កម្លាំង​ចម្រុះ​ប្រមាណ​១​ពាន់​នាក់​ឡោម​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ​បណ្ដេញ​បាតុករ

កម្លាំង​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ បាន​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​រយ​នាក់​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៤ ខែ​មករា។ បន្ទាប់​ពី​បណ្ដេញ​បាតុករ ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ បាន​រុះរើ​រោង​ស្នាក់ និង​ប្រមូល​សម្ភារៈ​ដែល​នៅ​សេសសល់​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ថែម​ទៀត។

0:00 / 0:00

0:00 / 0:00

0:00 / 0:00

កង​កម្លាំង​ស្លៀក​ពាក់​ស៊ីវិល ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ និង​ចង​ក្រណាត់​ក្រហម​នៅ​ដៃ​ខាង​ឆ្វេង បាន​ដេញ​វាយ​បំបែក​ក្រុម​បាតុករ​បក្ស​ប្រឆាំង ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា។ កងទ័ព​ពិសេស​របស់​កង​រាជ​អាវុធហត្ថ និង​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម បាន​បិទ​ផ្លូវ​ចូល​ទីលាន​ប្រជាធិបតេយ្យ មិន​ឲ្យ​មនុស្ស​ចូល​ឡើយ។

រយៈពេល​ជាង ២​ម៉ោង ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​បោស​សម្អាត​ទាំង​ស្រុង ហើយ​សម្ភារៈ​នៅ​ក្នុង​ទីលាន ត្រូវ​វាយ​កម្ទេច​រុះរើ​ប្រមូល​ដាក់​លើ​ឡាន ដឹក​ចេញ​ទៅ​រក្សា​ទុក​នៅ​សាលា​ក្រុង។

ក្រុម​បាតុករ​បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​នៅ​ម្តុំ​វត្ត​ភ្នំ។ ប៉ុន្តែ ក្រុម​សន្តិសុខ​ប្រដាប់​ដោយ​ដំបង​ដែក បាន​ចេញ​ទៅ​ដេញ​វាយ​បន្ត​ទៀត ដើម្បី​បំបែក​ការ​ជួប​ជុំ​ទាំង​នោះ។ ក្នុង​នោះ កម្លាំង​ប្រដាប់​អាវុធ​បាន​វាយ​អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​បាយ័ន​ម្នាក់​ឲ្យ​របួស វាយ​សំដៅ​អ្នក​យក​ព័ត៌មាន​កាសែត​នគរ​វត្ត និង​វាយ​ក្បាល​អ្នក​ថត​រូប​សារព័ត៌មាន​បរទេស។ ការ​ចុះ​បង្ក្រាប​លើក​នេះ ស្ថិត​ក្រោម​បញ្ជា​របស់​ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ម៉ក់ ជីតូ និង​អភិបាល​រង​រាជធានី លោក ឃួង ស្រេង។

ក្រុម​អាជ្ញាធរ​បញ្ជាក់​ថា ការ​បង្ក្រាប​បំបែក​សម្បុក​បាតុករ គឺ​ធ្វើ​ឡើង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ចេញ​លិខិត​ព្រមាន​មិន​ឲ្យ លោក សម រង្ស៉ី ដឹក​នាំ​បាតុកម្ម។ អាជ្ញាធរ​ប្រាប់​ថា ការ​ធ្វើ​បាតុកម្ម​នាំ​មក​នូវ​អស្ថិរភាព​សង្គម និង​នាំ​មក​នូវ​អំពើ​ហិង្សា។

ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​នេះ គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ឲ្យ​បាតុករ​ស្ងប់ស្ងាត់​មួយ​រយៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​យុទ្ធវិធី​ថ្មី​ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​សម្រេច​គោលដៅ​បក្ស​ទៅ​ថ្ងៃ​មុខ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បក្ស​ប្រឆាំង​សូម​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ដែល​សមត្ថកិច្ច​បណ្ដេញ​បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តាម​ដាន​ស្ថានការណ៍​ទូទៅ ដើម្បី​រៀប​ចំ​យុទ្ធសាស្ត្រ​តបត​ជាមួយ​គណបក្ស​កាន់​អំណាច ប៉ុន្តែ​បក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ធម៌​អហិង្សា។

លោក យឹម សុវណ្ណ បាន​ថ្លែង​អំពាវនាវ​ឲ្យ​ភាគី​អន្តរជាតិ ពិនិត្យ​មើល​ទង្វើ​របស់​សមត្ថកិច្ច​រដ្ឋាភិបាល កំពុង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​អង្គុយ​តុ​ចរចា​មួយ ដើម្បី​រំងាប់​ស្ថានការណ៍​តានតឹង ក្នុង​គោលដៅ​រក្សា​ប្រយោជន៍​ជាតិ​ជា​ចម្បង។ លោក​បញ្ជាក់​ថា ហេតុការណ៍​បង្ក្រាប​បាតុករ​នេះ ជា​ដំណើរ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​បង្ក្រាប​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​លិខិត​របស់​សាលា​ក្រុង​ភ្នំពេញ ដែល​បាន​ផ្ញើ​ឲ្យ​បក្ស​ប្រឆាំង ស្ដីពី​ការ​ហាម​ឃាត់​ធ្វើ​បាតុកម្ម។ លិខិត​ហាម​ឃាត់​របស់​សាលា​រាជធានី ទៅ​ដល់​ស្នាក់​ការ​បក្ស​ប្រឆាំង​នៅ​ម៉ោង ១០​កន្លះ ហើយ​ក្រុម​អាជ្ញាធរ​ក៏​បណ្ដេញ​បាតុករ​ចេញ​នៅ​ម៉ោង​ដំណាល​គ្នា​ដែរ។

គណបក្ស​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម​អស់​រយៈពេល ២០​ថ្ងៃ​កន្លង​ទៅ ដោយ​គោលដៅ​ចម្បង គឺ​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ ការ​បង្ក្រាប​បាតុករ​បក្ស​ប្រឆាំង ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​បាន​បាញ់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ឲ្យ​ស្លាប់ ៥​នាក់ និង​រង​របួស​ជាង ៣០​នាក់ និង​រយៈពេល​ជាង​មួយ​អាទិត្យ បន្ទាប់​ពី លោក ហ៊ុន សែន ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម។

មតិ​ពលរដ្ឋ​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ

ទាក់ទង​នឹង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​បាតុករ នៅ​ទីលាន​ប្រជាធិបតេយ្យ ​នៅ​ថ្ងៃ​ទី​៤ មករា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ស្រដៀងៗ​ថា រដ្ឋាភិបាល​មិន​គួរ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ទេ។

សូម​ស្ដាប់​សំឡេង​ពលរដ្ឋ​ទាំង​នេះ៖

មន្ត្រី​នគរបាល​ជាតិ​ប្រាប់​ពី​មូលហេតុ​អាជ្ញាធរ​បណ្ដេញ​បាតុករ

មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ពី​មូលហេតុ​ដែល​កងកម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល បាន​ចេញ​បណ្ដេញ​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​នោះ​ថា ដោយសារ​​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ហើយ​​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក គៀត ច័ន្ទថារិទ្ធ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។