អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​ម្ចាស់​ទូក​ដឹក​អ្នកដំណើរ​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​ស្រប​ច្បាប់

0:00 / 0:00

មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ បាន​ស្នើ​ឲ្យ​ម្ចាស់​សេវាកម្ម​ទូក​ដឹក​អ្នក​ដំណើរ ឬ​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ឬ​សមុទ្រ​ទាំង​អស់​នា​ខេត្ត​ព្រះសីហនុ ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម ត្រូវ​មក​បំពេញ​បែបបទ​សុំ​ចុះ​បញ្ជី​ឲ្យ​បាន​ស្របច្បាប់ បើ​មិន​ដូច្នេះ​ទេ ចាប់​ពី​ឆ្នាំ​២០១៦ នេះ​ត​ទៅ សមត្ថកិច្ច​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។ សម្រាប់​ម្ចាស់​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ មិន​ជំទាស់​នឹង​សេចក្ដី​ប្រកាស​នេះ​ទេ ប៉ុន្តែ​ស្នើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​ជំរុញ​ឲ្យ​សកម្មភាព​នៃ​ការ​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​កម្សាន្ត​នេះ ឲ្យ​មាន​ដំណើរ​ការ​រលូន ឬ​គ្មាន​ការ​រំខាន។

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ លោក នូ សុផល មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ទាន់​គ្រប់គ្រង​ម្ចាស់​អាជីវកម្ម​ប្រកប​របរ​ដឹក​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ឬ​តាម​សមុទ្រ នា​ខេត្ត​ព្រះសីហនុ បាន​ល្អ​ទេ ព្រោះ​នៅ​មាន​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​មិន​ទាន់​បាន​មក​ចុះ​បញ្ជី​ប្រកប​អាជីវកម្ម​នេះ​ឲ្យ​ស្របច្បាប់​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា ទូក ឬ​កប៉ាល់ ដែល​អាច​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​ស្រប​ច្បាប់ គឺ​ទាល់​តែ​មាន​ចុះ​បញ្ជី​ធ្វើ​ស្លាក​លេខ​ទូក​សម្រាប់​សម្គាល់​មធ្យោបាយ​នេះ ឲ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួង ឬ​មន្ទីរ​សាធារណការ​ខេត្ត​ជាដើម។ ជាង​នេះ​ទៀត ម្ចាស់​អាជីវកម្ម​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​ទាំង​អស់​ដែល​កំពុង​ដំណើរ​ការ​អាជីវកម្ម នា​ខេត្ត​ព្រះសីហនុ ត្រូវ​មក​សុំ​ចុះ​បញ្ជី​ប្រកប​អាជីវកម្ម​របស់​ខ្លួន​នៅ​មន្ទីរ​ទេសចរណ៍ ដើម្បី​អាច​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ស្របច្បាប់។

ត្រង់​ចំណុច​នេះ លោក នូ សុផល បញ្ជាក់​ថា មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លួន​បាន​រង់ចាំ​ការ​ចុះ​បញ្ជី​សុំ​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ពី​ម្ចាស់​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​ជា​រៀងរាល់​ថ្ងៃ​ធ្វើ​ការងារ​រដ្ឋ៖ «ម្ចាស់​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​គឺ​មិន​បាន​ផ្ដល់​ព័ត៌មាន​នៃ​ចំនួន​ភ្ញៀវ​ទេសចរ ដែល​ទិញ​សំបុត្រ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា មក​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទេ​កន្លង​មក។ បញ្ហា​នេះ ម្ចាស់​ធ្វើ​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ ហាក់​មិន​សហការ ឬ​ផ្ដល់​ព័ត៌មាន​មក​កម្លាំង​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​តាម​កោះ នា​ខេត្ត​ព្រះសីហនុ កន្លង​មក»

លោក នូ សុផល សង្កត់​ធ្ងន់​ថា ចំពោះ​ម្ចាស់​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ណា​ដែល​មិន​ព្រម​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួង ឬ​មន្ទីរ​ជំនាញ​ទេ នៅ​ថ្ងៃ​ខាង​មុខ​នឹង​អាច​ឈាន​ដល់​អាជ្ញាធរ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ឈាន​ដល់​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ទៅ​លើ​ម្ចាស់​អាជីវកម្ម​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ជា​បណ្ដោះអាសន្ន។

