អូស្ត្រាលី​ផ្ដល់​រថយន្ត​១​គ្រឿង​បំពាក់​ដោយ​ឧបករណ៍​សម្រាប់​លើក​ដាក់​ជន​ពិការ​កម្ពុជា

0:00 / 0:00

រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្តល់​រថយន្ត​មួយ​គ្រឿង​តម្លៃ​ជិត ៥​ម៉ឺន​ដុល្លារ ដែល​មាន​បំពាក់​ឧបករណ៍​សម្រាប់​លើក​ដាក់​ជន​ពិការ ទៅ​ដល់​អង្គការ​ជន​ពិការ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ឲ្យ​ជន​ពិការ​ដែល​ជិះ​រទេះ មាន​លទ្ធភាព​ធ្វើ​ដំណើរ​តាម​ទី​សាធារណៈ។ នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា មាន​រថយន្ត​សម្រាប់​លើក​ដាក់​ជន​ពិការ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ជន​ពិការ​កម្ពុជា ឲ្យ​ដឹង​ថា ជន​ពិការ​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ដោយសារ​តែ​រថយន្ត​ក្រុង រថយន្ត​ឈ្នួល ស្ថាប័ន​រដ្ឋ និង​ឯកជន​ភាគ​ច្រើន មិន​បាន​បំពាក់​នូវ​ឧបករណ៍​ទំនើប ដែល​អាច​បញ្ជា​លើក​ចុះ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ប្រើ​រថយន្ត​បំពាក់​ឧបករណ៍ សម្រាប់​លើក​ជន​ពិការ​នៅ​ថ្ងៃ​ទី​១០ មេសា ថា កង្វះ​បច្ចេកទេស​ទំនើប និង​ការ​ច្នៃ​ប្រឌិត​លើ​មធ្យោបាយ​ធ្វើ​ដំណើរ កំពុង​ក្លាយ​ជា​ឧបសគ្គ​ដល់​ជន​ពិការ​នៅ​កម្ពុជា ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម៖ «ប្រសិន​បើ​យើង​មាន​ឧបករណ៍​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​បង​ប្អូន​ជន​ពិការ ជន​ពិការ​មិន​មែន​ជា​ឧបសគ្គ​សង្គម​ទេ ជន​ពិការ​គាត់​អាច​ចូល​រួម​សង្គម គាត់​អាច​ធ្វើ​ដំណើរ​បាន​ចូល​ទីផ្សារ​ដោយ​សេរី ពុំ​មាន​ការ​រើសអើង»

លោក​បន្ត​ថា ជន​ពិការ​ភាគ​ច្រើន​ពិបាក​ធ្វើ​ដំណើរ មិន​មាន​លទ្ធភាព​ចេញ​ចូល​តាម​អគារ​សាធារណៈ ដោយសារ​តែ​អគារ​សំណង់​ភាគ​ច្រើន​មិន​មាន​ជម្រាល បង្គន់​អនាម័យ​មិន​មាន​បង្កាន់​ដៃ​សម្រាប់​ជន​ពិការ ច្រក​ចេញ​ចូល​តូច​មិន​សម​ល្មម​សម្រាប់​ជន​ពិការ​ជិះ​រទេះ មិន​មាន​ស្លាក​សញ្ញា ឬ​សំឡេង​បង្ហាញ ផ្លូវ​សម្រាប់​មនុស្ស​ថ្លង់ និង​ជន​ពិការ​ភ្នែក ជាដើម។ លោក​បន្ត​ថា ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ រួម​មាន រថយន្ត​ក្រុង​ដែល​ទើប​ប្រកាស​ប្រើប្រាស់​នា​ពេល​ថ្មីៗ និង​រថយន្ត​ឈ្នួល​មិន​មាន​បំពាក់​ឧបករណ៍ ឬ​ប្រព័ន្ធ​សមស្រប​សម្រាប់​ឲ្យ​ជន​ពិការ​ប្រើប្រាស់​បាន។

លោក​បន្ថែម​ថា ជន​ពិការ​ភាគ​ច្រើន​បាន​ពឹង​ផ្អែក​លើ​គ្រួសារ សាច់ញាតិ មិត្តភក្ដិ​ដឹក​ជូន​ទៅ​សាលា​រៀន កន្លែង​ធ្វើ​ការ និង​កន្លែង​នានា ហើយ​ជន​ពិការ​ជិះ​រទេះ​ខ្លះ ចាំបាច់​ត្រូវ​មាន​អ្នក​ជួយ​សែង ឬ​លើក​ពួក​គាត់​ពេល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង ឬ​រថយន្ត​ឈ្នួល។

