លោកនាយករដ្ឋមន្ត្រីបន្តបញ្ជាអោយអាជ្ញាធរចាត់វិធានការករណីឡានដឹកអង្ករលើសចំណុះ ដែលបំផ្លាញស្ពានអ្នកលឿង។ លើសពីនេះ លោកប្រាប់ទៅក្រុមមន្ត្រីជញ្ជីងឲ្យបើកភ្នែកមើលអ្វីដែលបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ។ ចំណែកសង្គមស៊ីវិល រដ្ឋបាលសាធារណៈ នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងមានបញ្ជា ព្រោះរាល់ការងារតូចធំ បើលោក ហ៊ុន សែន មិនស្រែក មន្ត្រីថ្នាក់ក្រោមហាក់មិនធ្វើការងារបានពេញលេញនោះទេ។
ឆ្លើយតបនឹងបញ្ជារបស់លោក ហ៊ុន សែន មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ឲ្យដឹងថា សមត្ថកិច្ចបានកំណត់មុខសញ្ញារថយន្តដឹកអង្ករលើសចំណុះឡើងស្ពានអ្នកលឿងហើយ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ។ ក្រុមហ៊ុននោះមានម្ចាស់ជាប្រពន្ធរបស់អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងខេត្តមួយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ថា ក្រសួងទុកពេលឲ្យម្ចាស់ក្រុមហ៊ុនចេញមុខមកសារភាព បើមិនដូច្នេះទេនឹងមានដីកាចាប់ខ្លួនម្ចាស់ក្រុមហ៊ុនដឹកជញ្ជូននោះ។ លោកបន្តថា ក្រសួងថែមទាំងបានទំនាក់ទំនងស្វាមីរបស់ម្ចាស់ក្រុមហ៊ុនឲ្យភរិយារបស់ខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់៖ « យើងបានទំនាក់ទំនងគ្រួសារគាត់ឲ្យចូលខ្លួនមកបំភ្លឺ ទោះទៅដល់ទីណា ក៏យើងតាមចាប់ឲ្យទាល់តែបាន»។
សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា កាលពីថ្ងទី២៣ ខែកុម្ភៈ រថយន្តដឹកអង្ករលើសចំណុះទម្ងន់សរុបប្រមាណ ៧០តោន បានបើកឡានឡើងលើស្ពានអ្នកលឿង ប៉ុន្តែពេលកំពុងបើក រថយន្តដាច់កាឡេថយមកក្រោយ និងបណ្ដាលឲ្យរបើកកៅស៊ូនៅលើស្ពាន។
លោក ខៀវ សុភ័គ បញ្ជាក់ថា រថយន្តដឹកលើសចំណុះនោះ មិនបានធ្វើឲ្យខូចខាតស្ពានធ្ងន់ធ្ងរទេ។ លោកថា ឡាននោះមិនឆ្លងកាត់ជញ្ជីងថ្លឹងរបស់សមត្ថកិច្ចទេនៅពេលឆ្លងស្ពាន។
ករណីឡានដឹកអង្ករលើសទម្ងន់ដែលធ្វើឲ្យខូចខាតស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកុម្ភៈ បញ្ជាឲ្យចាប់ឡាននោះឲ្យបាន ទោះទៅដល់ទីណាក៏ដោយ។ លោក ហ៊ុន សែន ថែមទាំងស្ដីបន្ទោសចំៗទៅរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ថា ក្រសួងនេះស្ពឹកស្រពន់៖ «ក្រសួងសាធារណៈស្ពឹកជាងគេ ខ្ញុំដាក់ពិន្ទុពី អេ (A) ប៊ី (B) ស៊ី (C) ឌី (D) អ៊ី (E) អែហ្វ (F) ក្រសួងសាធារណការ ហ្នឹងបានអែហ្វ»។
ឆ្លើយរឿងពីរិះគន់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបង្កើតស្ថានីយថ្លឹងរថយន្តនៅគល់ស្ពានអ្នកលឿង និងបញ្ជាឲ្យមន្ត្រី ១៧នាក់ ចងជាក្រុមការងារតាមដានហ្វេសប៊ុក របស់លោក ហ៊ុន សែន។ ប៉ុន្តែទន្ទឹមគ្នា ក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនរិះគន់សកម្មភាពថ្លឹងរថយន្តនោះថា មានថ្លឹងទាំងរថយន្តតូចផងដែរ។
លោក សន ជ័យ នាយកប្រតិមតិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA ) យល់ថា ដល់ពេលលោក ហ៊ុន សែន ត្រូវកែលំអ ឬវាយតម្លៃទៅលើប្រមុខក្រសួងនីមួយៗពីការផ្ដល់សេវារបស់ខ្លួន។ លោកថា បញ្ជាទាំងនេះជាឧបសគ្គនៃការអភិវឌ្ឍ ដូច្នេះត្រូវមានតួអង្គចេញមុខដោះស្រាយ៖ « គេត្រូវមានយន្តការវាយតម្លៃការងារផ្ទៃក្នុង និងផ្ទៃក្រៅ ឃើញមានការវាយតម្លៃក្រសួងសាធារណការ និងក្រសួងកសិកម្ម ប៉ុន្តែក្រសួងក៏ត្រូវធ្វើចឹងដែរ »។
លោក ហ៊ុន សែន បានផ្ដល់ពិន្ទុទាបបំផុតទៅក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ គឺពិន្ទុកម្រិតអក្សរ F បើធៀបនឹងលទ្ធផលប្រឡងបាក់ឌុប គឺធ្លាក់បាក់ឌុប។ ប៉ុន្តែលោក សន ជ័យ យល់ថា ពិន្ទុទាបបំផុតគួរផ្ដល់ទៅក្រសួងសុខាភិបាល ក្រសួងរ៉ែ និងថាមពល និងក្រសួងធម្មការ និងសាសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