ទាក់ទិន​បញ្ហា​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ម្ចាស់​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ម្ចាស់​ធ្វើ​អាជីវកម្ម​ទូក​ដឹក​អ្នក​ដំណើរ​ទាំង​អស់ ត្រូវ​ត្រៀម​សម្ភារៈ​សង្គ្រោះ​ភ្ញៀវ​ទេសចរ​នៅ​ពេល​ជួប​គ្រោះអាសន្ន​នៅ​លើ​លំហ​សមុទ្រ​ឲ្យ​បាន​គ្រប់​ចំនួន មាន​ដូចជា អាវ​ពោង និង​លេខ​ទូរស័ព្ទ​ទាក់ទង​មក​កាន់​ស្ថាប័ន​ជំនាញ ដើម្បី​សង្គ្រោះ​ភ្ញៀវ​ឲ្យ​បាន​ទាន់​ពេល។

លោក ថោង ខុន បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ម្ចាស់​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ធុន​តូច ដែល​ដឹក​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ឬ​សមុទ្រ​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​បំពាក់​សម្ភារៈ​សង្គ្រោះ​ពេល​ជួប​គ្រោះអាសន្ន​នៅ​លើ​លំហ​សមុទ្រ​ឲ្យ​បាន​គ្រប់​ចំនួន​នៅ​ឡើយ ហើយ​មិន​ទាន់​មក​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​នោះ។

លោក​រដ្ឋមន្ត្រី ថោង ខុន សង្កត់​ធ្ងន់​ថា ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ដឹក​អ្នក​ដំណើរ​ដែល​គ្មាន​ច្បាប់ ហើយ​មិន​ព្រម​ស្ដាប់​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ទេ សមត្ថកិច្ច​នឹង​ចុះ​ផ្អាក​ដំណើរការ​ទៅ​លើ​ម្ចាស់​អាជីវកម្ម​គ្មាន​ច្បាប់​ទាំង​នោះ​ជា​បណ្ដោះអាសន្ន ឬ​ប្រឈម​ដល់​មុខ​ច្បាប់៖ «បញ្ហា​សេវា​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​នេះ សម្ដេច​តេជោ​ក៏​បាន​ដាស់តឿន​ដែរ សូម​ឲ្យ​បង​ប្អូន​អាជីវករ​ទាំង​អស់​ត្រូវ​ពង្រឹង​គុណភាព​នៃ​ការ​ទទួល​សេវា​ទេសចរណ៍​ដល់​ភ្ញៀវ​ឲ្យ​មាន​គុណភាព ជាពិសេស​សេវា​ផ្នែក​ដឹក​ជញ្ជូន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ល្អ និង​ត្រូវ​គិត​ពី​សុវត្ថិភាព​ភ្ញៀវ​ឲ្យ​បាន​ខ្ពស់​បំផុត»

​ទាក់ទិន​បញ្ហា​នេះ តំណាង​ម្ចាស់​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ២០​នាក់ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ បាន​ថ្លែង​នៅ​ចំពោះ​មុខ​លោក​រដ្ឋមន្ត្រី ថោង ខុន ថា ពួកគេ​មិន​ជំទាស់​នឹង​ការ​អំពាវនាវ​ឲ្យ​ទៅ​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​នេះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ស្ថាប័ន​នេះ ជួយ​ជំរុញ​ឲ្យ​ការ​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​របស់​ពួកគេ​កុំ​ឲ្យ​ជួប​ភាព​សាំញ៉ាំ ឬ​អូស​បន្លាយ​ពេល​យូរ។

​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​អះអាង​ថា ពួកគេ​បាន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅ​ពេល​ដឹក​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ឬ​សមុទ្រ​ជា​រៀងរាល់​ថ្ងៃ។ ក្នុង​នោះ​នៅ​ពេល​អាកាសធាតុ​មាន​ខ្យល់​ព្យុះ​មិន​អំណោយផល គឺ​មិន​ចេញ​ទូក​ទៅ​តាម​ការ​ទាមទារ​របស់​ភ្ញៀវ​ទេ។ ជាង​នេះ​ទៀត កន្លង​មក​ពួកគេ​បាន​ស្ដាប់ និង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះសីហនុ ជាប់​ជា​រហូត​មក។

