អាជ្ញាធរ​ខេត្ត​កំពង់ចាម​ជំរុញ​ឱ្យ​ពលរដ្ឋ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ក្នុង​ពេល​ចូល​ឆ្នាំ

ដោយ​ សូត សុខប្រាថ្នា
2016.04.14
​អត្តសញ្ញាណប័ណ្ណ កំពង់ចាម ៨៥៥ ២០១៦ ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នៅ​ឃុំ​រកាអារ ស្រុក​កងមាស ខេត្ត​កំពង់ចាម កាល​ពី​ខែ​សីហា ២០១៥។
RFA/Saut Sokprathna

អាជ្ញាធរ​ខេត្ត​កំពង់ចាម បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​បាន​មក​លេង​ស្រុក​កំណើត ពិសេស​ពលរដ្ឋ​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឱ្យ​នាំគ្នា​ទៅ​ធ្វើ​កុំបី​ខាន នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ ដោយ​មាន​មន្ត្រី​សមត្ថកិច្ច​រង់ចាំ​ទទួល​ជូន​ពួកគាត់។ យ៉ាង​ណា​សង្គម​ស៊ីវិល សាទរ​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​ពួកគេ​មើល​ឃើញ​ថា អាច​មាន​ប្រសិទ្ធភាព​តិចតួច។

អាជ្ញាធរ​ខេត្ត​កំពង់ចាម ឆ្លៀត​យក​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឈាន​ចូល​មក​ដល់​ដើម្បី​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ពលរដ្ឋ​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី អាច​នាំគ្នា​ទៅ​ធ្វើ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បាន។ យុទ្ធនាការ​របស់​អាជ្ញាធរ​ខេត្ត​រួម​មាន​ផ្សព្វផ្សាយ​នៅ​តាម​រោងបុណ្យ​តាម​វត្ត​អារាម និង​តាម​ភូមិ ដោយ​ចាប់​ផ្តើម​តាំង​ពី​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​មក​ដល់។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក បែន រ័ត្ន មាន​ប្រសាសន៍​ថា ភារកិច្ច​របស់​សមត្ថកិច្ច​ក្រៅ​ពី​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ហើយ ខាង​លោក​ក៏​បាន​ចាត់វិធានការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​មក​លេង​ស្រុក​កំណើត​ឱ្យ​ពួកគាត់​ឆ្លៀតពេល​ដើម្បី​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ឱ្យ​បាន​គ្រប់ៗ​គ្នា។

លោក​បន្ត​ថា សមត្ថកិច្ច​បាន​ដាក់​ការិយាល័យ​ជាង ៤០ នៅ​ទូទាំង​ខេត្ត រង់ចាំ​ទទួល​ធ្វើ​ជូន​ពលរដ្ឋ​ពិសេស​អ្នក​ភូមិ​ដែល​បាន​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​តំបន់​ឆ្ងាយៗ ឬ​នៅ​ក្រៅ​ប្រទេស៖ «គឺ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ព្រោះ​ឱកាស​ល្អ​បាន​មក​ដល់​ហើយ»

កាល​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ រយៈពេល​បី​ថ្ងៃ សមត្ថកិច្ច​ខេត្ត​កំពង់ចាម បំពេញ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​បាន​ប្រមាណ​ ៣.០០០​នាក់។

ទិន្នន័យ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម គ្រប់​អាយុ​ត្រូវ​ធ្វើ​អត្ត​សញ្ញាប័ណ្ណ​គំរូ​ថ្មី ដោយ​គិត​ចាប់​ពី​អាយុ ១៥​ឆ្នាំ​ឡើង គឺ​មាន ៨៧៧.០០០​នាក់ ហើយ​អាជ្ញាធរ​ធ្វើ​ជូន​ពលរដ្ឋ​បាន ៧​សែន​នាក់​ដែល​ស្មើ​ប្រមាណ ៨០​ភាគរយ និង​នៅ​សេសសល់ ១៧០.០០០​នាក់​ទៀត។ ស្នងការ​ខេត្ត​ដដែល​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​មិនទាន់​បាន​ធ្វើ​អត្ត​សញ្ញាប័ណ្ណ​គំរូ​ថ្មី រួម​មាន​ពលរដ្ឋ​ចំណាកស្រុក ក្មេង​មិន​ទាន់​គ្រប់​អាយុ ចាស់​ជរា ជន​វិកលចរិត ព្រះសង្ឃ និង​ទណ្ឌិត​ជាដើម។ តាម​ផែន​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១៧។

