ប្រជាពលរដ្ឋនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម លើកឡើងថា អាជ្ញាធរបានចាប់ឃាត់ខ្លួនជនម្នាក់ដែលមានសតិមិនប្រក្រតី។ ការចាប់ឃាត់ខ្លួននោះ បន្ទាប់ពីមានបណ្ដឹងរបស់អ្នកជិតខាងចោទថា បុរសនោះបានលួចលុយរបស់គេ ហើយអាជ្ញាធរបានចុះឆែកឆេរផ្ទះរបស់គាត់ ដើម្បីរកលុយដែលប្រជាពលរដ្ឋប្ដឹងនោះ ប៉ុន្តែត្រូវបុរសនោះចាក់នឹងស្ន ហើយក៏ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅអធិការស្រុក។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម អ្នកស្រី ឡិ ថារិន ត្រូវជាប្អូនស្រីរបស់ លោក ឡិ ថារ៉ា ដែលត្រូវបានសមត្ថកិច្ចស្រុកត្បូងឃ្មុំ ចាប់បញ្ជូនទៅអធិការស្រុក កាលពីថ្ងៃទី៣០ ឧសភា។ អ្នកស្រីឱ្យដឹងថា នៅមុនថ្ងៃចាប់ខ្លួនបងប្រុសអ្នកស្រីប៉ុន្មានថ្ងៃ គឺមានប្រជាពលរដ្ឋនៅជិតខាងអ្នកស្រី បានចោទប្រកាន់អ្នកស្រីថា បានលួចប្រាក់របស់គេជាច្រើនលានរៀល ប៉ុន្តែនៅពេលប្រកែកគ្នា និងមានការស្បថស្បែបញ្ជាក់ថា អ្នកស្រីមិនបានយកប្រាក់នោះទេ ក៏បងប្រុសអ្នកស្រីដែលអ្នកស្រីអះអាងថា ជាជនវិកលចរិតជាង ១០ឆ្នាំមកហើយនោះ ប្រាប់ថា បើមិនមានប្រាក់ឱ្យគេទេ ឱ្យយកប្រាក់របស់គាត់ដែលមាន ទៅសងគេទៅ។
អ្នកស្រីបន្ថែមថា ឮដូចនេះ ក៏មានការសង្ស័យបងប្រុសអ្នកស្រី ហើយក្រោយមកក៏មានសមត្ថកិច្ចបានចុះទៅឆែកឆេរផ្ទះរបស់គាត់ ហើយអ្នកស្រីក៏បានប្រាប់ទៅសមត្ថកិច្ចទាំងនោះថា បងប្រុសគាត់ជាមនុស្សមិនសូវគ្រប់ទឹកនោះទេ ប៉ុន្តែប៉ូលិសនៅតែចូល ក៏ត្រូវបានបងប្រុសអ្នកស្រីចាក់នឹងស្នបណ្ដាលឱ្យរបួស៖ «ជាមនុស្សឆ្កួតហ្នឹងអត់ដឹងអីផង មានស្អីៗក៏យកទៅអាន អង្គុយអានម្នាក់ឯង អង្គុយសើចម្នាក់ឯង។ អ៊ីចឹងគេចោទថា! មុនដំបូងគេចោទខ្ញុំនេះ ហៅខ្ញុំទៅស្បថថា ខ្ញុំលួចលុយគេ តែបងប្រុសរបស់ខ្ញុំវាឆ្កួតហ្នឹង វាថាប្អូនអើយយកលុយបងទៅសងគេ តែលុយហ្នឹងសុទ្ធតែដុល្លារខ្មោច»។
ប្រភពដដែលបន្ថែមថា ក្រោយពីសមត្ថកិច្ចចុះឆែកឆេរ គឺមិនឃើញលុយតាមការចោទប្រកាន់នោះឡើយ ប៉ុន្តែឃើញតែលុយដុល្លារខ្មោច និងលុយបងប្រុសអ្នកស្រីមានប្រមាណជា ២០ម៉ឺនរៀល។ អ្នកស្រីបញ្ជាក់ថា ការចាប់ខ្លួនបងប្រុសគាត់ គឺជារឿងមិនត្រឹមត្រូវនោះទេ ពីព្រោះចាប់មនុស្សដែលអ្នកស្រុកអ្នកភូមិដឹងស្ទើរគ្រប់គ្នាថា ពិតជាមានសតិមិនល្អ។