ត្រង់​ចំណុច​នេះ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា សព្វថ្ងៃ​នេះ​មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចំនួន ៤០ កំពុង​ដំណើរ​ការ។ ប៉ុន្តែ​ក្នុង​នោះ មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចំនួន ២០ មិន​ទាន់​មាន​អាជ្ញាប័ណ្ណ ឬ​មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ៖ «ពេល​ភ្ញៀវ​ចេញ និង​វិល​ពី​ដំណើរ​កម្សាន្ត​តាម​កោះ គឺ​ម្ចាស់​ទូក​ដឹក​ភ្ញៀវ​ភាគ​ច្រើន​គ្រប់គ្រង​ចំនួន​ភ្ញៀវ​ចេញ​ចូល​ទៅ​លើ​កោះ​មិន​ទាន់​បាន​ល្អ​ទេ ព្រោះ​កំពង់ផែ​របស់​ទូក​ដឹក​ភ្ញៀវ​ទាំង​នោះ អាជ្ញាធរ​គ្រប់គ្រង​មិន​ទាន់​បាន​ល្អ​​នៅ​ឡើយ​ទេ ហើយ​ខ្វះ​កិច្ច​សហការ​ពី​ម្ចាស់​អាជីវកម្ម ភាគ​ច្រើន​មិន​ផ្ដល់​ព័ត៌មាន​លំអិត​អំពី​ចំនួន​តួលេខ​នៃ​ភ្ញៀវ​ទេសចរ​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​នៅ​តាម​កោះ»

​ចំណែក​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក សំ សំអាត បាន​ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​តំណាង​ម្ចាស់​ធ្វើ​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​នៅ​ឡើយ សូម​ទៅ​ស្នើ​សុំ​ចុះ​បញ្ជី​ដើម្បី​ឲ្យ​ការ​ប្រកប​របរ​ទទួល​ទាន​របស់​ខ្លួន​ស្រប​ច្បាប់​ទាំង​អស់​គ្នា ចាប់​ពី​ឆ្នាំ​២០១៦ ត​ទៅ។

លោក សំ សំអាត៖ «សូម​ឲ្យ​បងប្អូន​អ្នក​ធ្វើ​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំង​អស់​ដែល​មិន​ទាន់​មាន​ច្បាប់ ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​មន្ទីរ​ទេសចរណ៍ ដើម្បី​ធ្វើ​អាជីវកម្ម​ឲ្យ​ស្រប​ច្បាប់​ចាប់​ពី​ឆ្នាំ​២០១៦ នេះ​ត​ទៅ ព្រោះ​អាជ្ញាធរ​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​បងប្អូន​ដែល​មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ»

​ស្ថិតិ​ទេសចរណ៍​ឆ្នាំ​២០១៥ របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ១,៥១៨,៨៧៤​នាក់ កើន ១៤,៣៩% បើ​ប្រៀបធៀប​ឆ្នាំ​២០១៤។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ១,១៥៦,៨១៣ គឺ​កើន ១៩,៣៦% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៣៦២,០៦១​នាក់។

​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ តាម​នាវា ឬ​តាម​កប៉ាល់​ទេសចរណ៍ មាន​ចំនួន ៤២​នាវា កើន ១០​នាវា បើ​ប្រៀបធៀប​ឆ្នាំ​២០១៤ ហើយ​មាន​ភ្ញៀវ​ទេសចរ​សរុប ៤៤,១៣៨​នាក់ កើន ១០៧,២៩​នាក់។

ស្ថិតិ​ដដែល​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ជា​មធ្យម​ក្នុង​ថ្ងៃ​ធម្មតា​មាន​ចំនួន​ចន្លោះ​ពី ៥០០ ទៅ ៦០០​នាក់​ក្នុង​១​ថ្ងៃ ហើយ​ពី ១.០០០ ទៅ ១.៥០០​នាក់ ក្នុង​ថ្ងៃ​បុណ្យ​ទាន។

​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១០​ប្រទេស ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៥ រួម​មាន ភ្ញៀវ​ជនជាតិ​ចិន ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១ រុស្សី លេខ​រៀង​ទី​២ សហរដ្ឋអាមេរិក​លេខ​រៀង​ទី​៣ បន្ទាប់​មក​វៀតណាម អង់គ្លេស បារាំង អូស្ត្រាលី ថៃ អាល្លឺម៉ង់ និង​លំដាប់​លេខ​រៀង​ទី​១០ ភ្ញៀវ​មក​ពី​ប្រទេស​កាណាដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។