ប៉ូលិសនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយប៉ូលិសចិន នៅរសៀលថ្ងៃទី២ មីនា បានឡោមព័ទ្ធចាប់ជនជាតិចិន ជាង ១០០នាក់នៅក្នុងអគារកាស៊ីណូហ្គោលឌិន ក្រោន (Golden Grown) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចដែលចុះប្រតិបត្តិការចាប់ជនជាតិចិន នោះ ពុំសូវហ៊ានផ្ដល់ព័ត៌មានពីការចុះចាប់ជនជាតិចិន នេះឡើយ។ សមត្ថកិច្ចអះអាងថា ជនជាតិចិន ទាំងអស់នោះសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត (Internet)។
ស្នងការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ អះអាងថា ការចាប់ជនបរទេសទ្រង់ទ្រាយធំនេះ ជាប៉ូលិសមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ៖ « បាទ ! សុំ អធ្យាស្រ័យបង ! រឿងការចាប់ជនជាតិនេះ ទាល់តែ បងសាកសួរទៅខាងប្រធាននាយកដ្ឋាននគរបាលជាតិ បានលោក ជ្រាប »។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកទល់ម៉ោង ៦កន្លះថ្ងៃទី២ មីនា នៅពុំទាន់ដឹងថា សមត្ថកិច្ចចាប់ជនជាតិចិន ទាំងនោះយកទៅលាក់ទុកនៅទីកន្លែងណានោះទេ។ ចំណែកសមត្ថកិច្ច នៅបន្តអនុវត្តការងាររបស់ខ្លួនមិនទាន់ចប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
