ស្ថានទូត​អូស្ត្រាលី​បារម្ភ​ពី​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​នៅ​កម្ពុជា

ស្ថានទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​មករា បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​ការ​ប៉ះ​ទង្គិច​រវាង​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល និង​ក្រុម​កម្មករ​ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ កាល​ពី​ពេល​ថ្មីៗ​នេះ។

លេខា​ទី​២​នៃ​ស្ថានទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​កម្ពុជា ឈ្មោះ បែនចាមីន នីកូល (Benjamin Nichols) បាន​សរសេរ​តាម​អ៊ីមែល (E-mail) ថា រដ្ឋាភិបាល​អូស្ត្រាលី មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ជីវិត និង​រង​របួស​ក្នុង​កំឡុង​ពេល​បាតុកម្ម​កន្លង​មក។ លោក​បន្ត​ថា រដ្ឋាភិបាល​អូស្ត្រាលី ជំរុញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​តាម​រយៈ​ការ​ពិភាក្សា​ដោយ​ចំហ។

ដោយ​ឡែក ស្ថានទូត​ប្រទេស​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ មករា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ព្រឹត្តិការណ៍​ហិង្សា​នេះ​ទេ។ លេខា​ទី​១​នៃ​ស្ថានទូត​ប្រទេស​ឥណ្ឌា ប្រចាំ​កម្ពុជា ឈ្មោះ រ៉ាចាមូរូហ្កាន (Rajamurugan) បាន​សរសេរ​សារ​តាម​អ៊ីមែល​ថា រដ្ឋាភិបាល​ឥណ្ឌា ពុំ​មាន​គោល​នយោបាយ​ផ្តល់​អត្ថាធិប្បាយ​លើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​អធិបតេយ្យ​ណា​មួយ​នោះ​ទេ។

បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​របស់​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​លើ​កម្មករ​តវ៉ា កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤​នាក់​បាត់​បង់​ជីវិត និង​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស និង​ចាប់​ខ្លួន រដ្ឋាភិបាល​បរទេស​មួយ​ចំនួន រួម​មាន ជប៉ុន អាល្លឺម៉ង់ សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​នោះ និង​អំពាវនាវ​ឱ្យ​គ្រប់​ភាគី និង​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ជួប​ចរចា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។