មេ​ឃុំ​រាយប៉ាយ លោក ហេង ហ៊ាប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ថា សមត្ថកិច្ច​នៅ​ឃុំ​របស់​លោក​កំពុង​មមាញឹក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដោយ​ពួកគេ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ មេសា។

លោក​បន្ត​ថា ខាង​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​នៅ​តាម​វត្តអារាម​នៅ​តាម​ភូមិ​ទាំង​៨ ក្នុង​ឃុំ​រាយប៉ាយ ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​មិន​ទាន់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នាំ​គ្នា​ទៅ​បំពេញ​បែបបទ​កុំបី​ខាន ព្រោះ​ជា​ឱកាស​ល្អ​សម្រាប់​ពួកគាត់៖ «ខ្ញុំ​បាន​ប្រកាស​តាម​មេក្រូ​ផ្សព្វផ្សាយ​ហ្នឹង​ថា សូម​អញ្ជើញ​គាត់​ឱ្យ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ដើម្បី​បញ្ជាក់​ពី​សញ្ជាតិ​ពី​ឯកសារ​ផ្ទាល់​ខ្លួន​របស់​យើង»

​លោក​មេ​ឃុំ​បញ្ជាក់​ថា ចំនួន​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​សេសសល់​ប្រមាណ ១​ពាន់​នាក់ ប៉ុន្តែ​ឆ្លងកាត់​ការ​ធ្វើ​ប៉ុន្មាន​ថ្ងៃ​នេះ អាច​នៅសល់​ប្រមាណ ៥០០​នាក់​ប៉ុណ្ណោះ ហើយ​លោក​សង្ឃឹម​ថា ពលរដ្ឋ​នឹង​នាំ​គ្នា​ទៅ​ធ្វើ​បន្ថែម​ទៀត ពីព្រោះ​ប័ណ្ណសំគាល់ខ្លួន​មាន​សារសំខាន់​សម្រាប់​ពួកគាត់​ក្នុង​ការ​រស់នៅ និង​សិទ្ធិ​នយោបាយ​ជាដើម។

ទោះជា​យ៉ាងណា មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ សាទរ​ចំពោះ​យុទ្ធនាការ​នេះ ប៉ុន្តែ​លោក​យល់​ថា វា​អាច​មាន​ប្រសិទ្ធភាព​តិចតួច​ត្បិត​ពលរដ្ឋ​ទាំង​នោះ​ត្រូវការ​ពេលវេលា​នៅ​ជួបជុំ​ក្រុម​គ្រួសារ​ច្រើន​ជាង។ ជាមួយគ្នា​នោះ ដើម្បី​ឱ្យ​យុទ្ធនាការ​នេះ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ភូមិ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ហើយ​សមត្ថកិច្ច​ត្រូវ​ធ្វើ​ជា​ប្រចាំ និង​បម្រើ​ការងារ​ដោយ​ពេញ​ចិត្ត។ បន្ថែម​ពី​នេះ និយោជក​ត្រូវ​ផ្ដល់​ពេលវេលា​ណា​មួយ​ដល់​បុគ្គលិក ឬ​កម្មករ​ខ្លួន​ក្នុង​ការ​ឈប់សម្រាក​ដើម្បី​ឱ្យ​ពួកគាត់​មាន​ពេល​ទៅ​បំពេញ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន​ទាំង​អស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។