ជំទប់ទីពីរ ឃុំថ្មពេជ្រ លោក ប៊ៀន សឿន មានប្រសាសន៍ថា លោក ឡិ ថារ៉ា នោះពិតជាមនុស្សដែលមិនប្រក្រតីមែន ពីព្រោះកន្លងមកគាត់ក៏ធ្លាប់យកកាំបិតដេញគំរាមប្អូនរបស់គាត់ទៀតផង ហើយការចាប់ខ្លួននេះ លោកយល់ថា វាជារឿងមិនត្រឹមត្រូវនោះឡើយ៖ «ខ្ញុំចង់សំណូមពរឱ្យក្រសួងយុត្តិធម៌ តុលាការអីហ្នឹង មន្ត្រីដែលពាក់ព័ន្ធតាមដានអីហ្នឹង ឱ្យរកយុត្តិធម៌ឱ្យជនរងគ្រោះធ្វើហ្នឹងវាអត់ត្រឹមត្រូវ ឱ្យសើឱ្យគ្នា ខ្ញុំអត់ទទួលយកទេអ៊ីចឹង»។
លោកបន្ថែមទៀតថា ខាងសាច់ញាតិនឹងសហការមកអាជ្ញាធរភូមិឃុំ ដើម្បីប្រមូលស្នាមមេដៃប្រជាពលរដ្ឋ សម្រាប់ដាក់ជូនសមត្ថកិច្ចសុំឱ្យដោះលែងជននោះមកវិញ ពីព្រោះពួកគាត់បារម្ភថា ការចាប់ខ្លួនមនុស្សបាត់បង់សតិម្តងៗយកទៅឃុំនោះ អាចនឹងធ្វើស្ថានភាពរបស់ជននោះកាន់តែពិបាក។
នាយរងប៉ុស្តិ៍រដ្ឋបាល ឃុំថ្មពេជ្រ លោក ស៊ឹម នាង ឱ្យដឹងថា សមត្ថកិច្ចខាងស្រុក រួមនឹងខាងឃុំ បានចុះឆែកឆេរផ្ទះរបស់ លោក ឡិ ថារ៉ា ដោយសង្ស័យថា គាត់បានយកលុយរបស់អ្នកជិតខាង ប៉ុន្តែក្រោយពេលពិនិត្យរួចមិនឃើញលុយនោះឡើយ។ លោកទទួលស្គាល់ថា ជននោះជាជនបាត់បង់សតិម្តងៗមែន ប៉ុន្តែដោយការបង្ករបួសស្នាមទៅលើសមត្ថកិច្ច សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការស្រុកតែម្តង។
ចំណែកមន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកំពង់ចាម លោក នាង សាវ៉ាត យល់ថា ករណីនេះការឃុំខ្លួន ឬមិនឃុំខ្លួននោះ គប្បីមានការធ្វើកោសល្យវិច័យពីពេទ្យជាមុនសិន ប្រសិនបើការធ្វើកោសល្យវិច័យបញ្ជាក់ថា គាត់មិនឆ្កួតទេ ហើយការឆែកឆេរផ្ទះសម្បែងរបស់គាត់ដោយមិនឃើញលុយនោះ តើអាជ្ញាធរនឹងត្រូវធ្វើដូចម្តេច? ប៉ុន្តែប្រសិនណារកឃើញថា ជននោះជាមនុស្សវិកលចរិតមែន នោះការឃុំខ្លួនរបស់អាជ្ញាធរ គឺជារឿងខុសច្បាប់ និងជាការរំលោភសិទ្ធិមនុស្ស ចំណែកឯអ្នកចាប់ខ្លួន ឬអ្នកឃុំខ្លួន គឺជាអ្នកទទួលខុសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
