធ​មួយ​ដែល​ស្រលាញ់​កម្មករ​ បម្រើ​កម្មករ និង​មិន​យក​កម្មករ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​លាភ​សក្ការៈ​ឡើយ៖ «គូស​សន្លឹក​ឆ្នោត​ថ្ងៃ​នេះ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ថ្នាក់​ដឹកនាំ​សហព័ន្ធ​មួយ​ដែល​គាត់​ចេះ​ស្រលាញ់​កម្មករ បម្រើ​កម្មករ ​មិន​ក្បត់​កម្មករ​ ហើយ​មិន​យក​កម្មករ​ជា​ឈ្នាន់​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គាត់។ អា​ហ្នឹង​ហើយ​ជា​អ្វី​ដែល​យើង​ចង់​បាន​ខ្លាំង​ជាង​គេ​បំផុត»

ប្រតិភូ​បុគ្គលិក​មកពី​រោងចក្រ ហ្រ្គេត អរន័រ (Great Honor) អ្នកស្រី ហង្ស ស្រីលក្ខណ៍ ក៏​បាន​បង្ហាញ​ថា អ្នកស្រី​ត្រូវ​ការ​ជ្រើស​រើស​មេ​ដឹកនាំ ស៊ីខាវឌូ ថ្មី​ដែល​ចេះ​យល់​ចិត្ត​កម្មករ​និង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការងារ។

អ្នកស្រី ហង្ស ស្រីលក្ខណ៍៖ «ក្នុង​ការ​បោះ​ឆ្នោត​នេះ ខ្ញុំ​ត្រូវ​ជ្រើស​រើស​តំណាង​បន្ត​អាណត្តិ​ទៅ​បួន​ឆ្នាំ​ទៀត​នេះ ខ្ញុំ​ត្រូវ​ការ​ជ្រើសរើស​យក​គាត់​ដែល​ខ្ញុំ​អាច​ទុក​ចិត្ត​គាត់ ​ក្នុង​ការ​ដែល​គាត់​ធ្វើ​ការ​ហ្នឹង គឺ​ថា​មាន​ការ​មោះមុត​មក​លើ​ពួក​ខ្ញុំ និង​ភាព​ទទួល​ខុសត្រូវ​ បែង​ចែក​ច្បាស់លាស់»

ដោយសារ​តែ​ការ​ជ្រើស​រើស​អ្នក​ដឹកនាំ​​សម្ព័ន្ធ​សហជីព ស៊ីខាវឌូ នេះ​ជា​រឿង​យ៉ាង​សំខាន់​សម្រាប់​សហជីព​តាម​រោងចក្រ​មួយ​ចំនួន។ ស្រដៀង​គ្នា អនុ​ប្រធាន​សហជីព​នៃ​រោងចក្រ​ ញ៉ូវ អូរេណថ៍ (New Orien) នៅ​តំបន់​កាណាឌីយ៉ា លោក ស្រស់ វុទ្ធី បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​មក​ចូល​រួម​ជ្រើស​រើស​មេ​ដឹក​នាំ​សហព័ន្ធ​ ស៊ីខាវឌូ ថ្មី ​គឺ​ជា​ឱកាស​ដែល​គាត់​អាច​ទាមទារ​នូវ​កង្វះ​ខាត​របស់​កម្មករ​នៅ​ពេល​កន្លង​មក តាមរយៈ​មេដឹកនាំ ​ស៊ីខាវឌូ ថ្មី។ ​មិន​តែ​ប៉ុណ្ណោះ អ្វី​លោក​រំពឹង​សម្រាប់​មេដឹកនាំ​សហព័ន្ធ​ ស៊ីខាវឌូ ថ្មី​នោះ គឺ​សូម​ឱ្យ​មាន​ការ​សហការ​ល្អ​ជាមួយ​សហជីព​តាម​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​កម្មករ។

លោក ស្រស់ វុទ្ធី៖ «ការងារ​បន្ត​ជា​មួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព និង​សហជីព សមាជិក​តាម​មូលដ្ឋាន​ហ្នឹង ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​មួយ​ចំនួន​ធំ ជា​ពិសេស​យុទ្ធនាការ​នៃ​ការ​ប្រាក់​ឈ្នួល ពីព្រោះ​ប្រាក់​ឈ្នួល​យើង​សព្វថ្ងៃ​មិន​ទាន់​បាន​សមរម្យ​ទេ»

ប្រធាន​សហជីព​នៃ​រោងចក្រ ជូ ស៊ីង សង្កាត់​ព្រែកលៀប អ្នកស្រី ស្រ៊ុន សុភី បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នេះ​ប្រកប​ដោយ​ភាព​សុក្រឹត និង​យុត្តិធម៌។ ដោយ​ឡែក​អ្នកស្រី​សង្ឃឹម​ថា មេដឹកនាំ​ថ្មី​អាណត្តិ​ទី​៦​នេះ នឹង​ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ឱ្យ​បាន​ប្រសើរ ពិសេស​បញ្ហា​ប្រាក់​បៀវត្ស។

មហាសន្និបាត​ពេញ​មួយ​ព្រឹក​ធំ បាន​សម្រេច​ជ្រើសរើស​​មេដឹកនាំ​សម្ព័ន្ធ​ ស៊ីខាវឌូ ថ្មី​ចំនួន ៣​រូប ក្នុង​ចំណោម​បេក្ខជន​ ៨​រូប ដែល​បាន​ឈរ​ឈ្មោះ។ លោក អាត់ ធន់ ដែល​ជា​ប្រធាន​ដឹកនាំ​ ស៊ីខាវឌូ អាណត្តិ​ចាស់​ នៅ​តែ​រក្សា​តំណែង​ជា​ប្រធាន​សហព័ន្ធ ស៊ីខាវឌូ ដដែល ដោយ​ទទួល​បាន​សំឡេង ១៩៤។ ចំណែក​លោក គង់ អាទិត្យ ត្រូវ​បាន​ជាប់​ជា​អនុប្រធាន​សហព័ន្ធ ស៊ីខាវឌូ ដោយ​ទទួល​បាន​សំឡេង ១៨៧ និង​ចុង​ក្រោយ​លោក ឯក សុភក្តី ត្រូវ​បាន​ជាប់​ជា​អគ្គលេខា ស៊ីខាវឌូ ដោយ​ទទួល​បាន​សំឡេង ១៥៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។