រថយន្ត​ទំនើប​មួយ​គ្រឿង​ដែល​មាន​ភ្ជាប់​នូវ​ទម្រ​លើក​ដាក់ ដែល​អាច​លើក​ចុះ​ដោយ​ចុច​ប៊ូតុង​បញ្ជា ដែល​រដ្ឋាភិបាល​អូស្ត្រាលី ផ្តល់​ឲ្យ​អង្គការ​ជន​ពិការ​កម្ពុជា សម្រាប់​សម្រួល​ការ​ធ្វើ​ដំណើរ​ដល់​ជន​ពិការ​ជិះ​រទេះ ត្រូវ​បាន លោក ងិន សៅរ័ត្ន គិត​ថា​ជា​រថយន្ត​គំរូ​លើក​ទី​១ ដែល​គិតគូរ​ជន​ពិការ ហើយ​នេះ​ជា​សារ​មួយ​ឲ្យ​រដ្ឋាភិបាល ក្រសួង​ស្ថាប័ន​រដ្ឋ និង​អង្គការ​ជាតិ​អន្តរជាតិ​ទាំងអស់ យក​ចិត្ត​ទុក​ដាក់ និង​គិតគូរ​ច្នៃ​ប្រឌិត ឬ​បំពាក់​ឧបករណ៍​លើ​មធ្យោបាយ​ធ្វើ​ដំណើរ និង​ច្រក​ចេញ​ចូល​ផ្សេងៗ ដែល​ធានា​ភាព​ងាយ​ស្រួល​ដល់​ជន​ពិការ​ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​បន្ត​ថា អង្គការ​ជន​ពិការ​កម្ពុជា ស្វាគមន៍​ចំពោះ​អង្គការ​ជាតិ​អន្តរជាតិ ឬ​ស្ថាប័ន​រដ្ឋ ដែល​ចង់​ជួល ឬ​ខ្ចី​រថយន្ត​នោះ​ទៅ​ប្រើ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ជន​ពិការ។

ជន​ពិការ​ជើង​ជិះ​រទេះ​រុញ​ម្នាក់​ឈ្មោះ អឺ លី ឲ្យ​ដឹង​ថា លោក​ចង់​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ទី​សាធារណៈ ដោយ​មិន​ចាំបាច់​មាន​គេ​ជួយ​លើក ឬ​រំខាន​គេ​ឲ្យ​ជួយ​លើក ឬ​សែង​ចូល​ក្នុង​រថយន្ត។ លោក​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល គិតគូរ​ភ្ជាប់​នូវ​ឧបករណ៍​ទំនើប ដើម្បី​ឲ្យ​ជន​ពិការ​អាច​ធ្វើ​ដំណើរ​ស្រួល៖ «វា​អត់​មាន​ឧបករណ៍​លើក​ជន​ពិការ អត់​មាន​ជម្រាល​សម្រាប់​ជន​ពិការ​ឡើង គឺ​យើង​ត្រូវ​ការ​ពឹង​ពាក់​អ្នក​ដទៃ ដើម្បី​ជួយ​លើក​យើង​ឡើង រំខាន​ដល់​អ្នក​ដទៃ ហើយ​យើង​អត់​មាន​សេរីភាព​ក្នុង​ការ​ដើរ​ហើរ»

អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក កែវ បូរេន្ទ្រ ដែល​ចូល​រួម​សម្ពោធ​ប្រើប្រាស់​រថយន្ត​បំពាក់​ឧបករណ៍​សម្រាប់​លើក​ជន​ពិការ មិន​បាន​ប្រាប់​ពី​ផែន​ការ​ដែល​ក្រសួង​មាន​សម្រាប់​សម្រួល​ឲ្យ​ជន​ពិការ ងាយ​ស្រួល​ធ្វើ​ដំណើរ​តាម​ការ​ស្នើសុំ​នោះ​ឡើយ។

មាត្រា​២៣​នៃ​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ចែង​ថា ស្ថាប័ន​រដ្ឋ​ឯកជន​ទាំងអស់ ត្រូវ​រៀប​ចំ​លក្ខណៈ​ងាយ​ស្រួល​ចេញ​ចូល​កន្លែង​សាធារណៈ ឬ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេងៗ សម្រាប់​ជន​ពិការ។ ប៉ុន្តែ​បើ​តាម​ការ​សង្កេត​របស់​នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា ស្ថាប័ន​រដ្ឋ​ឯកជន និង​តាម​ទី​សាធារណៈ​ប្រមាណ ៩៥​ភាគ​រយ មិន​មាន​ឧបករណ៍ ឬ​ជម្រាល​សម្រាប់​បង្ក​លក្ខណៈ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។